មេដែកស្រូបទាញទេសចរអន្ដរជាតិ

អ្នកជំនាញថា ការលើកលែងការធ្វើតេស្តរកកូវីដ១៩លើអ្នកដំណើរអន្តរជាតិ ជាមេដែកស្រូបទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ រួចមកវិស័យទេសចរណ៍កម្ពុជា ហាក់មានភាពល្អប្រសើរជាបន្តបន្ទាប់ ខណៈកាលពីខែកុម្ភៈកន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសមកកម្សាន្តជាង៤ម៉ឺននាក់។
ក្រសួងទេសចរណ៍ នៅតែសង្ឃឹមគោលដៅភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ នៅឆ្នាំនេះ ទោះបីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏ដោយ (រូបភាព៖ ក្រសួងទេសចរណ៍)
ដោយ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជឿជាក់ថា ចរន្តភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជានឹងមានកំណើនល្អប្រសើរបន្ថែមទៀត បន្ទាប់ពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលទើបតែលើកលែងការធ្វើតេស្តរកមេរោគកូវីដ-១៩សម្រាប់អ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំនាញទេសចរណ៍វិញវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកភាពល្អប្រសើរដូចពេលមិនទាន់មានការឆ្លងរាតត្បាតជំងឺកូវីដ-១៩វិញ ក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខនេះ។ 

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាមានស្ថានភាពល្អប្រសើរជាបណ្តើរៗតាំងពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងវិធានការកូវីដ-១៩ជាបន្តបន្ទាប់ រហូតឈានដល់លើកលែងការធ្វើតេស្តសម្រាប់អ្នកដំណើរចូលមកកម្ពុជាជាដើម។ ទោះយ៉ាងណា ឯកឧត្តម អះអាងថា ទោះបីកម្ពុជាមានការបន្ធូរបន្ថយ និងលើកលែងវិធានការកូវីដ-១៩ តែភ្ញៀវទេសចរបរទេសចូលមកកម្ពុជាពុំមានកំណើនគួរឲ្យកត់សម្គាល់នោះទេ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅមានភ្ញៀវទេសចរបរទេសជាង៤ម៉ឺននាក់បានធ្វើដំណើរចូលមកកម្សាន្តនៅកម្ពុជា ប៉ុន្ដែឯកឧត្តមរំពឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាទើបតែលើកលែងការធ្វើតេស្តសម្រាប់អ្នកដំណើរបរទេសនេះ វាជួយជំរុញកំណើនភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។

ពាក់ព័ន្ធបញ្ហានេះដែរលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានចាត់ទុកការលុបចោលការធ្វើតេស្តសម្រាប់អ្នកដំណើរចូលមកកម្ពុជា វាជាក្តីសង្ឃឹមមួយបន្ថែមទៀតសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ព្រោះថាយន្តការនេះជាមេដែកមួយក្នុងការជួយស្រូបទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ប៉ុន្តែសម្រាប់ ធួន ស៊ីណាន បើទោះកម្ពុជាមានយន្តការល្អប្រសើរជាងប្រទេសក្នុងតំបន់អាស៊ានក៏ដោយ តែកម្ពុជានឹងមិនទទួលបានជោគជ័យតាមផែនការឡើយ បើប្រទេសក្នុងតំបន់អាស៊ានមិនឯកភាពគ្នា និងមានគោលនយោបាយរួមពាក់ព័ន្ធវិធានការកូវីដ-១៩។ 

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាកត់សម្គាល់ឃើញថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈចរន្តភ្ញៀវទេសចរក្របខណ្ឌក្នុងស្រុកក៏មានស្ថានភាពល្អប្រសើរឡើងវិញដែរ បន្ទាប់ពីបានធ្លាក់ចុះ មួយរយៈក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងមានសន្ទុះកើនឡើង។ អ្នកជំនាញរូបនេះអះអាងថា វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជានោះទេ ហើយអ្នកជំនាញរូបនេះវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញ ក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខនេះ។

គួររំលឹកថា ក្រោយពិភពលោករួមទាំងកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩វាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរសកល រួមទាំងកម្ពុជា។ វិបត្តិកូវីដ-១៩ នេះ បានធ្វើឲ្យអាជីវកម្មជាច្រើនត្រូវបង្ខំចិត្តផ្អាកការរកស៊ីបណ្តោះអាសន្ន និងខ្លះបិទទ្វារជាអចិន្ត្រៃយ៍ ដែលធ្វើឲ្យបុគ្គលិក និងកម្មករក្នុងវិស័យនេះត្រូវបាត់បង់ការធ្វើ។ ប៉ុន្តែបច្ចុប្បន្នវិស័យទេសចរណ៍នៅកម្ពុជាហាក់មានភាពល្អប្រសើរឡើងវិញ ពិសេសទេសចរណ៍ក្របខណ្ឌផ្ទៃក្នុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២២ ប្រទេសក្រីក្របំផុត នឹងត្រូវសងបំណុលចិនសរុប ១៤ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
បណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោកនឹងត្រូវបង់សងប្រាក់បំណុលឱ្យប្រទេសចិនក្នុងចំនួនសរុបជិត ១៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ។ នេះបើ…

វៀតណាមនាំចេញស្វាយកើនដល់៦០ម៉ឺនតោននៅឆ្នាំ២០២១ កើនជិតពាក់កណ្ដាល

ព័ត៌មាន
វៀតណាមបាននាំចេញផ្លែស្វាយជាង ៦០ម៉ឺនតោន ដែលមានតម្លៃ ៣១០ លានដុល្លារអាមេរិក ទៅកាន់ប្រទេស និងដែនដីចំនួន ៥៣ កាលពីឆ្នាំ២០២១។ បរិមាណស្វាយនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ