ព្រលានយន្ដហោះតារាសាគរ

អ្នកជំនាញរំពឹងថា តម្លៃអចលនទ្រព្យ និងការអភិវឌ្ឍនៅខេត្តកោះកុងនឹងកើនឡើង ក្រោយព្រលានយន្ដហោះតារាសាគរបើកដំណើរការ


បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១នៅខេត្តកោះកុង នឹងបើកឲ្យហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់ពីបានពន្យារពេលជាបន្តបន្ទាប់។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍ជឿជាក់ថា តំបន់តារាសាគរនឹងផ្លាស់ប្តូរការអភិវឌ្ឍន៍ ក្រោយព្រលានយន្តហោះតម្លៃប្រមាណ ២០០លានដុល្លារនេះ ត្រូវបានដាក់ឲ្យដំណើរដូចការគ្រោងទុក។ ជាពិសេសវានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះ ដែលបានធ្លាក់ចុះក្នុងអំឡុងវិបត្តិកូវីដ-១៩ មានសន្ទុះងើបឡើងវិញជាបណ្តើរៗផងដែរ។
អ្នកជំនាញរំពឹងថា តម្លៃអចលនទ្រព្យ និងការអភិវឌ្ឍនៅខេត្តកោះកុងនឹងកើនឡើង ក្រោយព្រលានយន្ដហោះតារាសាគរបើកដំណើរការ
ដោយ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានគូសបញ្ជាក់កាលពីពេលកន្លងមកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១នៅខេត្តកោះកុង នឹងមិនមានការពន្យារពេលក្នុងការដាក់ឲ្យដំណើរការទៀតនោះទេ ពោលគឺព្រលានយន្តហោះនេះនឹងបើកឲ្យហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ ការអះអាងបែបនេះ ធ្វើឡើងក្រោយព្រលានយន្តហោះនេះត្រូវបានពន្យារក្នុងការបើកឲ្យហោះហើរសាកល្បងជាបន្តបន្ទាប់ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គួបផ្សំក្រុមហ៊ុនអភិវឌ្ឍន៍ជួបបញ្ហាលំហូរសាច់ប្រាក់។ ទោះយ៉ាងណា គម្រោងបើកឲ្យហោះហើរសាកល្បងនេះនៅមិនទាន់ប្រាកដប្រជា ១០០%នោះទេ។

យ៉ាងណាក៏ដោយចុះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជាជឿជាក់ថា ប្រសិនបើព្រលានយន្តហោះនេះពិតជាបើកដំណើរការដូចការគ្រោងទុកមែននេះ វានឹងជួយឲ្យធ្វើឲ្យតំបន់តារាសាគរកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិក្នុងការសម្លឹងឱកាសវិនិយោគនៅតំបន់នោះ។ ជាពិសេស វានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យ និងការអភិវឌ្ឍនៅតំបន់នោះមានការកើនឡើងបន្ថែមទៀត។ ការជឿជាក់បែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះ មើលឃើញពីថា ការបើកឲ្យហោះហើរសាកល្បងនេះ វានឹងជួយជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនបរទេសទៅកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅតំបន់នោះឲ្យមានការកើនឡើង។

ទន្ទឹមនឹងមើលឃើញពីការជំរុញកំណើនអភិវឌ្ឍរបស់គម្រោងព្រលានយន្ដហោះតារាសាគរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានបង្ហាញពីក្ដីកង្វល់មួយចំនួនជុំវិញការអភិវឌ្ឍហេដ្ឋារចនានៅក្នុងខេត្តកោះកុង ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឲ្យទៅកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅទីនោះ។

ជុំវិញគម្រោងបើកដំណើរព្រលានយន្តហោះអន្តរជាតិតារាសាគរដំណាក់កាលទី១នេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងបើកព្រលានយន្តហោះតារាសាគរឲ្យហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំនេះទំនងជាអាចមានការពន្យារពេលបន្ថែមទៀត។ ប៉ុន្ដែ ឯកឧត្តមមិនបានផ្តល់ហេតុផលលម្អិតជុំវិញបញ្ហានេះនោះទេ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍បន្តចំនួន១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។ តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញកៅស៊ូនៅត្រីមាសដំបូងឆ្នាំនេះកើនខ្ពស់ ប៉ុន្ដែតម្លៃនៅមិនទាន់មានស្ថិរភាពល្អនៅឡើយ

ព័ត៌មាន
នៅរយៈពេល ៣ខែដំបូង ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ១៦៨លានដុល្លារ មានការ…

កម្ពុជានឹងមានផែចំណតកុងតឺន័រថ្មីមួយទៀត តម្លៃជាង ៣០លានដុល្លារនៅពាក់កណ្ដាលឆ្នាំ២០២៤

ព័ត៌មាន
ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ន និងអនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ន បាននិងកំពុងធ្វើការស្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ