រថយន្តអគ្គិសនី

ប្រទេសឥណ្ឌាក្លាយជាទីផ្សារធំរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលសង់រោងចក្រផលិតរថយន្តអគ្គិសនី


ក្រុមហ៊ុនវៀតណាម VinFast កាលពីចុងសប្តាហ៍មុន បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួននៅឥណ្ឌា ដើម្បីសម្រេចមហិច្ឆតាវាយលុកចូលទីផ្សារឥណ្ឌា ដែលជាទីផ្សាររថយន្តធំបំផុតទី៣របស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុននេះ បានបោះទុន២ពាន់លានដុល្លារ សង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាម៉េរិក។
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋតាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូងនៃប្រទេសឥណ្ឌា ដើម្បីបោះទុនវិនិយោគ២ពាន់លានដុល្លារ​សាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ដោយសន្យាបោះទុនដំបូងក្នុងទំហំ៥០០លានដុល្លារ​ក្នុងរយៈពេល៥ឆ្នាំដំបូងនៃគម្រោង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមធ្វើឡើងរវាងភាគីទាំងពីរ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ការសាងសង់រោងចក្រផលិតអគ្គិសនី EV និងអាគុយនៃគម្រោងវិនិយោគដ៏ធំសម្បើមនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមក្នុងឆ្នាំ២០២៤ នេះ ជាមួយការបង្កើតការងារបានចន្លោះពី៣ពាន់ទៅ៣ពាន់៥រយកន្លែង។

បង្កើតឡើងក្នុងឆ្នាំ២០១៧ និងចាប់ផ្ដើមផលិតរថយន្តអគ្គិសនី ចាប់ពីឆ្នាំ២០២១ ក្រុមហ៊ុន VinFast បានប្រកាសផែនការបង្កើនការវាយលុកទីផ្សាររថយន្តអគ្គិសនីយ៉ាងសម្បើមនៅបរទេស។ ក្រុមហ៊ុននេះបានហក់ចូលផ្សារហ៊ុនអាម៉េរិក ណាស្តាក់(Nasdaq) ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានប្រកាសផែនការពង្រីកចូលទីផ្សារឥណ្ឌានៅមួយខែក្រោយមក។

ក្រុមហ៊ុន VinFast បាននិយាយថា គម្រោងវិនិយោគនៅក្នុងរដ្ឋតាមីល ណាឌូ (Tamil Nadu) នេះត្រូវបានរំពឹងថា នឹងវិវឌ្ឍទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) លំដាប់ទី១ នៅក្នុងតំបន់ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់១៥ម៉ឺនគ្រឿង បើធៀបនឹងសមត្ថភាពផលិតប្រចាំឆ្នាំ២៥ម៉ឺនគ្រឿងនៅឯរោងចក្រធំរបស់ខ្លួនក្នុងប្រទេសវៀតណាម។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍រួមនេះ មិនបានបញ្ជាក់ពីសមត្ថភាពផលិតនៅរោងចក្រផលិតអាគុយរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសឥណ្ឌា នោះទេ។

រថយន្តអគ្គិសនីមានចំណែកគ្របដណ្ដប់ត្រឹមតែប្រមាណ២% ប៉ុណ្ណោះ នៃការលក់រថយន្តសរុបក្នុងទីផ្សារប្រទេសឥណ្ឌា កាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលឥណ្ឌា កំពុងកំណត់គោលដៅ៣០% នៅឆ្នាំ២០៣០ ហើយកំពុងដាក់ចេញកម្មវិធីមួយ ដើម្បីទាក់ទាញបណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV)។ ជាមួយគ្នានេះក្រុមហ៊ុន VinFast ក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយរថយន្តទូទាំងប្រទេសឥណ្ឌាផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យផលិតកម្ម និងសេវាកម្ម នឹងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌា មានកំណើនជាង៦% នៅឆ្នាំនេះ

ព័ត៌មាន
អង្គការសហប្រជាជាតិ(UN)បានព្យាករថា សេដ្ឋកិច្ចឥណ្ឌានឹងមានកំណើនក្នុងអត្រាជាង៦% នៅឆ្នាំ២០២៤ នេះ ដែលគាំទ្រដោយសារតម្រូវការក្នុងស្រុក និងកំណើនដ៏…

កម្ពុជាទទួលបានចំណូលជាង១,៧០០លានដុល្លារពីការនាំចេញអង្ករ-ស្រូវនៅឆ្នាំ២០២៣

ព័ត៌មាន
កម្ពុជាទទួលបានចំណូលជាង១ពាន់៧រយលានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅពេញមួយឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាស់បើធៀបនឹងឆ្នាំ២០២២។ បើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ