ប្រទេសថៃ

ក្រុមអ្នកវិភាគថា របបរាជានិយមថៃអាចមានឥទ្ធិពលលើការប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ហើយអាចនាំឱ្យនយោបាយថៃជាប់គាំង


តួនាទីរបបរាជានិយមក្នុងប្រទេសថៃជាចំណុចស្នូលដែលអាចនាំឱ្យមានភាពជាប់គាំងផ្នែកនយោបាយក្នុងប្រទេសថៃនាពេលខាងមុខ ហើយបណ្ដាលឱ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងវិបត្តិ។ នេះបើយោងតាមទស្សនៈរបស់ក្រុមអ្នកវិភាគនយោបាយមួយចំនួននៅក្នុងប្រទេសថៃ។
នយោបាយថៃអាចជាប់គាំងមួយរយៈច្រើនដោយសារពិបាកតែងតាំងនាយករដ្ឋមន្ត្រីថ្មី

ក្រុមអ្នកវិភាគបានមើលឃើញសេណារីយ៉ូមួយចំនួន ដែលអាចនឹងកើតមានវិបត្តិជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសថៃនាពេលខាងមុខនេះ ប្រសិនបើប្រធានគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារឿនរ៉ាត់ ដែលឈ្នះឆ្នោតច្រើនជាងគេ និង ដែលប៉ុនប៉ងកែទម្រង់មាត្រាច្បាប់ស្ដីពីការប្រមាថអង្គព្រះមហាក្សត្រ ខ្វះសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភារាជានិយម ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។

ទោះបីជាបានទទួលជ័យជំនះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ឧសភា ទល់នឹងគណបក្សនានាដែលគាំទ្ររបបយោធាក៏ដោយ ក៏គណបក្សឆ្ពោះទៅមុខ ដឹកនាំដោយលោក ភីថា លីមចារឿនរ៉ាត់ នៅតែប្រឈមមុខនឹងភាពមិនច្បាស់លាស់ ក្នុងដំណើរឆ្ពោះទៅបង្កើតរដ្ឋាភិបាលថ្មី ដោយមានរូបលោកជានាយករដ្ឋមន្ត្រី ដែរ។

ហេតុផលមួយធំក្នុងចំណោមហេតុផលតូចៗមួយចំនួនផ្សេងទៀត គឺកម្មវិធីនយោបាយរបស់គណបក្សឆ្ពោះទៅមុខ ដែលស្នើធ្វើវិសោធនកម្មមាត្រាច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ។ វាជាសំណើមួយដែលគ្មានអ្នកណាហ៊ាននឹកដល់កាលពីមុន។ មាត្រាទី១១២នៃក្រមព្រហ្មទណ្ឌថៃផ្ដន្ទាទោសអំពើជេរប្រមាថព្រះមហាក្សត្រ ដោយដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

សមាជិកព្រឹទ្ធសភាថៃមួយរូប គឺលោក សេរី ស៊ូវ៉ាន់ផានុន (Seri Suwanpanon) បានថ្លែងថា «ការស្នើធ្វើវិសោធនកម្មគឺមិនគោរពនិងប៉ះពាល់របបរាជានិយម»។ ប៉ុន្តែ អ្នករិះគន់របបយោធាបានលើកឡើងថា អស់ពេលជាច្រើនទសវត្សន៍មកហើយ ដែលរបបយោធាតែងលើកយកករណីកិច្ចរបស់ខ្លួនក្នុងការការពាររបបរាជានិយម មកការពារអន្តរាគមន៍នៅក្នុងនយោបាយ ហើយប្រើច្បាប់ប្រមាថព្រះមហាក្សត្រដើម្បីរារាំងសម្លេងអ្នកប្រឆាំង។

ជាធម្មតា នៅក្នុងប្រទេសមួយ ដូចជាប្រទេសថៃនេះ, ការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រត្រូវបានលើកតម្កើងថាជាស្នូលនៃអត្តសញ្ញាណជាតិអស់ជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ ទស្សនៈដែលថា គណបក្សភាគតិចនៅក្នុងរដ្ឋសភា និងសមាជិកព្រឹទ្ធសភាជាច្រើននាក់ដែលត្រូវបានតែងតាំងដោយយោធា នឹងបង្អាក់លោក ភីថា មិនឱ្យក្លាយជានាយករដ្ឋមន្ត្រី គឺពិតជាសំខាន់ណាស់។ នៅថ្ងៃទី១៣ ខែកក្ដដាខាងមុខ អំឡុងកិច្ចប្រជុំសភាដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី លោក ភីថា ប្រឈមមុខនឹងកង្វះសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាដែលមានសរុប ២៥០អាសនៈ។

ដើម្បីបង្កើតរដ្ឋាភិបាលបាន គណបក្សទាំង៨ នៅក្នុងសម្ព័ន្ធភាព ត្រូវការសម្លេងគាំទ្រ ៦៤បន្ថែមទៀត មិនថាមកពីព្រឹទ្ធសភា ឬ មកពីគណបក្សភាគតិចទេ ត្រូវបង្គ្រប់ឱ្យបាន៣៧៦ សម្លេង នៅពេលដែលគណបក្សក្នុងសម្ព័ន្ធភាពមានត្រឹមតែ ៣១២សម្លេងនៅក្នុងរដ្ឋសភាដែលមានសរុប ៥០០អាសនៈ។

ប្រសិនបើលោក ភីថា ពុំបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ទេ សេណារីយ៉ូផ្សេងៗអាចនឹងកើតឡើង។ ដំបូង គណបក្សភឿថៃ ដែលមាន ១៤១ អាសនៈ ទល់នឹង ១៥១ អាសនៈរបស់គណបក្សឆ្ពោះទៅមុខ អាចតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន ក្នុងក្របខ័ណ្ឌសម្ព័ន្ធភាព៨គណបក្សដដែល។ លទ្ធភាពនេះអាចទៅរួច ដោយសារគណបក្ស ភឿថៃ ដែលស្មោះស្ម័គនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បានប្រុងប្រយ័ត្នជាងមុន ក្នុងការឃោសនាបោះឆ្នោតទាក់ទងនឹងច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០០៦។ ដូច្នេះ បេក្ខជននាយករដ្ឋមន្ត្រីមួយរូបមកពីបក្ស ភឿថៃ អាចទទួលបានសំឡេងគ្រប់គ្រាន់។ សេណារីយ៉ូមួយទៀតគឺថា ភឿថៃស្វែងរកដៃគូផ្សេងទៀតនៅសភាជាន់ទាប ដើម្បីបង្កើតសម្ព័ន្ធភាពថ្មីដែលមិនមានគណបក្សឆ្ពោះទៅមុខ។ ទោះជាយ៉ាងណាក៏ដោយ គណបក្សភឿថៃបានប្តេជ្ញាថានឹងនៅជាមួយគណបក្សឆ្ពោះទៅមុខ។

ការតស៊ូយកតំណែងនាយករដ្ឋមន្ត្រីថ្មីនៅប្រទេសថៃ អាចនាំឱ្យមានការជាប់គាំងជាច្រើនសប្តាហ៍ ឬរាប់ខែ ដោយហេតុថាកូនសោនៅក្នុងដៃរបស់សមាជិកព្រឹទ្ធសភាដែលជាអ្នករាជានិយម។ ទោះយ៉ាងណា គណបក្សឆ្ពោះទៅមុខបាននិយាយថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ នឹងទប់ស្កាត់ការប្រើមាត្រា១១២ដោយបំពាន ហើយផ្តល់ប្រយោជន៍ចំពោះរបបរាជានិយមទៅវិញទេ។ គណបក្សនេះចង់ឲ្យមានការកាត់បន្ថយទោសជាប់ពន្ធនាគារឱ្យនៅយ៉ាងច្រើនបំផុតរយៈពេល១ឆ្នាំ ហើយមានតែការិយាល័យគ្រួសាររាជវង្សប៉ុណ្ណោះដែលអាចប្ដឹង មិនមែនគ្រប់គ្នាអាចប្ដឹងបានទេ៕




អត្ថបទបន្ទាប់


ប្រធានអាស៊ានកំពុងជំរុញឲ្យសមាគមនេះយកចិត្តទុកដាក់អំពីហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយក្នុងតំបន់

ព័ត៌មាន
ឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន និងជាប្រទេសដែលមានទីផ្សារធំជាងគេនៅក្នុងតំបន់ កំពុងតែជំរុញឲ្យសមភាគីនៃរដ្ឋជាសមាជិកសមាគម យកចិត្តទុកដ…

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដកខ្លួនចេញពីគម្រោងរកស៊ីរួមគ្នាជាមួយឥណ្ឌាក្នុងតម្លៃជិត២០ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រ ហ្វក់ខុន (Foxconn) របស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននេះបានដើរចេញពីការបណ្តាក់ទុនរួមគ្នាក្នុងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ