វិស័យស្រូវ អង្ករ

ឥណ្ឌូណេស៊ីក្លាយជាប្រទេសនាំចូលអង្ករថៃច្រើនជាងគេបំផុតនៅជិតពេញមួយឆ្នាំ២០២៣នេះ


ការនាំចេញអង្កររបស់ថៃ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ានមួយនេះ ប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបង្កឡើងដោយបាតុភូត អែលនីណូ និងដូវវស្សាចូលមកដល់យឺត។ ឆ្នាំទៅមិញ ឥណ្ឌូនេស៊ីទិញអង្ករពីថៃ ត្រឹមតែ ជាង ៤២ លានដុល្លារទេ ប៉ុន្តែត្រឹមរយៈពេល១០ខែដំបូងនៅឆ្នាំនេះ គឺឡើងដល់ ជាង ៥២៣ លានដុល្លារឯណោះ។ នេះបើយើងតាមសារព័ត៌មានថៃ។
វិស័យស្រូវ អង្ករ
ដោយ

លោក ណាភិនថន ស្រ៊ីសានប៉ាង (Naphinthorn Srisanpang) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃអង្គារថា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់តំបន់ដាំដុះ ស្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅកោះជ្វា និងផ្នែកខ្លះនៃកោះស៊ូម៉ាត្រាខាងត្បូង។

លោកបន្ថែមថា កសិករនៅតំបន់ខ្ពង់រាបត្រូវបង្ខំចិត្តដាំដំណាំ ដែលប្រើប្រាស់ទឹកតិចដូចជាពោតជំនួសវិញ ដែលនេះហើយជាហេតុនាំឲ្យឥណ្ឌូនេស៊ីសម្រុកទិញអង្ករពីប្រទេសនានា។

លោក ណាភិនថន បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីអ្នកទិញ អង្កររបស់ប្រទេសថៃ កាលពីឆ្នាំមុន ដោយបានបញ្ជាទិញអង្ករចំនួន ត្រឹមតែប្រមាណជា ចំនួន ៩២ ពាន់តោន ដែលមានតម្លៃជាង ៤២ លានដុល្លារអាម៉េរិកប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលត្រឹម ១០ ខែដំបូងនៃឆ្នាំនេះ បរិមាណអង្ករ ដែលឥណ្ឌូនេស៊ីបានទិញពីថៃ បានកើនឡើងយ៉ាងខ្លាំងដល់ ជាង ១ លានតោន ដែលមានតម្លៃ រហូតដល់ ជិត ៥២៣ លានដុល្លារ។

លោកបានបញ្ជាក់ថា “ឥណ្ឌូណេស៊ីឥឡូវជាទីផ្សារអង្ករលេខ ១ របស់ថៃ ហើយ អង្ករភាគច្រើនដែលនាំចូលទៅប្រទេសឥណ្ឌូនេស៊ី គឺជាអង្ករស” ។

ការនាំចេញអង្កររបស់ប្រទេសថៃ ចាប់ពីខែមករា ដល់ខែតុលាកន្លងទៅថ្មីៗនេះ មានចំនួនសរុបជិត ៧ លាន តោន ដែលមានតម្លៃ ជិត ៤ ពាន់លានដុល្លារកើនឡើង ១១,៤ ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំទៅ ។

មកដល់ពេលនេះគេដឹងថា ប្រទេសដែលទិញអង្ករពីថៃច្រើនជាងគេទាំង៥ គឺ មានប្រទេសឥណ្ឌូណេស៊ី អាម៉េរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន។

លោក ណាភិនថន បានថ្លែងថា តម្រូវការអង្ករទំនងជាកើនឡើងថែមទៀត ដោយសារគ្រោះរាំងស្ងួត និងផលប៉ះពាល់របស់ បាតុភូតអែលនីណូ លើផលិតកម្មស្រូវ ហើយនឹងអាចបណ្តាលមកពីកង្វល់អំពីសន្តិសុខស្បៀង។

តាមការព្យាកររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះ ថៃរំពឹងថា នឹងនាំចេញអង្ករប្រមាណជា ៨ លានតោន​៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាគថា អត្រានៃការត្រួតត្រាការនាំចេញរបស់ចិននៅតែរឹងមាំ មិនមែនចុះខ្សោយឡើយ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅស្ថាប័ន S&P Global Market Intelligence បានអះអាងថា កំណើនសេដ្ឋកិច្ចចិន កំពុងដើរមិនស្រួល ប៉ុន្តែអត្រានៃការត្រួ…

លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅប្រទេសស្តេចប្រេងធំៗពីរ ដើម្បីពិភាក្សាពីសង្រ្គាមនៅហ្គាហ្សា

ព័ត៌មាន
វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរដ៏កម្រមួយទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃពុធនេះ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ