បញ្ហានាំចេញអង្ករឥណ្ឌា

ក្រុមហ៊ុននាំចេញអង្ករឥណ្ឌាបញ្ឈប់កិច្ចព្រមព្រៀងនាំចេញថ្មីៗ ក្រោយជួបបញ្ហាខ្វះរថភ្លើងដឹកជញ្ជូន


ជិតមួយភាគបីនៃការនាំចេញអង្កររបស់ប្រទេសឥណ្ឌានៅក្នុងខែមករានេះ ត្រូវជាប់គាំងដោយសារតែកង្វះខាតរថភ្លើងដឹកជញ្ជូន ហើយពាណិជ្ជករភាគច្រើនបានបញ្ឈប់ការចុះហត្ថលេខាលើកិច្ចសន្យានាំចេញថ្មីៗនៅក្នុងខែកុម្ភៈខាងមុខ ដើម្បីជៀសវាងការខាតបង់ប្រាក់ ក្នុងករណីមានការពន្យារពេលដឹកជញ្ជូនទំនិញ រយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
កង្វះរថភ្លើងដឹកជញជូន ធ្វើឱ្យការនាំចេញអង្ករឥណ្ឌាចួបបញ្ហា

ឈ្មួញ​នាំ​ចេញ​អង្ករ​ឥណ្ឌា​បាន​អះអាង​ថា ការ​នាំ​ចេញ​អង្ករ​ជាង ៥០​ម៉ឺន​តោន ដែល​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​ឥណ្ឌា​បាន​ជាប់​គាំង​ដោយសារ​តែ​កង្វះខាត​រថភ្លើង​ដឹក​ជញ្ជូន ខណៈ​ដែល​ឥណ្ឌា​មាន​គោលដៅ​នាំ​ចេញ​អង្ករ ១​លាន​៥​សែន​តោន​នៅ​ក្នុង​ខែមករា​នេះ​។

ក្រុមហ៊ុន សាត់​យ៉ា​ម បា​ឡា​ជី (Satyam Balajee) ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​បំផុត​របស់​ប្រទេស​ឥណ្ឌា បានឱ្យ​ដឹង​ថា ការ​ពន្យា​ពេល​នៃ​ការ​នាំ​ចេញ​របស់​ឥណ្ឌា​កំពុង​ធ្វើ​ឱ្យ​អ្នក​នាំ​ចេញ​កាន់តែ​មានការ​ពិបាក ដោយសារ​ថ្លៃ​ដឹក​តាម​កប៉ាល់​បាន​កើនឡើង​ដល់ ៣​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​នាំ​ចេញ​មួយ​ចំនួន​ត្រូវ​បង់ប្រាក់​ប្រើប្រាស់​កុងតឺន័រ​ឱ្យ​អ្នក​ដឹក​ជញ្ជូន ក្នុង​ករណី​មានការ​ពន្យា​ពេល​ក្នុង​ការ​ផ្ទុកទំនិញ​លើស​រយៈពេល​កំណត់​រហូត​ដល់ ៥០​ម៉ឺន​ដុល្លារ​។

ពាណិជ្ជករ​បាន​ចាប់ផ្តើម​ស្រង់​តម្លៃ​ខ្ពស់​ចុង​ក្រោយ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​រ៉ាប់រង​ការ​គិតថ្លៃ​បន្ថែម​ក្នុងអំឡុងពេល​មានការ​ពន្យារពេល​ណាមួយ ខណៈ​ការ​នាំ​ចេញ​អង្ករ​ប្រភេទ​អង្ករ​បាក់​៥%​របស់​ឥណ្ឌា​បាន​កើនឡើង​ដល់ ៣៨០ ដុល្លារ​ក្នុង​មួយ​តោន ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ចុង​ក្រោយ​នេះ​។

អ្នក​នាំ​ចេញ​ឥណ្ឌា​បាន​ស្នើ​ទៅ​កាន់​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ខ្លួន​ឲ្យ​ជួយ​បង្កើន​សមត្ថភាព​ទូរ​រថភ្លើង​សម្រាប់​ការ​ដឹក​ជញ្ជូន​អង្ករ​ដែរ ប៉ុន្ដែ ខាង​ក្រសួង​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​នៅឡើយ​ទេ​។

ទោះ​យ៉ាងណា ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​អង្ករ​ពី​ប្រទេស​ឥណ្ឌា​ដែល​ជា​អ្នក​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​របស់​ពិភពលោក ក៏​បាន​បើកផ្លូវ​ឱ្យ​អ្នក​ផ្គត់ផ្គង់​ដែល​ជា​គូប្រជែង​ដូច​ជា ថៃ មី​យ៉ា​ន់​ម៉ា និង វៀតណាម រួម​ទាំង​កម្ពុជា បង្កើន​ការ​លក់​ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ខ្ពស់​ជាង​ពេល​មុន​ៗ​ផង​ដែរ​។

តួយ៉ាង ការ​នាំ​ចេញ​អង្ករ​ប្រភេទ​អង្ករ​បាក់​៥% របស់​ថៃ កាលពី​ស​ប្ដា​ហ៍​មុន​បាន​កើនឡើង​ដល់​តម្លៃ​ខ្ពស់​បំផុត​គិត​តាំងពី​ពាក់កណ្ដាល​ខែកក្កដា​មក ដោយ​តម្លៃ​អង្ករ​មួយ​តោន​កើនឡើង​ដល់​ប្រមាណ​៤០៥​ដុល្លារ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចិនបន្ដរារាំងការនាំចូលទំនិញកសិកម្មពីអាមេរិកបន្ដទៀតទេក្នុងឆ្នាំ ២០២២នេះ?

ព័ត៌មាន
របាយការណ៍ពីស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Fitch Solutions បានឱ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រ…

ជម្លោះសមុទ្រចិនខាងត្បូង៖ ចិនថានឹងមិនប្រើអំណាចធ្វើបាបប្រទេសជិតខាងដែលទន់ខ្សោយជាងខ្លួននោះទេ

ព័ត៌មាន
ប្រទេសចិន បានអះអាងថា ទាក់ទងនឹងរឿងជម្លោះសមុទ្រចិនខាងត្បូងនេះ ខ្លួននឹងមិនប្រើអំណាច ដើម្បីធ្វើបាប គៀបសង្កត់ទៅលើប្រទេសជិតខាងដែលទន់ខ្សោយជាងខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ