ពិធីបុណ្យឯករាជ្យជាតិ

ព្រះមហាក្សត្រ៖ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលកម្ពុជាមានឋានៈស្មើបារាំង ក្នុងនាមជារដ្ឋឯករាជ្យ


នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំពិធីអបអរសាទរខួប៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់មាតុភូមិកម្ពុជាដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពពេញលេញពីអាណានិគមនិយមបារាំង។ព្រះមហាក្សត្រកម្ពុជា បានចាត់ទុកទិវានេះ គឺជាការរំលឹកពីគុណបំណាច់នៃការទាមទារឯករាជ្យពីបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ព្រះមហាវីរក្សត្រព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណាព្រះបរមរតនកោដ្ឋ”។
1
ដោយ

ក្នុងឱកាសយាងធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីអបអរសាទរខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា

បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹកពីឧត្តមគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជាជនកម្ពុជាចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដើម្បីឯករាជ្យពេញទីរបស់កម្ពុជា។

ជាពិសេសទិវានេះត្រូវបានរៀបចំឡើង ដើម្បីសម្ដែងនូវការដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជន យុទ្ធជន ប្រជាជនកម្ពុជា ដែលបានបូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើនរុងរឿងរបស់ប្រទេសជាតិ។

សម្រាប់ប្រមុខរដ្ឋកម្ពុជា អង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិ ដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិសមទៅនឹងបេសកកម្ម និងពលីកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ "ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ។

យ៉ាងណាមិញព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចាត់ទុកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលប្រទេសកម្ពុជា មានឋានៈស្មើនឹងសាធារណរដ្ឋបារាំង ក្នុងនាមជារដ្ឋឯករាជ្យមួយ បន្ទាប់ពីលោកអគ្គមេបញ្ជការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំងបានថ្វាយបង្គំលាព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណា ព្រះបរមរតនកោដ្ឋ ចាកចេញពីកម្ពុជាជាមួយការប្តេជ្ញាមិនវិលត្រឡប់មកវិញ។

ទន្ទឹមនឹងនេះ ព្រះមហាក្សត្រកម្ពុជា អំពាវនាវឱ្យពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានរួបរួមសាមគ្គីជាថ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនៃច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ឧបសគ្គ និងការវិវត្តន៍ ជាច្រើនដំណាក់កាលរួចមក ដំណើរនៃការវិវឌ្ឍជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលពលរដ្ឋទាំងអស់គ្នាមានទំនុកចិត្តរឹងមាំ និងមានមហិច្ឆតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឱ្យខ្ពស់ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ដើម្បីអភិវឌ្ឍន៍ប្រែក្លាយក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។

ទន្ទឹមនឹងនេះសម្តេចធិបតី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រចំនួន៥ ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញកាលពីពេលថ្មីៗ។

យ៉ាងណាមិញព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានវាយតម្លៃខ្ពស់ និងចាត់ទុកសុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិ សភាពការណ៍អន្តរជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍន៍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ដើម្បីរំលឹកនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ នៃការទាមទារឯករាជ្យបរិបូណ៌ ប្រជាជាតិកម្ពុជាតែងតែប្រារព្ធពិធីបុណ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវការដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជន យុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើន រុងរឿងរបស់ប្រទេសជាតិ។ នៅក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ មាតុភូមិ និងពលរដ្ឋកម្ពុជាមានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកត់សម្គាល់ ដែលអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានា បានឯកភាពជាតិដ៏រឹងមាំ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី ១០ ខែវិច្ឆិកា ម៉ោង៤រសៀល

ព័ត៌មាន
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នា…

កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ Opera Madama Butterfly ដ៏អស្ចារ្យ នៅខែធ្នូខាងមុខនេះ

ព័ត៌មាន
កម្ពុជា នឹងមានការរៀបចំល្ខោនអូប៉េរ៉ាអន្តរជាតិមួយរឿង Madama Butterfly នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនៅរោងមហោស្រពកោះពេជ្រ។ ព្រឹត្តិកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ