ធនាគារពិភពលោកយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្រីលង្កា

ធនាគារពិភពលោកយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០លានដុល្លារដល់ប្រទេសស្រីលង្កាដែលជំពាក់បំណុលវណ្ឌក


នៅទីបំផុត កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស្រីលង្កាក្នុងការស្វែងរកប្រាក់ មកដោះស្រាយវិបត្តិបំណុលដែលកំពុងវ័ណ្ដករបស់ខ្លួន ចាប់ផ្ដើមសម្រេចបានផលផ្លែផ្កាខ្លះៗហើយ។ តួយ៉ាង ធនាគារពិភពលោកថ្មីៗនេះ បានយល់ព្រមនឹងផ្ដល់ហិរញ្ញវត្ថុ៦០០លានដុល្លារទៅឲ្យស្រីលង្កា ដើម្បីបំពេញតម្រូវការសម្រាប់ការទូទាត់លើការនាំចូលទំនិញសំខាន់ៗ
World Bank approve sri lanka loan

ខណៈដែលប្រទេសនេះ កំពុងខ្វះខាតសាច់ប្រាក់រូបិយវត្ថុបរទេស ដើម្បីនាំចូលទំនិញ ហើយបញ្ហានេះក៏ធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេសស្រីលង្កាផងដែរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់លោកប្រធានាធិបតីប្រទេសស្រីលង្កា ដែលបានចេញផ្សាយថ្មីៗនេះ។

វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ស្រី​លង្កា ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៨ ដែល​បាន​បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ទុនបម្រុង​អន្តរជាតិ​របស់​ខ្លួន ខណៈ​នា​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ទុនបម្រុង​អន្តរជាតិ​នេះ បាន​ធ្លាក់​ចុះ​រហូត​ដល់ ៧០% ដោយ​មាន​ត្រឹមតែ​ជិត ២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ចុងខែ​មីនា​កន្លង​ទៅ​។

ការ​ធ្លាក់​ចុះ​នូវ​ទុនបម្រុង​អន្តរជាតិ​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​ស្រី​លង្កា​ជួប​ការ​លំបាក​ក្នុង​ការ​ចំណាយ​សម្រាប់​សម្ភារៈ​សំខាន់​ៗ រួម​ទាំង​ប្រេងឥន្ធនៈ ថ្នាំពេទ្យ និង​ស្បៀងអាហារ​ជាដើម​។ កត្តា​ទាំង​អស់នេះ បាន​ជំរុញ​ឲ្យ​ស្រី​លង្កា ជួប​នូវ​បញ្ហា​អសន្តិសុខ​សង្គម និង ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។ ប្រទេស​ដី​កោះ​មួយ​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ជំពាក់​បំណុល​បរទេស​ជា​ច្រើន​សន្ធឹក​ស​ន្ទា​ប់​ផង​ដែរ ខណៈ​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នេះ ស្រី​លង្កា​បាន​ព្យាយាម​ស្នើរ​សុំ​កម្ចី​ពី​ក្រៅប្រទេស និង ធនាគា​អន្តជាតិ​ជា​ច្រើន​។ ក៏​ប៉ុន្តែ ធនាគា​អន្តជាតិ​ភាគច្រើន គឺ​មាន​ក្តី​បារម្ភ​ខ្លាច​ប្រទេស​នេះ គ្មាន​លទ្ធភាព​សង​ត្រឡប់​មក​វិញ ចំ​ពេល​ដែល​សេដ្ឋកិច្ច​បាន​ដាំ​ក្បាល​ចុះ​ទៅ​ហើយ​នោះ​។

យ៉ាងណា​ក៏​ដោយ​ចុះ ធនាគារពិភពលោក​នៅ​ចុង​ក្រោយ​នេះ បាន​យល់ព្រម​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន ៦០០​លាន​ដុល្លារ​ឲ្យ​ស្រី​លង្កា ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន ។ ក្នុង​នោះ ធនាគារពិភពលោក​នឹង​បញ្ចេញ​សាច់ប្រាក់​ចំនួន ៤០០​លាន​ដុល្លារ​ទៅ​មុន​ក្នុង​រយៈពេល​ខ្លី ដល់​ប្រទេស​ស្រី​លង្កា​។

យោង​តាម​សេចក្តីថ្លែងការណ៍ ធនាគារពិភពលោក​បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​ជួយ​ប្រទេស​ស្រី​លង្កា ដើម្បី​ជម្នះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន​នេះ​។

កាលពី​ដើមខែ​នេះ ស្រី​លង្កា​ក៏​បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) សម្រាប់​ជំនួយ​ហិរញ្ញវត្ថុ​ផង​ដែរ​។ ក៏​ប៉ុន្តែ​ខាង IMF អះអាង​ថា មុន​នឹង មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ អាច​ផ្តល់​កម្ចី​សម្រាប់​ស្រី​លង្កា​បាន​លុះត្រាតែ ប្រទេស​នេះ​មាន​ហិរញ្ញប្បទាន​បម្រុង​ពី ៣ ទៅ ៤ ពាន់​លាន​ដុល្លារ​សិន ដើម្បី​ធានា​លើ​ការ​បង់​សងបំណុល​ជា​ទៀងទាត់​ទៅ​កាន់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​វិញ​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​ស្រី​លង្កា​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​ច្រើន និង​អង្គការ​ពហុភាគី សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ជា​ស្ពាន ដើម្បី​ឲ្យ​ខ្លួន​ទទួល​បាន​កម្ចី​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា ប្រទេស​ឥណ្ឌា​បាន​ជួយ​ស្រី​លង្កា​ដោយ​ផ្តល់​ហិរញ្ញប្បទាន​ជិត​២​ពាន់​លាន​ដុល្លារ ហើយ​ថ្មី​ៗ​នេះ​ប្រទេស​កោះ​ស្រី​លង្កា​មួយ​នេះ កំពុង​ពិភាក្សា​ជាមួយ​ឥណ្ឌា សម្រាប់​ទឹកប្រាក់​បន្ថែមចំនួន ១​ពាន់​៥ រយ​លាន​ដុល្លារ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការ​នាំ​ចូលរួម​ទាំង​ប្រេងឥន្ធនៈ​ផង​ដែរ​។

ប្រទេស​ស្រី​លង្កា​ក៏​កំពុង​ចរចា​ជាមួយ​ចិន អំពី​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​បន្ថែមចំនួន​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​ទៀត ហើយ​ថ្មី​នេះ​រដ្ឋាភិបាល​ស្រី​លង្កា​ក៏​បាន​អះអាង​ដែរ​ថា ខ្លួន​ក៏​កំពុង​ចរចា​ជាមួយ​ប្រទេស​ចិន​ឲ្យ​មានការ​បន្ធូរបន្ថយ​បំណុល​ដែល​ខ្លួន​ជំពាក់​ចិន​ផង​ដែរ តាម​រយៈ​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ​។

គួរ​ជម្រាប​ថា បើ​តាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រី​លង្កា Ali Sabry បាន​និយាយ​ថា ប្រទេស​ស្រី​លង្កា ក៏​នឹង​ស្វែងរក​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ផង​ដែរ​។ ខណៈ​នា​ពេល​បច្ចុប្បន្ន ប្រទេស​នេះ​បាន​ប្រកាស​ផ្អាក​លើ​ការ​សងបំណុល​បរទេស​មួយ​ចំនួន​របស់​ខ្លួន​កាលពី​ដើមខែ​នេះ នៃ​បំណុល​បរទេស​សរុប​ដែល​ខ្លួន​កំពុង​មាន​ជាង ៥០​ពាន់​លាន​ដុល្លារ​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន




អត្ថបទបន្ទាប់


លោកពូទីនចេញមុខដោយផ្ទាល់ព្រមានសងសឹកលឿនបំផុត លើលោកខាងលិចលូកដៃរឿងអ៊ុយក្រែន

ព័ត៌មាន
យើងមិនទាន់ចាកចេញទៅឆ្ងាយពីរឿងរ៉ាវរុស្ស៊ី និង អ៊ុយក្រែនទេ !! ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានពីការសងសឹកយ៉ាងឆាប់រហ័ស …

សម្តេច ហ៊ុន សែន នឹងដំឡើងប្រាក់ខែជូនមន្ត្រីរាជការនៅឆ្នាំក្រោយ បើគ្មានការរំខានខ្លាំងពីកូវីដ១៩

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការដំឡើងប្រាក់ប្រៀរវត្សរ៍ជូនមន្ត្រីរាជការបន្ទាប់ពីខកខានដំឡើងអស់រយៈពេលព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ