គោលនយោបាយរូបិយវត្ថុ

មូលនិធិ IMF ប្រាប់ឱ្យស្រីលង្កាបង្កើនគោលនយោបាយរូបិយវត្ថុ និងបង្កើនពន្ធ ដើម្បីដោះស្រាយវិបត្តិបំណុលវ័ណ្ដក


មន្ត្រីជាន់ខ្ពស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសស្រីលង្កាត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដំឡើងពន្ធ និងអនុម័តអត្រាប្តូរប្រាក់ដែលអាចបត់បែនបាន ដើម្បីដោះស្រាយវិបត្តិបំណុលវ័ណ្ដករបស់ខ្លួន។ បច្ចុប្បន្ន ប្រទេសស្រីលង្កា ក៏បានចាប់ផ្តើមចរចាជាមួយប្រទេសចិនអំពីការរៀបចំរចនាសម្ព័ន្ធបំណុលខ្លួនឡើងវិញផងដែរ ក្នុងពេលដែលទីក្រុងកូឡុំបូកំពុងប្រឹងប្រែង ដោះស្រាយវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
IMF sri lanka

ប្រទេស​ស្រី​លង្កា​ដែល​មាន​ចំនួន​ប្រជាជន​សរុប ២២ លាន​នាក់​បាន​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​មូលនិធិ IMF ខណៈ​ដែល​ខ្លួន​កំពុង​ពិបាក​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​ដោយសារ​មាន​វិបត្តិ​បំណុល​និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ទុនបម្រុង​រូបិយ​បណ្ណ​បរទេស​ដែល​ធ្វើ​ឱ្យ​មាន​អតិផរណា​កើនឡើង​ខ្លាំង​។

អ្នកស្រី អា​នី ម៉ា​រៀ ហ្គ​ល វូ​ស (Anne-Marie Gulde-Wolf) នាយិកា​ស្តីទី​នៃ​នាយកដ្ឋាន​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​អង្គការ​មូលនិធិ IMF បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​អន​ឡាញ​ថា ពួក​គេ​មានការ​ពិភាក្សា​តាម​បច្ចេកទេស​ប្រកបដោយ​ផ្លែផ្កា​យ៉ាង​ល្អ ស្តី​ពី​ការ​រៀបចំ​សម្រាប់​ការ​ចរចា​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ស្រី​លង្កា​កាលពី​ចុង​ស​ប្តា​ហ៍​មកនេះ​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រី​លង្កា លោក អា​លី សា​ព្រី (Ali Sabry) បាន​ស្ថិត​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក​កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ពិភាក្សា​ជាមួយ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF) ធនាគារពិភពលោក ប្រទេស​ឥណ្ឌា និង​ប្រទេស​ដទៃ​ទៀត​អំពី​ជំនួយ​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​ស្រី​លង្កា​ដែល​បាន​ផ្អាក​ការ​សង​លើ​ផ្នែក​ខ្លះ នៃ​បំណុល​ក្រៅប្រទេស​របស់​ខ្លួន​សរុប ៥១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អ្នកស្រី ហ្គ​ល​វូ​ស បាន​និយាយ​ថា "​តម្រូវការ​សម្រាប់​ការ​ផ្តល់​ប្រាក់​កម្ចី​នឹង​មាន​ភាព​រីក​ចម្រើន​ឆ្ពោះទៅ​រក​និរន្តរភាព​បំណុល​" ប៉ុន្តែ​អ្នកស្រី​បាន​អំពាវនាវ​ដល់​ប្រទេស​ស្រី​លង្កា​សុំ​ឱ្យ​បង្កើត​វិធានការ​បង្កើន​ប្រាក់​ចំណូល​ពន្ធ ដើម្បី​ដោះស្រាយ​តម្រូវការ​ចំណាយ​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​នេះ​។

នាយិកា​ស្តីទី​នៃ​នាយកដ្ឋាន​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​អង្គការ​មូលនិធិ IMF បន្ត​ថា​គោលនយោបាយ​រូបិយ​វត្ថុ​ត្រូវ​តែ​រឹត​បន្តឹង ដើម្បី​បន្ត​រក្សា​ការ​ត្រួតពិនិត្យ​អតិផរណា ហើយ​ពួក​គេ​ចាំបាច់​ក៏​ត្រូវ​តែ​បង្កើត​អត្រា​ប្តូរ​ប្រាក់​ប្រែប្រួល​តាម​ហាងឆេង​ប្ដូរ​ប្រាក់​ផង​ដែរ​។

ក្រៅពី​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​មូលនិធិ IMF ហើយ​នោះ ពេល​នេះ​ប្រទេស​ស្រី​លង្កា​ក៏​បាន​ចាប់ផ្តើម​ចរចា​ជាមួយ​ប្រទេស​ចិន​អំពី​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ ស្រប​ពេល​ដែល​ទីក្រុង​កូ​ឡុំ​បូ​កំពុង​ប្រឹងប្រែង​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។

លោក Nalaka Godahewa រដ្ឋមន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ស្រី​លង្កា​បាន​និយាយ​នៅ​ថ្ងៃ​ទី​២៦​មេ​សា​ថា ប្រទេស​ចិន​បាន​ស្នើ​ទៅ​កាន់​ទីក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា​ថា ខ្លួន​ចង់ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ​សម្រាប់​ស្រី​លង្កា​។ ឥឡូវនេះ ចាប់តាំងពី​មូលនិធិ IMF ធនាគារពិភពលោក និង​ស្ថាប័ន​ផ្សេង​ទៀត​មាន​បំណង​ចង់​ជួយ​ស្រី​លង្កា​ដោះស្រាយ​វិបត្តិ​បំណុល​វ័ណ្ដ​ក​នោះ ក៏​មាន​ប្រទេស​ផ្សេង​ទៀត​ចង់​គាំទ្រ​ស្រី​លង្កា​ផង​ដែរ​ជា​ពិសេស​ប្រទេស​ចិន​តែ​ម្ដង ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ស្រី​លង្កា​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង គឺ​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​នៅឡើយ​ទេ​។

ប្រទេស​ចិន គឺជា​ប្រទេស​ម្ចាស់បំណុល ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ដ៏​ធំ​ជាង​គ​បំផុត​របស់​ស្រី​លង្កា ដោយ​បំណុល​ដែល​ប្រទេស​នេះ ជំពាក់​ចិន​មាន​ចំនួន ៣​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​រំលឹក​ថា កន្លង​មក​ប្រធានាធិបតី​ស្រី​លង្កា Gotabaya Rajapaksa បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ចិន​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ការ​សងបំណុល​ឡើង​វិញ នៅ​ពេល​ដែល​លោក​បាន​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi កាលពី​ខែមករា​។

សេដ្ឋកិច្ច​ប្រទេស​ស្រី​លង្កា បាន​ជួប​រង​ទុក្ខ​បំផុត នៅ​ពេល​ដែល​មេរោគ​រា​ត្បា​ត​កូ​វី​ដ​១៩​បាន​ចូលលុក​លុយ ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ បាន​កាត់​បន្ថយពន្ធ​ជា​ច្រើន ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ខ្វះខាត​ទុនបម្រុង​អន្តរជាតិ ជំរុញ​ឲ្យ​ខ្វះខាត​សាច់ប្រាក់​ដើម្បី​នាំ​ចូល​នូវ​ផលិតផល​សំខាន់​ៗ​ដូច​ជា​ប្រេងឥន្ធនៈ ស្បៀងអាហារ និង​ថ្នាំពេទ្យ​ជាដើម ហើយ​បញ្ហា​ទាំងនេះ កន្លង​មក​ក៏​បាន​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​ការ​តវ៉ា​ហិង្សា​នៅ​តាម​ដងផ្លូវ​ប្រឆាំង​រដ្ឋាភិបាល និង​ទាមទារ​ឲ្យ​ប្រធានាធិបតី​ប្រទេស​នេះ ចុះ​ចេញពី​តំណែង​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីពិចារណាអញ្ចើញអ៊ុយក្រែនចូលរួមកិច្ចប្រជុំកំពូល G20 ជាមួយលោកពូទីន

ព័ត៌មាន
សហរដ្ឋអាមេរិកត្រូវបានគេដឹងថាស្ថិតនៅក្នុងចំណោមប្រទេសដែលបានដាក់សម្ពាធឥណ្ឌូនេស៊ីឱ្យដាក់បញ្ចូលអ៊ុយក្រែនជាភ្ញៀវក្នុងកិច្ចប្រជុំកំពូលរបស់ប្រទេសសេ…

កូរ៉េខាងជើងបង្ហាញប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីបថ្មីក្នុងក្បួនព្យុហយាត្រាយោធា និងប្ដេជ្ញាថានឹងបង្កើនអាវុធនុយក្លេអ៊ែរឲ្យកាន់តែច្រើន

ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅពេលកំពុងត្រួតពិនិត្យក្បួនដង្ហែ ព្យុហយាត្រាយោធាដ៏ធំមួយ ដោយបានបង្ហាញប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ