តំបន់មជ្ឈិមបូព៌ា

លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅប្រទេសស្តេចប្រេងធំៗពីរ ដើម្បីពិភាក្សាពីសង្រ្គាមនៅហ្គាហ្សា


វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរដ៏កម្រមួយទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាប្រេង និងកិច្ចការអន្តរជាតិ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ បន្ទាប់ពីទស្សនកិច្ចនៅប្រទេសទាំងពីរនេះ លោក ពូទីន នឹងជួបមេដឹកនាំអ៊ីរ៉ង់ នៅទីក្រុងម៉ូស្គូ នៅមួយថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូចគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តំបន់មជ្ឈិមបូព៌ា
ដោយ

បុរសខ្លាំងរុស្ស៊ី លោក ពូទីន ដែលធ្វើដំណើរមិនហួសពីប្រទេសចិន អ៊ីរ៉ង់ និងអតីតរដ្ឋសហភាពសូវៀតចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន នឹងទៅទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចំនួនមួយថ្ងៃ ពោលគឺនៅថ្ងៃពុធ សប្តាហ៍នេះ។

នេះបើតាមលោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង​ បានប្រាប់សន្និសីទកាសែត កាលពីថ្ងៃអង្គារ។ ដំណើរទស្សនកិច្ចភ្លាមៗនេះ ធ្វើឡើងចំពេលដែលអ៊ុយក្រែន ព្យាយាមអំពាវនាវរកជំនួយបន្ថែមពីលោកខាងលិច សម្រាប់ប្រយុទ្ធទប់ទល់នឹងរុស្ស៊ីនៅលើសមរភូមិ ខណៈជំនួយពីសហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់​។ ហើយវាក៏កើតឡើងជួនចំពេលដែលសង្គ្រាមនៅហ្គាហ្សាកំពុងបន្តឡើងវិញរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ។

បើតាមលោក ពេស្កូវ សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រនេះលោក ពូទីន នឹងពិភាក្សាគ្នាអំពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយក៏អាចមានសកម្មភាពរួមគ្នាក្នុងការសម្របសម្រួលផលិតកម្មប្រេងពិភពលោក ដើម្បីធានាស្ថិរភាពតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ដោយឡែក លោកYuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ក្នុងស្រុករុស្ស៊ីថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាដំណើរវិវត្តិនៃសង្គ្រាមនេះ ក៏នឹងស្ថិតក្នុងរបៀបវារៈជំនួបថ្ងៃពុធនេះដែរ។

គេក៏បានដាក់ការសង្ស័យដែរថា តាមរយៈដំណើរទៅកាន់ប្រទេសនៅមជ្ឈឹមបូព៌ាទាំងពីរនេះ លោក ពូទីន អាចនឹងទាញយកការគាំទ្រខាងភូមិសាស្ត្រនយោបាយ ដោយលោកធ្លាប់បានប្រដូចសង្គ្រាមនៅអ៊ុយក្រែន និងការតស៊ូរបស់ប៉ាឡេស្ទីន គឺជាការប្រឆាំងនឹងអាណានិគមរបស់ក្រុមប្រទេសលោកខាងលិច។ កាលពីខែមុន លោក ពូទីន បានហៅជម្លោះនៅហ្គាហ្សា គឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃបរាជ័យគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកនៅមជ្ឈិមបូព៌ា។

ទោះជាយ៉ាងណាក៏ដោយ បើតាមលោក Yuri Ushakov នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ពូទីន នឹងចុះចតជាលើកដំបូងនៅអេមីរ៉ាតអារ៉ាប់រួម មុនពេលបន្តដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman។ គួរជម្រាបថា បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក លោក ពូទីន កម្របានធ្វើដំណើរទៅក្រៅប្រទេសណាស់ ដោយសារតែតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា ជុំវិញការជម្លៀសកុមារអ៊ុយក្រែនដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី។

ដំណើរក្រៅប្រទេសលើកចុងក្រោយរបស់លោក គឺមិនលើសពីប្រទេសដែលជាអតីតរដ្ឋសហភាពសូវៀត និងប្រទេសចិនក្នុងខែតុលា កន្លងទៅនោះទេ។ លោក ពូទីន ក៏បានបដិសេធមិនចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូល BRICS នៅប្រទេសអាហ្រ្វិកខាងត្បូង ក្នុងខែសីហា កន្លងទៅដែរ ក៏ព្រោះតែប្រទេសនេះជាសមាជិករបស់ ICC និងមានកាតព្វកិច្ចចាប់ខ្លួនលោក ខណៈអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមមិនមែនជាសមាជិកនៃតុលាការអន្តរជាតិមួយនេះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូណេស៊ីក្លាយជាប្រទេសនាំចូលអង្ករថៃច្រើនជាងគេបំផុតនៅជិតពេញមួយឆ្នាំ២០២៣នេះ

ព័ត៌មាន
ការនាំចេញអង្កររបស់ថៃ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ានមួយនេ…

អាម៉េរិករិះគន់សេដ្ឋវិទូ ក្រោយព្យាករបំផ្លើសពីអត្រាឥតការងារធ្វើនៅអាម៉េរិក

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋវិទូមួយចំនួនគួរតែលេបពាក្យសម្តីរបស់ខ្លួនវិញ ក្រោយព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ