វិស័យឧស្សាហកម្ម

កំពង់ស្ពឺនៅតែប្រឈមកង្វះកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម ខណៈខេត្តនេះត្រូវការកម្លាំងពលកម្មបន្ថែមជាង៣ម៉ឺននាក់


បញ្ហាកង្វះកម្លាំងសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ស្របពេលដែលខេត្តនេះកំពុងត្រូវការកម្លាំងពលកម្មបន្ថែមជាង៣ម៉ឺននាក់។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ខេត្តនេះកំពុងសាងសង់រោងចក្រថ្មីចំនួន៦ ដែលគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ខាងមុខនេះ។
វិស័យឧស្សាហកម្ម
ដោយ

កំណើនតម្រូវកម្លាំងពលកម្ម និងរោងចក្រថ្មីៗនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តនេះអះអាងថា គឺវាបានបង្ហាញពីសក្តានុពល និងភាពរីកចម្រើននៃឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្តនៅជាប់រាជធានីភ្នំពេញមួយនេះ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា កង្វះកម្លាំងពលកម្មសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម នៅក្នុងខេត្តកំពង់មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ស្របពេលដែលខេត្តនេះបន្តទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។ កត្តានេះបានជំរុញឱ្យថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចាត់ទុកបញ្ហាកង្វះកម្លាំងពលកម្ម គឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់ខេត្តកំពង់ស្ពឺ ក្នុងការទាក់ទាញគម្រោងវិនិយោគ និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រថ្មីចំនួន៦អគារកំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយរោងចក្រទាំងនេះមានតម្រូវការកម្លាំងពលកម្មជាង៣ម៉ឺន៦ពាន់នាក់។

មិនមែនមានតែរោងចក្រថ្មីៗនោះទេដែលប្រឈមនឹងកង្វះកម្លាំងពលកម្ម សូម្បីរោងចក្រចាស់ៗដែលកំពុងដំណើរនៅក្នុងខេត្តនេះ ក៏កំពុងប្រឈមនឹងកង្វះពលកម្មតាមផ្នែកមួយចំនួនផងដែរ។ យ៉ាងណាមិញ​ ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់យុវជនដែលពុំទាន់មានការងារធ្វើ គួរតែសម្លឹងមើលឱកាសការងារដែលមានស្រាប់ក្នុងស្រុក ដើម្បីអភិវឌ្ឃន៍សេដ្ឋកិច្ចគ្រួសារ ដោយពុំចាំបាច់ទៅរកការងារធ្វើនៅក្រៅប្រទេសក៏បានដែរ។ សម្រាប់អភិបាលខេត្តរូបនេះ កំណើនរោងចក្រថ្មីៗ និងតម្រូវការកម្លាំងពលកម្មកំពុងមានការកើនឡើង វាបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ក៏ដូចជាកំណើននៃការនាំចេញរបស់ខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិ។

ទោះបីមានការប្រឈមជាមួយនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងណាក៏ដោយ តែថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ រំពឹងថា ខេត្តនេះនឹងទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មថ្មីបន្ថែមទៀតនាពេលខាងមុខ បន្ទាប់ពីមានអ្នកវិនិយោគបរទេសជាច្រើនតែងតែមកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តជាប់រាជធានីភ្នំពេញមួយនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តកំពង់ស្ពឺ មានរោងចក្រ/សហគ្រាស ចំនួន៣៩៤ និងបានស្រូបទាញកម្លាំងពលកម្មប្រមាណ១៦ម៉ឺននាក់។ តាមរយៈវត្តមានរោងចក្រ/សហគ្រាសទាំងនេះ ត្រូវបានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កត់សម្គាល់ថា វាបានចូលរួមជួយអភិវឌ្ឃន៍សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឱ្យមានភាពល្អប្រសើរយ៉ាងច្រើនផងដែរ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្នវិស័យសំខាន់ចំនួន៣ រួមមាន ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម កំពុងមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជាង២ម៉ឺន៨ពាន់នាក់បន្ថែមទៀត និងបានណែនាំដល់អ្នកដែលចាប់អារម្មណ៍ឱ្យមកចុះឈ្មោះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីទទួលបានការងារធ្វើផងដែរ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យវិនិយោគិនបរទេសរារែកក្នុងការចាក់បញ្ចូលទុនក្នុងវិស័យអចលនទ្រព្យនៅវៀតណាម?

ព័ត៌មាន
សភាពាណិជ្ជកម្មអឺរ៉ុប(EuroCham) ប្រចាំប្រទេសវៀតណាម បានព្រមានថា ការពន្យារពេលក្នុងការផ្តល់បណ្ណកម្មសិទ្ធិដល់ម្ចាស់លំនៅឋានដែលជាជនបរទេស អាចធ្វើ…

តើសេចក្តីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»មានសារសំខាន់យ៉ាងណាចំពោះវិស័យដឹកជញ្ជូននៅកម្ពុជា?

ព័ត៌មាន
បន្ទាប់ពីចំណាយពេលរៀបចំតាក់តែងអស់រយៈពេលជាង១០ឆ្នាំ នៅទីបំផុតសេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»គ្រោងដាក់ឱ្យត្រួតពិនិត្យ និងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ