កម្មការិនីមានផ្ទៃពោះចាប់ពីពេលពពោះដល់កូនអាយុ២ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម

រាជរដ្ឋាភិបាល ប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីដែលមានផ្ទៃពោះ ចាប់ពីពេលពរពោះ រហូតដល់កូនអាយុ២ឆ្នាំ


សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីមានផ្ទៃពោះបម្រើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយទទួលបានប្រាក់ឧបត្ថម្ភចាប់ពីពេលពពោះ រហូតដល់កូនអាយុ២ឆ្នាំ បន្ថែមពីលើប្រាក់ឧបត្ថម្ភ ដែលធ្លាប់បានអនុវត្តផ្ដល់ជូននាពេលកន្លងមក រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលផងដែរ។ អ្នកតំណាងកម្មករកម្មការិនីអះអាងថា ការផ្ដល់ជូននេះ គឺជារឿងល្អណាស់ ហើយប្រសិនការផ្តល់គោលនយោបាយគាំពារបន្ថែម ចំពោះស្រ្តីមានផ្ទៃពោះទាំងអស់ ដែលប្រកបការងារនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀត រឹតតែប្រសើរ។
កម្មការិនីមានផ្ទៃពោះចាប់ពីពេលពពោះដល់កូនអាយុ២ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម

ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្តល់គោលនយោបាយគាំពារបន្ថែម ចំពោះកម្មការិនីដែលមានផ្ទៃពោះ ទាំងអស់ដែលបម្រើការងារនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពោលគឺផ្ដល់ជូនប្រាក់ឧត្ថម្ភចាប់ពីពេលចាប់ផ្តើមមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ។ បើតាម សម្តេចតេជោ បច្ចុប្បន្នកម្មការិនី ដែលមានបណ្ណ ប.ស.ស នៅពេលទៅពិនិត្យសុខភាពគឺមិនគិតលុយនោះទេ ប៉ុន្តែនៅក្រោយពេលប្រកាសអនុវត្តគោលនយោបាយគាំពារបន្ថែមនេះ កម្មការិនីដែលទៅពិនិត្យផ្ទៃពោះមិនត្រឹមតែមិនអស់លុយនោះទេ ថែមទាំងទទួលបានលុយត្រឡប់មកវិញថែមទៀតផង។ គោលនយោបាយគាំពារបន្ថែមនេះ នឹងផ្ដល់ជូន៣ដំណាក់កាលគឺ ទី១.នៅពេលទៅពិនិត្យសុខភាពមុនពេលសម្រាលចំនួន៤ដង ដោយទទួលបានថវិកាត្រឡប់មកវិញ១ដង ចំនួន៤ម៉ឺនរៀល, ទី២.នៅអំឡុងពេលសម្រាលស្រ្តីទទួលបានថវិកា ២០ម៉ឺនរៀល, និងទី៣.នៅក្រោយពេលសម្រាលរួច រហូតដល់កូនអាយុ២ឆ្នាំ ត្រូវពិនិត្យសុខភាពចំនួន១០ដង ដោយក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល ខណៈសម្ដេច ក៏កំពុងពិនិត្យនឹងផ្ដល់ថវិកាបន្ថែមឲ្យបានច្រើនជាងនេះទៀតផងដែរ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលមានកម្មវិធីមួយកំពុងអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អំពីក្របខណ្ឌគោលនយោបាយចំពោះកម្មការិនីមានផ្ទៃពោះ ដោយមកទល់ពេលនេះ មានស្រ្ដីចំនួនជិត៥សែនគ្រួសារទទួលបានការគាំពារក្រោមគោលនយោបាយនេះ ដោយបានប្រើថវិកាអស់ចំនួន ១រយ៥ពាន់លានរៀលរួចមកហើយ។ ទន្ទឹមនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើទោះបីរាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍បន្ថែមលើគោលនយោបាយគាំពារសង្គមដល់កម្មការិនីមានផ្ទៃពោះនេះទៀត ក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាដួលរលំនោះទេ ប៉ុន្ដែផ្ទុយទៅវិញវាបានផ្ដល់ឱកាសសម្រាប់កម្មការិនីមានសុខភាពល្អជាងមុន។ បើតាមសម្ដេច ក្នុងចំណោមកម្មការិនីសរុបប្រមាណជាង១លាន២សែននាក់ កម្មការិនីដែលមានផ្ទៃពោះ អាចមានប្រមាណ១០ភាគរយតែប៉ុណ្ណោះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ការផ្តល់ជូនគោលនយោបាយគាំពារបន្ថែមដល់កម្មការិនីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំនេះគឺជារឿងល្អហើយ ក៏ប៉ុន្តែប្រសិនជាមានការផ្តល់នូវគោលនយោបាយគាំពារបន្ថែមនេះជូនទៅដល់អ្នកប្រកបការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ថែមទៀតនោះ គឺកាន់តែល្អថែមទៀត ហើយរឿងនេះក្រសួងពាក់ព័ន្ធគួរតែត្រូវគិតគូផងដែរ។ បើតាមប្រធានសហភាពការងារកម្ពុជាររូបនេះ បច្ចុប្បន្នមានកម្មការិនីបម្រើការងារនៅក្នុងរោងចក្រកាត់ដេរប្រមាណ ៣%ទៅ៥% ដែលកំពុងមានផ្ទៃពោះ និងទទួលបានការថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល និងទទួលបានការឈប់សម្រាក់រយៈពេល៣ខែដោយទទួលបានប្រាក់បៀវត្សន៍។

សូមបញ្ជាក់ថា បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចំពោះថវិការដែលធ្លាប់បានផ្ដល់ជូននាពេលកន្លងមកនៅពេលកម្មការិនីសម្រាលកូន ដោយទទួលបានថវិការក្នុងកូនម្នាក់ចំនួន ១រយដុល្លារ រួមទាំងថវិកាឧបត្ថម្ភផ្សេងៗរបស់សម្ដេច គឺនៅរក្សាផ្តល់ជូនដដែល។ ហើយគោលនយោបាយគាំពារបន្ថែមនេះ សម្តេចអះអាងថា ក៏បានអនុវត្តរួចហើយដែរ សម្រាប់អ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិករមួយចំនួន៕




អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិក ចូ បៃដិន បង្ហើបថា ទំនាក់ទំនងរវាងអាមេរិក និងចិន អាចនឹងល្អប្រសើរឡើងនៅក្នុងពេលឆាប់ៗនេះ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គួ…

តើគោលនយោបាយឧស្សាហកម្មរបស់កម្ពុជាដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ផ្ដោតលើកត្តាអ្វីខ្លះ?

ព័ត៌មាន
គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងគោលបំណងដើម្បីជំរុញការទាក់ទាញវិនិយោគិនបរទេសឲ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ