ឥទ្ធិពលពាណិជ្ជកម្ម

តើជម្លោះនៅសមុទ្រក្រហមដែលកំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?


ការវាយប្រហារកប៉ាល់ទឹកទំនិញឆ្លងកាត់សមុទ្រក្រហមពីសំណាក់ក្រុមសកម្មប្រយុទ្ធហ៊ួធី កំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញពីតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ាមកកាន់តំបន់អាស៊ី និងអាស៊ាន។ ជាក់ស្តែងការធ្វើពាណិជ្ជកម្មរបស់ថៃ ដែលមានតម្លៃប្រមាណ៣៨ពាន់លានដុល្លារកំពុងរងការគំរាមកំហែងពីវិបត្តិនៅសមុទ្រក្រហម។
ឥទ្ធិពលពាណិជ្ជកម្ម
ដោយ

តើបញ្ហានេះបានធ្វើជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនទំនិញរបស់កម្ពុជាដែរឬទេ? ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាយល់ឃើញថា បញ្ហានេះអាចនឹងធ្វើឱ្យតម្លៃដឹក ជញ្ជូនសកលរួមទាំងកម្ពុជា មានការកើនឡើង។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា មិនទាន់ប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ ពោលគឺនៅតែរងឥទ្ធិពលពីវិបត្តិសកលដែលបានកើតឡើងនាពេលកន្លងមក និងបញ្ហាថ្មីៗ រួមទាំងជម្លោះនៅសមុទ្រក្រហម។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះយល់ឃើញថា សមុទ្រក្រហម គឺជាច្រកដឹកជញ្ជូនទំនិញសំខាន់ៗរបស់ពិភពលោក រួមទាំងប្រេងឥន្ធនៈផងដែរ ដូច្នេះនៅពេលនៅក្នុងតំបន់នេះមានជម្លោះ ចង់ ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់ចរន្តដឹកជញ្ជូនទំនិញជាសកល។

សម្រាប់ឧកញ៉ា ស៊ិន ចន្ធី បញ្ហានេះ ក៏អាចជះឥទ្ធិពលខ្លះដែរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់ រួមទាំងកម្ពុជា ពោលគឺអាចនឹងធ្វើឲ្យថ្លៃដើម នៃការដឹកជញ្ជូនមានការកើនឡើង ស្របពេលដែលប្រទេសថៃ ជាប្រទេសក្បែរខាងកម្ពុជា កំពុងតែជួបប្រឈមនឹងបញ្ហានេះ។ បើតាមប្រធានសមាគមដឹកជញ្ជូនរូបនេះ បន្ទាប់ពីក្រុមហ៊ុនហ៊ួធី ព្រមានវាយប្រហារកប៉ាល់ទឹកទាំងដែលឆ្លងកាត់សមុទ្រក្រហម វាបានបង្ខំឲ្យកប៉ាល់ដឹកទំនិញ ដែលធ្លាប់ប្រើប្រាស់ផ្លូវនេះត្រូវបង្វែរផ្លូវដឹកជញ្ជូនថ្មី ដែលមានរយៈឆ្ងាយ និងប្រើពេលវេលាយូរ។ បញ្ហានេះចង់ ឬមិនចង់វានឹងជំរុញឱ្យតម្លៃដឹកជញ្ជូនជាសកលមានការកើនឡើង ហើយទំនិញមួយចំនួនក៏អាចមានការកើនឡើងទៅតាមនឹងដែរ។

ដោយឡែក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក នាពេលបច្ចុប្បន្ននៅតែមានភាពមិនច្បាស់លាស់ ហើយបញ្ហានេះនៅតែបន្តជះឥទ្ធិពលដល់វិស័យដទៃ រួមទាំងវិស័យដឹកជញ្ជូនផងដែរ។ សម្រាប់លោក ជា ចាន់ដារ៉ា បញ្ហាជម្លោះនៅសមុទ្រក្រហម ដែលទើបកើតឡើងថ្មីៗនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានតិចតួចប៉ុណ្ណោះមកលើវិស័យដឹកជញ្ចូនរបស់កម្ពុជា ព្រោះតែទីផ្សាររបស់ប្រទេសកម្ពុជា មិនមានតម្រូវការដឹកជញ្ជូនទំនិញដោយផ្ទាល់នៅតំបន់សមុទ្រក្រហមនោះទេ។ បើតាមអ្នកជំនាញរូបនេះ ដ្បិតស្ថានភាពវិស័យដឹកជញ្ជូនពិភពលោក រួមទាំងកម្ពុជាបន្តរងសម្ពាធពីឥទ្ធិពលវិបត្តិសាកលនានា ប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថានៅឆ្នាំ២០២៤ វិស័យដឹកជញ្ជូននឹងប្រសើរជាងឆ្នាំ២០២៣។ ការអះអាងបែបនេះ ក៏ដោយសារលោក ជា ចាន់ដារ៉ា មើលឃើញថា ស្ថានភាពក្នុងវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា ដូចជាវិស័យវិនិយោគ ពាណិជ្ជកម្ម រួមទាំងទេសចរណ៍ជាដើម ហាក់ចាប់ផ្ដើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិស័យទាំងនេះបានរងគ្រោះខ្លាំងដោយសារវិបត្តិសកលបន្តបន្ទាប់ នាពេលកន្លងមក។

សូមបញ្ជាក់ថា បច្ចុប្បន្ន តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅទៅប៉ែកអឺរ៉ុប មានតម្លៃចាប់ពី ១ពាន់ដុល្លារ ទៅ១ពាន់៥រយដុល្លារ ក្នុងមួយទូរកុងតឺន័រ ខណៈតម្លៃដឹកជញ្ជូនតាមផ្លូវទឹកត្រឡប់ពីប៉ែកអឺរ៉ុប មកគោលដៅកម្ពុជាវិញ មានតម្លៃចាប់ពី២ពាន់ដុល្លារទៅ២ពាន់៥រយដុល្លារ។ នេះបើតាមការបញ្ជាក់របស់ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា។ ដោយឡែកកាលនៅអំឡុងវិបត្តិកូវីដ-១៩ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅនៅប៉ែកអឺរ៉ុប មានតម្លៃរហូត១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ដាក់ទិសដៅប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ទិសដៅអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់នាពេល…

ពាណិជ្ជកម្មរបស់ថៃ តម្លៃប្រមាណ៣៨ពាន់លានដុល្លារ កំពុងរងគំរាមកំហែងដោយសារជម្លោះនៅសមុទ្រក្រហម

ព័ត៌មាន
ពាណិជ្ជកម្មរវាងថៃនិងមជ្ឈិមបូព៌ា ក៏ដូចជាជាមួយនឹងសហភាពអឺរ៉ុប ដែលមានតម្លៃសរុបប្រមាណជា៣៨ពាន់លានដុល្លារ កំពុងរងការរំខាន និងគំរាមកំហែងដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ