ទំនាស់ពាណិជ្ជកម្ម

គណៈកម្មការអឺរ៉ុបស្នើ WTO បង្កើតគណៈកម្មការវិនិច្ឆ័យក្នុងសំណុំរឿងទំនាស់ពាណិជ្ជកម្មចិន-អឺរ៉ុប និងជាមួយលីទុយអានី


គណៈកម្មការអឺរ៉ុបនៅថ្ងៃពុធទី០៧ខែធ្នូ បានស្នើទៅអង្គការពាណិជ្ជកម្មពិភពលោក ឬWTO ឱ្យបង្កើតគណៈកម្មការវិនិច្ឆ័យក្នុងសំណុំរឿងទំនាស់ពាណិជ្ជកម្មរវាង អឺរ៉ុបជាមួយចិន និងលីទុយអានីជាមួយចិន។ ការឈានដល់សំណើទៅ WTO ដូចនេះ ធ្វើឡើងដោយសារសហភាពអឺរ៉ុបអះអាងថា ចិនបានបរាជ័យដោះស្រាយទំនាស់ក្នុងក្របខណ្ឌទ្វេភាគី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អឺរ៉ុបទៅមុខមួយជំហានទៀតស្នើ WTOវិនិច្ឆ័យសំណុំរឿងទំនាស់ពាណិជ្ជកម្ម!

គេនៅចាំបានថាទំនាស់ដែលបានរុញមកដល់ WTO ដំបូងកាលពីដើមឆ្នាំនេះ មានជាប់ពាក់ព័ន្ធករណី​ប្រទេសចិនអនុវត្តពាណិជ្ជកម្មមិនស្មើភាព​លើក្រុមហ៊ុនអឺរ៉ុប ដែលបានអះអាងថា ក្រុមហ៊ុនអឺរ៉ុបត្រូវគេ​រឹតត្បិតសិទ្ធិ ពីការប្រើប្រាស់តុលារបរទេស ដើម្បីការពារបណ្ណប៉ាតង់ក្នុងវិស័យបច្ចេកវិទ្យា​កំរិតខ្ពស់។ ដោយឡែក សំណុំរឿងមួយទៀត​ពាក់ព័ន្ធនឹង សមាជិករបស់ EU គឺប្រទេស​លីទុយអានី ដែលមានជម្លោះ​ពាណិជ្ជកម្ម​​ជាមួយ​ចិនដែរ។

នាយកប្រតិបត្តិសហភាពអឺរ៉ុប ដែលទទួលបន្ទុក​លើគោលនយោបាយពាណិជ្ជកម្ម​របស់ប្លុកទាំង២៧ប្រទេស បាននិយាយថា ការអនុវត្តពាណិជ្ជកម្ម ដែលមិនស្មើភាពរបស់ចិន បានធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរកស៊ី​របស់ប្រទេស​នៅអឺរ៉ុប ហើយជម្លោះ​របស់​ប៉េកាំង​ជាមួយ លីទុយអានី បានរំខាន​ដល់ពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់​ក្នុង​សហភាពអឺរ៉ុប។

បើតាមការអះអាង​ពីភាគីអឺរ៉ុប អស់ពេលមួយរយៈមកនេះ ចិនបានបរាជ័យ​ដោះស្រាយជម្លោះ​ទាំងអស់ខាងលើក្នុងក្របខណ្ឌទ្វេភាគី ដែលកាលនោះអឺរ៉ុបបានឈានមួយជំហានដំបូង ស្នើការពិគ្រោះយោបល់ពី WTO ជុំវិញបញ្ហាទាំងនេះ ប៉ុន្តែពុំបានលទ្ធផលជាផ្លែផ្កាណាមួយឡើយ។ ដូច្នេះហើយ ទើបនៅពេលនេះ អឺរ៉ុបសម្រេចដាក់សំណើជា​ផ្លូវការ​សុំឱ្យ WTO បង្កើត​គណៈកម្មការ ដើម្បីវិនិច្ឆ័យជម្លោះតែម្តង។

បើតាមនាយកប្រតិបត្តិគោលនយោបាយ​ពាណិជ្ជកម្មអឺរ៉ុប គេចង់ឱ្យគណៈកម្មការនេះ បង្កើតឡើងនៅដើមឆ្នាំ២០២៣ ដោយ​បាន​កត់​សម្គាល់​ថា កិច្ច​ដំណើរការ​នីតិវិធី​​របស់​ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​នេះ​អាច​ចំណាយ​ពេល​រហូត​ដល់​មួយ​ឆ្នាំ​កន្លះ។

សេចក្តីថ្លែងការណ៍​របស់ក្រសួងពាណិជ្ជកម្ម​ចិន​រៀបរាប់ថា ចិននឹងដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ស្របតាមនីតិវិធីសម្រាប់ដោះស្រាយជម្លោះ ដែលបានចែង​ដោយអង្គការ​ពាណិជ្ជកម្មពិភពលោក។

គួរជម្រាបដែរថា ការឈានទៅសុំការ​វិនិច្ឆ័យពី WTO ដូចនេះ ធ្វើឡើងស្របពេលដែលអឺរ៉ុប​កំពុងបង្កើនការប្រុងប្រយ័ត្នជាងមុន ក្នុងការរកស៊ី​ជាមួយ​ប្រទេសចិន ដោយអឺរ៉ុបមើលឃើញថា បច្ចុប្បន្នប៉េកាំងគឺជាដៃគូរប្រកួតប្រជែង ច្រើនជាងដៃ​គូរសហការ។ ម្យ៉ាងវិញទៀត ការឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន បានធ្វើឱ្យ​អឺរ៉ុបភ្លឺភ្នែក និងបារម្ភថា ការពឹងផ្អែកខ្លាំងទៅលើ​សេដ្ឋកិច្ចចិន គឺជារឿង​មិនល្អឡើយ ដូចករណីដែលខ្លួនពឹងផ្អែក​ខ្លាំង​លើថាមពល​រុស្ស៊ី ដើម្បីបញ្ឆេះចរន្តសេដ្ឋកិច្ចខ្លួនដូច្នោះដែរ។

សូមរំឭកថា ជម្លោះពាណិជ្ជកម្ម​រវាងចិន និងលីទុយអានី កើតឡើងនៅ​ពេលដែល ប្រទេសនៅតំបន់ប៉ាល់ទិចមួយនេះ អនុញ្ញាតឱ្យកោះតៃវ៉ាន់​បើកការិយាល័យតំណាង​នៅក្នុង​ប្រទេសរបស់ខ្លួន ក្រោមឈ្មោះថា «តៃវ៉ាន់» ជំនួសឲ្យការប្រើឈ្មោះថា«កោះតៃវ៉ាន់នៃប្រទេសចិន» ដោយបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដ្បិតអីចិនតែងចាត់ទុកកោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ចិនបានបន្ទាបទំនាក់ទំនងការទូតជាមួយលីទុយអានីតាំងពីចុងឆ្នាំ២០២១រហូតដល់ពេលនេះ ហើយបានដាក់កំរិតលើការនាំចេញទំនិញពីលីទុយអានីមកចិនជាបន្តបន្ទាប់៕




អត្ថបទបន្ទាប់


ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ បញ្ចប់ការសាងសង់គ្រោងអគារទី២ ខណៈបច្ចុប្បន្នគម្រោងសម្រេចបាន៨០%

ព័ត៌មាន
គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដតម្លៃជាង២០០លានដុល្លារ បានបញ្ចប់ការសាងសង់អគារទីពីរជាស្ថាពរហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកការសាងសង់ទាំ…

គណៈកម្មការសហភាពអឺរ៉ុបស្នើបង្កើតកញ្ចប់ទណ្ឌកម្មទី៩ ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី

ព័ត៌មាន
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី ៧ខែធ្នូ បានស្នើសុំការអនុម័តយល់ព្រមពីការបង្កើតកញ្ចប់ទណ្ឌកម្មទី៩ប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញការឈ្លានពានទៅលើប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ