ទីផ្សារមាស

តើមានកត្តាអ្វីខ្លះជំរុញឱ្យស្ថាប័នជំនាញព្យាករថា តម្លៃមាសលើទីផ្សារពិភពលោកនឹងហក់ឡើងដល់ខ្ទង់៣ពាន់ដុល្លារក្នុង១តម្លឹងនៅឆ្នាំនេះ?


ក្រុមហ៊ុន ប៊ីស៊ីអេ រីសឺច (BCA Research) ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យឈានមុខគេក្នុងពិភពលោកបានព្យាករថា វិបត្តិអតិផរណា ហានិភ័យភូមិសាស្ត្រនយោបាយ និងតម្រូវការរបស់បណ្ដាធនាគារកណ្តាល នឹងជំរុញឱ្យតម្លៃមាសលើទីផ្សារពិភពលោកហក់ឡើងដល់ប្រមាណខ្ទង់៣ពាន់ដុល្លារអាម៉េរិកក្នុងមួយតម្លឹងក្នុងឆ្នាំ២០២៤ នេះ ខណៈមាសនៅតែជាទ្រព្យសកម្មដ៏សំខាន់សម្រាប់ការពារទប់ទល់នឹងអតិផរណា និងហានិភ័យទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន គីតកូ ញូស(Kitco News)។
ទីផ្សារមាស
ដោយ

នៅក្នុងការព្យាករទស្សនវិស័យឆ្នាំ២០២៤ របស់ខ្លួន ក្រុមអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវឯករាជ្យឈានមុខគេក្នុងពិភពលោក ប៊ីស៊ីអេ រីសឺច (BCA Research)បានព្យាករថា តម្លៃមាសលើទីផ្សារពិភពលោកនឹងហក់ឡើងដល់២.២០០ដុល្លារអាម៉េរិកក្នុងមួយអោន ឬប្រមាណខ្ទង់៣ពាន់ដុល្លារអាម៉េរិកក្នុងមួយតម្លឹងនៅឆ្នាំ២០២៤ នេះ។

ខណៈអ្នកវិនិយោគមាសជាច្រើនបន្តតាមដានការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ក្រុមអ្នកវិភាគនៅក្រុមហ៊ុន ប៊ីស៊ីអេ រីសឺច (BCA Research) លើកឡើងថា មានកត្តារួមផ្សំជាច្រើនទៀត ដែលជំរុញឱ្យមាសហក់ឡើងថ្លៃខ្លាំងក្នុងឆ្នាំ២០២៤។ ក្រឡេកទៅមើលគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុន ប៊ីស៊ីអេ រីសឺច (BCA Research) រំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់យឺតជាងទីផ្សាររំពឹងទុក។ បច្ចុប្បន្នធនាគារកណ្តាលអាម៉េរិក បានផ្ដល់សញ្ញាថា អាចនឹងមានការបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំនេះ។

ក្រុមហ៊ុន ប៊ីស៊ីអេ រីសឺច (BCA Research) ដែលមានមូលដ្ឋាននៅទីក្រុងម៉ុងរេអាល់ (Montreal) ប្រទេសកាណាដា និយាយថា ការធ្លាក់ចុះសម្ពាធអតិផរណា និងការកើនឡើងប្រាក់ឈ្នួលនឹងជួយជំរុញការប្រើប្រាស់ពិតប្រាកដ ដែលជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ទោះបីជាអតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងណាក្ដី ក៏ក្រុមហ៊ុន ប៊ីស៊ីអេ រីសឺច (BCA Research)និយាយថា អតិផរណាមិនទំនងជាធ្លាក់ចុះដល់គោលដៅ២% របស់ធនាគារកណ្តាលអាម៉េរិកនោះឡើយ ដែលនឹងធ្វើឱ្យមាសក្លាយជាទ្រព្យសកម្មដ៏ទាក់ទាញសម្រាប់ទប់ទល់អតិផរណារយៈពេលវែង។

ក្រុមអ្នកវិភាគលើកឡើងថា ក្នុងពេលជាមួយគ្នានេះ បំណុលរបស់រដ្ឋាភិបាលដែលចេះតែកើនឡើង ស្ថានភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួល នៃនិន្នាការសកលភាវូបនីយកម្ម ត្រូវបានរំពឹងថា នឹងជួយធ្វើឱ្យអតិផរណាអូសបន្លាយរយៈពេលវែង។

ក្រុមអ្នកវិភាគក៏រំពឹងដែរថា ស្ថានភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយដូចជានៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ជាដើមនឹងជួយជំរុញឱ្យមាសក្លាយជាទ្រព្យសកម្មកាន់តែមានភាពទាក់ទាញនៅក្នុងឆ្នាំ២០២៤ នេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាម៉េរិកឈានដល់ការព្រមព្រៀងលើកញ្ចប់ថវិកាជាតិ១,៦ទ្រីលានដុល្លារ ដែលអាចឆ្ពោះទៅរកការអនុម័ត

ព័ត៌មាន
ទីបំផុតតំណាងរាស្ត្រកំពូលៗមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៃសភាអាម៉េរិក បានឈានដល់ការព្រមព្រៀងគ្នាហើយលើកញ្ចប់ថវិកាចំណាយសរុបសម្រ…

ពាណិជ្ជកម្មប្រេងរវាងអ៊ីរ៉ង់ជាមួយមហាយក្សចិន ជាប់គាំង ខណៈក្រុងតេហេរ៉ង់សុំដំឡើងថ្លៃ

ព័ត៌មាន
ប្រភពច្បាស់ការមួយបានទម្លាយឱ្យដឹងថា ពាណិជ្ជកម្មប្រេងរវាងប្រទេសចិនជាមួយអ៊ីរ៉ង់ បានជាប់គាំង បន្ទាប់ពីក្រុងតេហេរ៉ង់ ផ្អឹបការដឹកជញ្ជូនប្រេង និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ