ប្លង់មេអភិវឌ្ឍន៍ទីក្រុង

កង្វះប្លង់មេច្បាស់លាស់ពីរដ្ឋ នៅតែជាបន្លាក្នុងកែវភ្នែកអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន


ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា បានលើកឡើងថា កង្វះប្លង់មេនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅតែជាកត្តាប្រឈមមួយ ក្នុង​ការអភិវឌ្ឍលំនៅដ្ឋានឲ្យស្របទៅតាមស្ដង់ដារខ្ពស់ និងប្រកបចីរភាព។ យ៉ាងណាក៏ដោយ ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន រំពឹងថា រាជរដ្ឋាភិបាលនឹងជួយរៀបចំ និងដាក់ចេញនូវប្លង់មេនៃការអភិវឌ្ឍទីក្រុង ពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យបានឆាប់ ដើម្បីអាចដើរទាន់នៃកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។
ទិដ្ឋភាព​ទឹក​ជន់​លិច​ផ្លូវ​ក្នុង​ទីក្រុង​បាងកក នៅ​ពេល​ធ្លាក់​ភ្លៀង​ខ្លាំង។

ថ្លែងនៅ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ និងលើក​ទិសដៅ​ការងារ​ឆ្នាំ២០១៨ របស់សមាគម​អ្នកអភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា កាលពី​ពេលថ្មីៗ​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ WorldBridge Group បានលើក​ឡើងថា អ្នកសាងសង់​បុរីលំនៅដ្ឋាន​មួយចំនួន​តែងតែ​ប្រឈម​នឹងបញ្ហា ក្នុងការ​ដោះស្រាយ​ប្រព័ន្ធ​លូបង្ហូរទឹក និងភ្លើង ដោយខ្លួនឯង ខណៈដែល​ការអភិវឌ្ឍ​ហាក់មិនទាន់​មានបទ​ដ្ឋានច្បាស់​លាស់ ដែលធានា​បាននូវ​ចីរភាព​នៅឡើយ។ ដោយសារអ្វី?  គឺដោយសារ​តែ ប្លង់មេនៃការ​អភិវឌ្ឍ​ទីក្រុង​ ពិសេស​​នៅតាមតំបន់​ជាយៗ​រាជធានីភ្នំពេញ នៅមិនទាន់​មានច្បាស់​លាស់នៅ​ឡើយទេ។ 

លោកឧកញ៉ា សៀ ឫទ្ធី ក៏បាន​សំណូមពរ​ដល់ប្រធាន​សមាគមអ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន គឺលោកឧកញ៉ លី ហួរ ឲ្យធ្វើយ៉ាង​ណា​ បង្កើត​ជាសំឡេង​រួមជាមូលដ្ឋាន​មួយ​ជាមួយ​សមាជិក​ទាំងអស់ ដើម្បី​ធ្វើការ​ពិភាក្សា ក៏ដូចជា​ស្នើដល់​រាជរដ្ឋាភិបាល​ទាក់ទង​នឹងបញ្ហានេះ។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group។

ឆ្លើយតបភ្លាមៗ​នោះ លោកឧកញ៉ា លី ហួរ ប្រធាន​​សមាគម​អ្នកអភិវឌ្ឍន៍​​លំនៅ​ដ្ឋាន​កម្ពុជា បានគូសបញ្ជាក់ថា បើពិនិត្យ​​ឲ្យដិតដល់​​មែនទែន​ទៅ ឃើញថា វិស័យ​ឯកជន ពិសេស គឺសន្ទុះ​​នៃការរីក​​ចម្រើននៃ​​វិស័យ​សំណង់​​អភិវឌ្ឍន៍​​លំនៅដ្ឋាននេះ ហាក់បីដូចជា​​កំពុងដើរ​​មុន​​រាជ​រដ្ឋាភិបាល​​មួយជំហាន​ហើយ ខណៈដែល​​ប្លង់មេ​​ដែលចេញ​ពីរាជ​រដ្ឋាភិបាល សម្រាប់​គ្រប់គ្រង​​ការពង្រីក​​ប្រព័ន្ធ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​សម្រាប់​​វិស័យនេះ ដូចជា​ប្រព័ន្ធ​លូ​បង្ហូរទឹក​​ជាដើមនោះ នៅមិន​មាន​ដាក់​ចេញ​សម្រាប់អ្នក​អភិវឌ្ឍន៍​​យកទៅ​អនុវត្ត​​ជាផ្លូវការ​​នៅឡើយទេ។ 

លោកឧកញ៉ា បន្ថែមថា ខាងសមាគម​​នឹងរៀបចំ​វេទិកា​​ពិភាក្សា​ជាមួយ​​នឹងអាជ្ញាធរ​​ពាក់ព័ន្ធ​បន្ថែម​ទៀត​លើ​បញ្ហានេះ ខណៈដែល​​កន្លងមក​​ខាងសមាគម និងរាជរដ្ឋាភិបាល​​​ក៏ធ្លាប់​បាន​​ពិភាក្សា និងដោះស្រាយ​​បានបញ្ហា​​ខ្លះៗ​​ជាបណ្ដើរៗ​ផងដែរ។ 

យ៉ាងណា​ក៏ដោយចុះ លោកឧកញ៉ា លី ហួរ បានគូស​បញ្ជាក់ថា ការអភិវឌ្ឍ​នៅតំបន់ជាយៗ​រាជធានីមួយ​ចំនួន ដូចជា​តាមបណ្ដោយ​ផ្លូវជាតិ​សំខាន់ នៅមិនទាន់​មានប្រព័ន្ធ​ប្លង់មេ​សម្រាប់បង្ហូរលូ​ទឹកឲ្យបាន​ច្បាស់លាស់​នៅឡើយទេ ដែលវា​នៅតែជាក្ដី​កង្វល់មួយ​សម្រាប់អ្នក​អភិវឌ្ឍន៍លំនៅដ្ឋាន។

លោកឧកញ៉ា លី ហួរ ប្រធាន​​សមាគម​អ្នកអភិវឌ្ឍន៍​​លំនៅ​ដ្ឋាន​កម្ពុជា

លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បានលើកឡើង​ដែរថា ប្លង់មេ​ក្នុងការ​អភិវឌ្ឍនេះ ពិតជាមាន​សារសំខាន់ណាស់​សម្រាប់​អ្នកអភិវឌ្ឍន៍ យកជាគំរូ ឬក្បួន​ខ្នាតមួយ​ក្នុងការ​អភិវឌ្ឍ ដើម្បីបញ្ជៀស​នូវផល​ប៉ះពាល់​អវិជ្ជមាន​នាពេល​អនាគត។ លើសពីនេះ វាមិនត្រឹម​តែធ្វើ​ឲ្យការអភិវឌ្ឍ​កាន់តែមានចីរភាព​ប៉ុណ្ណោះទេ ប៉ុន្ដែ​វាក៏ជាផ្នែក​មួយលើក​កម្ពស់សេចក្ដី​ថ្លៃថ្នូរ​នៃការរស់​នៅរបស់​ប្រជាពលរដ្ឋ​ផងដែរ។ 

ឧកញ៉ា ដែលមាន​បទពិសោធន៍​ជាង២​ទសវត្សរ៍​ក្នុងវិស័យ​អចលនទ្រព្យ រូបនេះ បានគូស​បញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​បានចំណាយ​ថវិកាជាច្រើន​ក្នុងការដោះស្រាយ​បញ្ហាដែលកើត​ឡើងដោយ​សារតែការ​អភិវឌ្ឍលំនៅដ្ឋាន​មួយចំនួន​​ខុសស្ដង់ដារ និងគ្មាន​ប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ​ច្បាស់លាស់។ 

ទោះយ៉ាងណា​ លោក ឧកញ៉ា ចេង ខេង សំណូមពរ​ឲ្យរាជរដ្ឋាភិបាល​គួរតែមាន​រៀបចំប្លង់មេ​នេះឲ្យបាន​រួចរាល់ ហើយលោកជឿថា ការចំណាយ​លើការ​រៀបចំនេះ ក៏មិនតម្រូវចាយវាយ​ថវិកាជាតិ​ច្រើន​នោះដែរ។ 

លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL

សូមជម្រាបថា ឧស្សាហកម្ម​សំណង់​បានចូលរួម​ចំណែក​រហូតដល់ជាង​២០% នៃកំណើន​ផលិតផល​ក្នុងស្រុក​សរុបរបស់​កម្ពុជា និងបង្កើត​ការងារ​ដោយផ្ទាល់ និងប្រយោល​ជាច្រើនដល់​ប្រជាពលរដ្ឋ។ 

ជាមួយគ្នានេះ បើតាមការ​គូសបញ្ជាក់ពី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា តម្រូវការលំនៅដ្ឋានសម្រាប់អ្នកនៅរស់នៅទីក្រុង និងទីប្រជុំជន​មានជាងប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ដែលចំនួននេះ ស្មើនឹងប្រមាណតែជាង១០%ប៉ុណ្ណោះ នៃតម្រូវការលំនៅដ្ឋានសរុបនៅទូទាំងប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្ម​៤​វិស័យ​ដែល​ប្រជាជន​ខ្មែរ​មិន​គួរ​មើល​រំលង​នៅ​ទីក្រុង​យ៉ាងហ្គូន

ព័ត៌មាន
បច្ចុប្បន្ន មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ដែល​មាន​របរ​រកស៊ី​​ចំណេញ​កាក់​កប ប៉ុន្តែ បែរ​ជា​មិនដឹង​ថា​យក​លុយ​របស់​ពូកគេ​ទៅ​វិនិយោគ​លើ​វិ…

ខែ​កុម្ភៈ​ឆ្នាំ​នេះ ការ​នាំចេញ​អង្ករ​ធ្លាក់​ចុះ​ជិត​៣០%

ព័ត៌មាន
ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បរិមាណ​អង្ករ​កម្ពុជា ដែល​បាន​នាំចេញ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​រហូត​ដល់​ជិត​៣…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ