ប្រទេសឥណ្ឌា

តើឥណ្ឌាកំពុងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកថ្មីមែន ឬយ៉ាងណា?


ឈ្មោះថាអ្នកផលិតសាកល គឺត្រូវបានគេមើលរំលងហួសចេញពីប្រទេសចិនហើយក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ចំណែកប្រទេសដែលកាន់តំណែងនេះ គឺទំនងជាប្រទេសឥណ្ឌាវិញម្ដង ស្របពេលដែលកំណើនសេដ្ឋកិច្ចរបស់មហាយក្សអាមេរិក និងចិន កំពុងមានល្បឿនយឺតខ្លាំងជាងការរំពឹងទុក។ កំណើនប្រជាជន ទីតាំងភូមិសាស្រ្ត និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលទីក្រុងញ៊ូវដេលី គឺសុទ្ធតែជាកត្តាអំណោយផលដ៏មានសក្តានុពលរបស់ឥណ្ឌា ដែលអាចទាក់ទាញការដាក់រោងចក្រពីក្រុមហ៊ុនធំៗលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
តើឥណ្ឌា អាចនឹងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីឬទេ?

ឥណ្ឌា ដែល​កំពុង​ប្រណាំង​ជាមួយ​ចិន លើចំនួន​ប្រជាជន​ដ៏ច្រើន​ជាងគេ​បំផុត​ក្នុងពិភពលោក កំពុងខិតជិត​សម្រចបាន​នូវ​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួនហើយ​។ លោកនាយករដ្ឋមន្រ្តី Narendra Modi បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​​នឹងលុបបំបាត់​​អំពើពុករលួយ និង​វិសមភាពសង្គម​ ដើម្បី​សម្រេចបាន​នូវការរះត្រដែត​ឡើង​​របស់​ឥណ្ឌា។ រដ្ឋាភិបាល​ឥណ្ឌា កំពុង​ចំណាយ​ស្ទើរ​ជិត​ ២០%នៃ​​ថវិកា​​របស់​ខ្លួន​ក្នុង​ឆ្នាំ​​សារពើពន្ធ​នេះ ទៅលើ​កាវិនិយោគ​​មូលធន ដែល​ជាចំនួន​​ដ៏ច្រើន​បំផុត​​ក្នុងរយៈពេល​១ទសវត្សរ៍​ចុងក្រោយ។

លោក ណាដាន់ នីលកានី(Nandan Nilekani) ស្ថាបនិក​ក្រុមហ៊ុន Infosys ដែល​ជាក្រុមហ៊ុន​សេវា​បច្ចេកវិទ្យា​​ដ៏ធំបំផុតមួយរបស់​ឥណ្ឌា និយាយថា ​ឥណ្ឌា​បាន​​បង្កើត​យ៉ាងឆាប់​រហ័ស​នូវ​សមត្ថភាព​​ក្នុងការគាំទ្រ​ដល់​ការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មីៗចំនួនរាប់ម៉ឺន​​អាជីវកម្ម និង​ការផលិតស្មាតហ្វូន​រាប់ពាន់​លាន​គ្រឿង។

ចំណែក​ការលើកឡើង​របស់​អ្នកវិភាគ​​​ពីខ្សែចង្វាក់​ផ្គត់ផ្គង់បង្ហាញ​ថា ឥណ្ឌា និងវៀតណាម ក្លាយ​ជាទីកន្លែង​ថ្មី​​នៃ​ក្នុងការដាក់​រោងចក្រផលិត​របស់​​ក្រុមហ៊ុន​ធំៗ បន្ទាប់ពីប្រទេស​ចិន។ ក្នុងនោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱ្យ Apple ចំនួន៣ សុទ្ធតែ​ទទួលបាន​​ការលើកទឹកចិត្ត​​ពីរដ្ឋាភិបាល​ឥណ្ឌាឱ្យ​ដាក់រោងចក្រ​ផលិត និងបើក​ការនាំ​ចេញ។ ក្នុងនោះគ្រាន់តែការនាំចេញទូរសព្ទម៉ូឌែល iPhone ​ពី​ប្រទេសឥណ្ឌា គិត​ពីខែមេសា ដល់​ខែធ្នូគឺមានតម្លៃដល់​ទៅ​ ២ពាន់៥រយលានដុល្លារ។

បើតាម​ក្រុមហ៊ុនវិនិយោគ​អាមេរិក Morgan Stanley បានព្យាករថា ​ឥណ្ឌា​ ដែលមាន​ប្រជាជនជាង​ ១ពាន់៤រយលាននាក់នេះ នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​សាកល​ប្រមាណ ១ភាគ៥ នៅក្នុងទសវត្សរ៍នេះ ពោលគឺ​ស្ថិតក្នុងចំណោម​​ប្រទេស​៣គត់ ដែល​អាច​បង្កើត​ប្រាក់​បាន​ជាង៤០០ពាន់លាន​ដុល្លារ ក្នុងកំណើន​ទិន្នផល​ប្រចាំឆ្នាំ។

គួរកត់សម្គាល់​ថា នៅឆ្នាំ​២០២៣នេះ ឥណ្ឌា​នឹង​ធ្វើជា​ប្រធាន​​រៀបចំកិច្ច​ប្រជុំកំពូល G-20 ដែល​ជា​ឱកាស​មួយក្នុង​​ការ​ជួយ​​ឱ្យ​ឥណ្ឌា ​ជះឥទ្ធិពល​របស់ខ្លួន​រីកសាយភាយ​នៅលើពិភពលោក។ យុទ្ធសាស្រ្ត​របស់​ឥណ្ឌា​ក្នុងការកសាងសម្ព័ន្ធមិត្ត​​ចម្រុះ ពោលគឺ​មិនថាតែខាងអាមេរិកនោះទ តែសម្រាប់ខាងរុស្ស៊ីផងដែរ ដើម្បី​ស្វែងរកការបង្កើន​ផលប្រយោជន៍របស់ខ្លួន។

លោក​ Modi នាយករដ្ឋមន្ត្រីឥណ្ឌា បាន​ថ្លែង​ក្នុង​​ថ្ងៃរំលឹកខួប​នៃការទទួលបានឯករាជ្យ​កាលពីពេលកន្លងទៅថា រដ្ឋាភិបាល​លោក​បាន​ជំរុញ​​ខិតខំដោះស្រាយ​បញ្ហាគ្រប់បែបយ៉ាង ដើម្បី​ឱ្យ​ឥណ្ឌា​​ក្លាយ​ជាប្រទេសអភិវឌ្ឍន៍​មួយ​ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។ ទន្ទឹម​នេះកំណើន GDP ឥណ្ឌានឹង​ឈានឡើង​ម្តងបន្តិចរហូតដល់​ចំណុច​កំពូល​​ក្នុងរង្វង់ ៨,៥% ​នៅ​ដើមទសវត្សរ៍​ក្រោយ។ ក្នុងនោះ មជ្ឈមណ្ឌល​សម្រាប់​​​ការ​ស្រាវជ្រាវ និង​ពាណិជ្ជកម្ម បាន​ព្យាករថា ​ឥណ្ឌា​នឹង​ក្លាយ​ជា​សេដ្ឋកិច្ច​ដែលមានទំហំ ១០ទ្រីលានដុល្លារ​នៅត្រឹម​ឆ្នាំ​២០៣៥។

យោងតាម​ការប៉ាន់ស្មាន​របស់ World Population Review ឱ្យដឹងថាប្រជាជន​ឥណ្ឌា នឹងមានចំនួន ១ពាន់៤១៧លានលាននាក់​គិតត្រឹម​ចុងឆ្នាំ​២០២២។ ពាក់កណ្តាល​នៃ​ប្រជាជន​ឥណ្ឌា គឺស្ថិតក្រោមអាយុ ៣០ឆ្នាំ ដែល​ជាវ័យ​កំពុងពេញកម្លាំង អាចជួយជំរុញ​សកម្មភាពផលិតកម្ម​យ៉ាងសកម្មបំផុត ផ្ទុយពីប្រទេសចិន ដែល​មានប្រជាជន​វ័យចាស់​កាន់តែច្រើន ហើយអត្រាកំណើតថ្មីកំពុងធ្លាក់ចុះ។ ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជនចិន ក្នុងឆ្នាំ២០២២កន្លងទៅ គឺ​ជាការធ្លាក់ចុះលើកដំបូង គិតចាប់តាំងពី​ទសវត្សរ៍ទី៦០មក។

បន្ថែម​លើសពីនេះទៀត ដើម្បី​ប្រកួត​ប្រជែង​ជាមួយចិន រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់​ការលើកចិត្តនូវគម្រោងទឹកប្រាក់​ជាង ២៤ពាន់លានដុល្លារ​សម្រាប់រយៈពេលពីរបីឆ្នាំក្រោយ​ក្នុងឧស្សាហកម្មជាច្រើន ជាពិសេស​គឺ​ឧស្សាហកម្ម​បច្ចេកវិទ្យា​តែម្តង៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា រំពឹងថា ប្រតិបត្តិការនៅលើអេស៊ីលីដាម៉ូបាល នឹងកើនទ្វេដងនៅឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា ថ្មីៗនេះ បានបង្ហាញក្ដីរំពឹងខ្ពស់ថា ប្រតិបត្តិការសេវាទូទាត់នានា ក៏ដូចជាការផ្ទេរប្រាក់តាមរយៈអេស៊ីលី…

កត្តាអ្វីខ្លះនៅពីក្រោយការឡើងថ្លៃលុយអឺរ៉ូធៀបនឹងលុយដុល្លារ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ខែចុងក្រោយនេះ?

ព័ត៌មាន
លុយអឺរ៉ូបន្តឡើងថ្លៃ និងកាន់តែជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ខែមកនេះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ