បំណុលប្រទេសនៅអាស៊ីនិងទូទាំងសកលលោក

បញ្ហាអតិផរណា រុញឲ្យកម្រិតបំណុលក្នុងប្រទេសទីផ្សារកំពុងរីកចម្រើននៅអាស៊ី និងទូទាំងសកលលោកកើនខ្ពស់មិនធ្លាប់មាន


ការចំណាយសារពើពន្ធកាន់តែច្រើន ដើម្បីយកមកទូទាត់ប៉ះប៉ូវ ផលប៉ះពាល់នៃបញ្ហាអតិផរណាជាសកល នឹងធ្វើឱ្យកម្រិតបំណុលកើនឡើងខ្លាំង នៅក្នុងប្រទេសនៃតំបន់អាស៊ី ពិសេសប្រទេសដែលកំពុងមានទីផ្សាររីកចម្រើន។ កាលពីត្រីមាសទី២ឆ្នាំនេះ បំណុលរដ្ឋ និងឯកជននៅក្នុងតំបន់អាស៊ី បានកើនឡើងជាលើកដំបូងនៅអំឡុង៤ត្រីមាសចុងក្រោយ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត នៅពេញមួយឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិចេញផ្សាយកាលពីថ្ងៃទី១៤កញ្ញា និងត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មានជប៉ុន Nikkei។
បំណុលប្រទេសនៅអាស៊ីនិងទូទាំងសកលលោកកើនខ្ពស់!

បើតាមរបាយការណ៍ដដែលនេះ បំណុលនៅក្នុងប្រទេសកំពុងមានទីផ្សាររីកចម្រើនទាំងអស់ក្នុងតំបន់មានចំនួនសរុបជាង ២៥២%នៃផលិតផលក្នុងស្រុកសរុប កើនឡើងពី២៥០% កាលពីឆ្នាំមុន។ ជាក់ស្តែងបំណុលរដ្ឋសរុបរបស់ប្រទេសសិង្ហបុរី បានកើនឡើងដល់ជាង ១៧៦% នៃផលិតផលក្នុងស្រុកសរុប កើនឡើងពីជាង ១៤៧%។ ចំណែកចិន ដែលជាសេដ្ឋកិច្ចធំទី២របស់ពិភពលោក និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អាស៊ីនោះ ក៏មានកំរិតបំណុលរដ្ឋកើនឡើងផងដែរ ពោលគឺបានកើនពីប្រមាណ ៧០% មកដល់ជាង ៧៦% នៃផលិតផលក្នុងស្រុកសរុប។

ដោយឡែកក្រៅពីបំណុលរដ្ឋ បំណុលឯកជននៅក្នុងបណ្តាប្រទេសទីផ្សារកំពុងរីកចម្រើនផ្សេងទៀតនៅអាស៊ីក៏កើនឡើងដូចគ្នាដែរ។ នៅប្រទេសវៀតណាម បំណុលសាជីវកម្មបានកើនឡើងពី ១០០% ដល់ជិត១០៨%នៃផលិតផលក្នុងស្រុកសរុប។ ចំណែកបំណុលក្នុងគ្រួសារនៅទីក្រុងហុងកុង បានកើនឡើងពីជាង៩២% ដល់ ៩៤% ។

សរុបនៅទូទាំងពិភពលោកវិញ ទាំងបំណុលសាធារណៈរបស់រដ្ឋ និងឯកជនបានកើនឡើងដល់ ជិត៣៥០% នៃGDPសរុបសកលលោក គិតក្នុងខែមេសាដល់ខែមិថុនា ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេលប្រាំត្រីមាសចុងក្រោយ។

របាយការណ៍នេះគូសបញ្ជាក់ថា ការកើនឡើងនៃបំណុលក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ី សបញ្ជាក់ឱ្យឃើញពីផលប៉ះពាល់ ដែលបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនទីផ្សារ។ ក្តីព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសចិន និងតំបន់អឺរ៉ុបផងដែរ គួបផ្សំនឹងការកើនឡើងនៃភាពតានតឹងក្នុងតំបន់ និងពិភពលោក វិបត្តិថាមពល និងតម្លៃអាហារកាន់តែខ្ពស់ ទំនងជានឹងជំរុញឱ្យរដ្ឋាភិបាលនីមួយៗខ្ចីបំណុលកាន់តែច្រើន។

សូមជម្រាបថា វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ IIF ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា អត្រាបំណុលជាសកលធៀបនឹងកំរិត GDP នឹងឈានដល់ ៣៥២%នៅចុងឆ្នាំ២០២២នេះ៕




អត្ថបទបន្ទាប់


តើធនាគារ SBI LY HOUR សម្រេចបានសមិទ្ធផលផ្លែផ្កាអ្វីខ្លះ ក្រោយ២ឆ្នាំនៃការកម្លាយខ្លួនពីមីក្រូហិរញ្ញវត្ថុ?

ព័ត៌មាន
ក្រោមការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ជាមួយនឹងក្រុមហ៊ុនយក្សរបស់ជប៉ុន SBI Holdings កាលពីឆ្នាំ២០២០ ធនាគារ SBI …

ក្រុមហ៊ុនជីករ៉ែធ្យូងថ្មនៅប្រទេសឥណ្ឌូនេស៊ីបង្កើនផលិតកម្ម ខណៈកំពុងសំឡឹងឃើញតម្រូវការថាមពលកើនឡើងនៅអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មមួយចំនួននៅប្រទេសឥណ្ឌូនេស៊ីកំពុងតែប្រជែងគ្នា ដើម្បីជំរុញផលិតកម្មរបស់ពួកគេនៅចំពេលតម្លៃរបស់ធ្យូងថ្មកើនឡើងខ្ពស់ និងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ