ទីផ្សារប្រើប្រាស់រថយន្តថ្មី

កំណើន និងការប្រកួតប្រជែងខ្ពស់របស់រថយន្តថ្មីនៅកម្ពុជា កំពុងទាញទម្លាក់ការនាំចូលរថយន្តជជុះ


អ្នកជំនាញលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាប្រើប្រាស់រថយន្តថ្មីឱ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នទីផ្សារប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាកំពុងមានការប្រកួតប្រជែងខ្ពស់ ដែលនឹងរុញច្រានឱ្យទីផ្សារនាំចូលរថយន្តជជុះមកកម្ពុជានឹងត្រូវកាត់បន្ថយច្រើននៅពេលខាងមុខ។ តើមានកត្តាសំខាន់ៗអ្វីខ្លះនាំឱ្យការប្រើប្រាស់រថយន្តថ្មីមានសម្ទុះគាំទ្រច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ?
ទីផ្សារប្រើប្រាស់រថយន្តថ្មី
ដោយ

នាសន្និសីទសារព័ត៌មានស្តីអំពីការបើកបរសាកល្បងរថយន្ត Kia នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ លោក សោភាន់ ចែត្រា នាយកហិរញ្ញវត្ថុក្រុមហ៊ុន Kia Cambodia កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ទុះនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា គឺមានការកើនឡើងគួរឱ្យកត់សម្កាល់ ពោលគឺនៅឆ្នាំ២០២៣កន្លងទៅ ការប្រើប្រាស់រថយន្តថ្មីកើនឡើងជាង២ម៉ឺនគ្រឿង។ កំណើនប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺបន្ទាប់ពីរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃរថយន្តថ្មីបច្ចុប្បន្នហាក់មិនសូវខុសគ្នាប៉ុន្មាននោះទេធៀបនឹងតម្លៃរថយន្តជជុះ។ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តថ្មី គឺមានការធានានូវសុវត្ថិភាពនៃការប្រើប្រាស់ និងមិនចំណាយច្រើនលើការជុសជុលជាដើម។ ទន្ទឹមនេះ ការបើកឱកាសជាច្រើនក្នុងការទទួលបានកម្ចីពីធនាគារសម្រាប់ទិញរថយន្តថ្មី ក៏ជាកត្តាជំរុញឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានកំណើនផងដែរ។

តាមរយៈកំណើននេះបានធ្វើឱ្យអ្នកជំនាញរូបនេះមានសុទិដ្ឋិនិយម និងជឿជាក់ថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងមានទំនោរកើនឡើងកាន់តែខ្ពស់ថែមទៀតនាពេលខាងមុខ ដែលវានឹងជំរុញឱ្យការនាំចូលរថយន្តជជុះពីខាងក្រៅមកកម្ពុជានឹងត្រូវបានកាត់បន្ថយ។ តែយ៉ាងណាលោក សោភាន់ ចែត្រា អះអាងថា កម្ពុជាមិនអាចកាត់ផ្តាច់ការនាំចូលរថយន្តជជុះទាំងស្រុងបាននោះទេ ដ្បិតថា កម្រិតជីវភាពរបស់ប្រជាពលរដ្ឋម្នាក់ៗខុសៗគ្នា ដែលធ្វើឱ្យពលរដ្ឋមួយចំនួននៅតែជ្រើសរើសការប្រើប្រាស់រថយន្តជជុះ។

សូមជម្រាបថា តាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជាជារួមក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២ ក្នុងនោះការលក់រថយន្តថ្មីធ្លាក់ចុះ១០% ហើយការលក់រថយន្តជជុះធ្លាក់ចុះ៣០%។ ខណៈបច្ចុប្បន្នការនាំចូលរថយន្តថ្មីបានរួមចំណែកដល់ជាង៤០% នៃទំហំនាំចូលរថយន្តសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសនៅក្នុងកម្មវិធីពានរង្វាន់ទូរគមនាគមន៍អាស៊ីឆ្នាំ 2024

ព័ត៌មាន
កាលពីថ្មីៗកន្លងទៅនេះ ក្នុងពិធីប្រគល់ពានរង្វាន់ទូរគមនាគមន៍អាស៊ីឆ្នាំ 2024 ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Marina Bay Sands ក្នុ…

កម្ពុជាទទួលបានថវិកាជិត១២ពាន់លានដុល្លារពីការនាំចេញទំនិញនៅ៦ខែកន្លងមកនេះ

ព័ត៌មាន
កម្ពុជាទទួលបានចំណូលជិត១២ពាន់លានដុល្លារពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ នៅ៦ខែកន្លងមកនេះ កើនឡើងប្រមាណ១ពាន់៦រយលានដុល្លារ បើធៀបនឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ