អគារនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលប្រើយន្តការជាកញ្ចប់ដោះស្រាយអគារជាង៣០០នៅខេត្តព្រះសីហនុ


អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា រហូតមកដល់ពេលនេះ បញ្ហាអាគារជាប់គាំងក្នុងខេត្តព្រះសីហនុ នៅតែជាបញ្ហាប្រឈម បើទោះបីកន្លងមករដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ បានធ្វើការយ៉ាងមមាញឹកក្នុងការដោះស្រាយបញ្ហានេះក៏ដោយ។ ជាក់ស្ដែង គណៈកម្មការអន្តរក្រសួងកាលពីពេលថ្មីៗ បានជួបប្រជុំគ្នា ដើម្បីជំរុញការអនុវត្ត«វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគ ដែលជាប់គាំងក្នុងខេត្តមួយនេះ។
1
ដោយ

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ អាគារដែលបន្តជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នៅសល់ប្រមាណ៣៧០អាគារ ហើយរដ្ឋបាលខេត្ត កំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយលើបញ្ហានេះ។ អភិបាលរងខេត្តព្រះសីហនុរូបនេះបន្តថា បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងក្នុងការកំណត់អត្តសញ្ញាណកម្មលម្អិតលើគម្រោងអគារ ដែលជាប់គាំងទាំងនោះរួចមក រដ្ឋាបាលខេត្តព្រះសីហនុ បានបន្តកំណត់ ក៏ដូចជាការបែងចែកតំបន់ ដើម្បីបង្កភាពងាយស្រួលសម្រាប់វិនិយោគិនថ្មីៗ ដែលមានបំណងវិនិយោគលើគម្រោង ដែលជាប់គាំងទាំងនោះ។

បើតាមឯកឧត្តម ឡុង ឌីម៉ង់ កាលពីពេលថ្មីៗ មានគណៈប្រតិភូចិនមួយក្រុមបានចុះមកសិក្សាស្វែងយល់ជុំវិញបញ្ហាអាគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរង់ចាំការឆ្លើយតបពីភាគីចិន ដើម្បីលើកជាសំណើរជូនរដ្ឋាភិបាលកម្ពុជា និងដំណោះស្រាយណាមួយសម្រាប់ក្រុមវិនិយោគិន ដោយថ្នាក់ដឹកនាំរូបនេះបង្ហាញក្ដីរំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានក្នុងពេលឆាប់ៗខាងមុខ​។

ជុំវិញស្ថានភាពវិស័យសំណង់នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ត្រូវបានអភិបាលរងខេត្តរូបនេះ កត់សម្គាល់ឃើញថា ហាក់បានបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិប​ត្តិសាកលនានា ក៏ប៉ុន្តែកើនក្នុងកម្រិតតិចតួចនៅឡើយ។ បើទោះជាបែបនេះក្ដី ឯកឧត្តម ឡុង ឌីម៉ង់ នៅតែបង្ហាញពីសញ្ញាណវិជ្ជមានសម្រាប់វិស័យសំណង់ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ បន្ទាប់ពីសកម្មភាពមួយចំនួនក្នុងវិស័យនេះ ចាប់ផ្ដើមដំណើរការឡើងវិញ។ ម្យ៉ាងវិញទៀត ឯកឧត្តមកត់សម្គាល់ទៀតថា វិនិយោគិនបរទេសមួយចំនួនក៏បានបង្ហាញការចាប់អារម្មណ៍លើគម្រោងវិនិយោគនានារបស់ខេត្តព្រះសីហនុ ជាពិសេសតាមរយៈការអញ្ជើញទៅបំពេញទស្សនកិច្ច និងការអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង នៃប្រទេសចិន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះ។ សម្រាប់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ការអញ្ជើញទៅបំពេញទស្សនកិច្ចទាំងពីរលើករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនត្រឹមតែជួយឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនប៉ុណ្ណោះទេ ហើយសម្រាប់ខេត្តព្រះសីហនុផ្ទាល់ក៏នឹងអាចទទួលបានឱកាសវិនិយោគបន្ថែមផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ គណៈកម្មការអន្តរក្រសួងបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្វែងរកវិធីសាស្រ្តសម្រាប់ដោះស្រាយ និងជំរុញការអនុវត្ត«វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។ កន្លងមកគណៈកម្មការអន្តរក្រសួងបានកំណត់គោលនយោបាយ និងយន្តការដោះស្រាយ ក៏ដូចជាផែនទីតម្រង់ទិសនៃកញ្ចប់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលរួចហើយ ដោយមានការដោះស្រាយដោយការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធទៅដល់ម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេ អឹម ខេ ដាក់ឲ្យប្រើប្រាស់ កាតឥណពន្ធ UnionPay ដែលបានបំពាក់មុខងារសុវត្ថិភាព ជាមួយភាពងាយស្រួល

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានចាប់ដៃគូ…

អ្នកជំនាញព្យាករថា វិស័យអចលនទ្រព្យកម្ពុជា នឹងអាចងើបពីសន្លប់នៅឆ្នាំ២០២៤ ខាងមុខ

ព័ត៌មាន
គម្រោងវិនិយោគរបស់ចិន លើគម្រោងផ្លូវដែក និងព្រលានយន្តហោះនៅកម្ពុជា ព្រមទាំងការចាក់បញ្ចូលថវិកាប្រមាណ១០០ពាន់ដុល្លារ លើគម្រោងខ្សែក្រវាត់ និងផ្លូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ