កម្ពុជារំពឹងប្រហុកខ្មែរអាចហក់ចូលទីផ្សារអន្តរជាតិ

ឧកញ៉ា ហៃ លីអ៊ាង រំពឹងថាប្រហុកខ្មែរអាចហក់ចូលទីផ្សារអន្តរជាតិ


ប្រហុកដែលជាផលិតផលកេរតំណែលរបស់បុព្វបុរសខ្មែរ បានក្លាយជាប្រធានបទក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់ត្នោតមាស «Thnot d’Or» ដែលរៀបចំដោយមូលនិធិគីណាល់។ គោលបំណងនៃការយកប្រហុកធ្វើជាប្រធានបទសមា្រប់ដាក់សិស្សនិស្សិតប្រកួតប្រជែង គឺដើម្បីរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍ប្រហុកខ្មែរ ក៏ដូចជាជួយលើកកម្ពស់ការកែច្នៃប្រហុក។
ឧកញ៉ា ហៃ លីអ៊ាង រំពឹងថាប្រហុកខ្មែរអាចហក់ចូលទីផ្សារអន្តរជាតិ

តាមរយៈរសជាតិ និងជីវជាតិរបស់ប្រហុក ថ្នាក់ដឹកនាំមូលនិធិគីណាល់ជឿជាក់ថា ប្រហុកខ្មែរនឹងអាចក្លាយជាផលិតផល ដែលត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនម្ហូបជាសកលដូចផលិតផលខ្មែរមួយចំនួនទៀតនាពេលអនាគត។ ប៉ុន្តែដើម្បីអាចឲ្យគេប្រើប្រាស់ប្រហុកជាសកល គឺវាទាមទារឲ្យមានការសិក្សា និងកែច្នៃជាមុនសិន។

នាពិធីប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភីក្នុងការប្រកួតពាន់រង្វាន់ត្នោតមាសក្រោមប្រធានបទការកែច្នៃប្រហុកកាលពីពេលថ្មីៗឧកញ៉ា ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េប៉េអឹម រំពឹងថា តាមរយៈការកែច្នៃ ប្រហុកដែលជាផលិតផលកេរតំណែលរបស់បុព្វបុរសខ្មែរ នឹងអាចហក់ចូលទីផ្សារអន្តរជាតិនិងត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនម្ហូបជាសកលដូចផលិតផលខ្មែរផ្សេងទៀត។ ការរំពឹងបែបនេះ ក៏ដោយសារឧកញ៉ា ហៃលីអ៊ាង ជឿជាក់លើរសជាតិ និងជីវជាតិរបស់ប្រហុកខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើទឹកគ្រឿង និងបន្ថែមរសជាតិដល់មុខម្ហូបមួយចំនួនទៀត។ឧកញ៉ា ហៃ លីអ៊ាង អះអាងថាមានតែការកែច្នៃប៉ុណ្ណោះ ដែលអាចជួយឲ្យប្រហុកខ្មែរអាចហក់ចូលទីផ្សារអន្តរជាតិបាន។

ដោយមើលឃើញពីគុណសម្បត្តិ និងគុណតម្លៃរបស់ប្រហុកខ្មែរបែបនេះបានជំរុញឲ្យ លោកឧកញ៉ា ហៃ លីអ៊ាង ជ្រើសរើសយកការកែច្នៃប្រហុកធ្វើជាប្រធានបទសម្រាប់ដាក់សិស្សនិស្សិតប្រកួតប្រជែងដណ្តើមពានរង្វាន់ត្នោតមាសលើកទី៣របស់មូលនិធិគីណាល់ប្រចាំឆ្នាំ២០២៣ ដែលទើបបញ្ចប់កាលពីពេលថ្មីៗ។ ក្រៅពីលើកកម្ពស់និងជំរុញការកែច្នៃដល់សិស្សនិស្សិត ការយកប្រហុកធ្វើជាប្រធានបទសម្រាប់ការប្រកួតប្រជែង ក៏ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ប្រហុក ដែលជាផលិតផលកេរតំណែលតពីដូនតាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា មានតែការសិក្សាស្រាវជ្រាវ និងកែច្នៃប៉ុណ្ណោះ ដែលអាចនាំផលិតផលប្រហុកខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងឲ្យគេប្រើប្រាស់ជាសកលបាន។ ទន្ទឹមនឹងនេះឯកឧត្តមលើកទឹកចិត្តឲ្យមូលនិធិគីណាល់ និងសិស្សនិស្សិតបន្តគាំទ្រ ពង្រឹង និងបង្កើនសមត្ថភាពលើការសិក្សាស្រាវជ្រាវ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់កម្ពុជា ដែលប្រែពីប្រទេសកសិកម្មសម្រាប់សន្តិសុខស្បៀងទៅជាប្រទេសកសិកម្មសម្រាប់ពាណិជ្ជកម្ម។

ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មបានក្លាយជាម្ចាស់ជ័យលាភីប្រចាំពាន់រង្វាន់ត្នោតមានប្រចាំឆ្នាំ២០២៣ ដែលមាននិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៨ ចូលរួមប្រកួតប្រជែង។ ក្រោយទទួលបានជ័យលាភីក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មបានបង្ហាញបំណងចង់ប្រែក្លាយប្រហុកខ្មែរ ឲ្យក្លាយជាផលិតផល ដែលគេនិយមបរិភោគជាសកលដូចនឹងផលិតម៉ាកសម្គាល់ភូមិសាស្ត្ររបស់កម្ពុជាមួយចំនួនផងដែរ៕




អត្ថបទបន្ទាប់


ចំណេញ ១៨% ភ្លាមៗ! ជាមួយនឹងប្លុកថ្មី ទីតាំងថ្មី ប្រម៉ូសិនដ៏អស្ចារ្យពីបុរី មេគង្គ លែន

ព័ត៌មាន
ឱកាសចំណេញសម្រាប់លោកអ្នកដែលកំពុងមានបំណងចង់ទិញផ្ទះ! នៅថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ បុរី មេគង្គ លែន នឹងធ្វើការពពិធី សម្…

អ្នកជំនាញថា បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្ដូរសេដ្ឋកិច្ច និងទីផ្សារការងាររបស់ម៉ាឡេស៊ី

ព័ត៌មាន
អ្នកជំនាញបានអះអាងថា បញ្ហាសិប្បនិម្មិតដែលហៅកាត់ថា AI អាចនឹងនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់សេដ្ឋកិច្ចនិងទីផ្សារការងារនៅក្នុងប្រទេសម៉ាឡេស៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ