តំណាង២២ប្រទេស និង៩ស្ថាប័នអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

មេដឹកនាំប្រទេសចំនួន២២ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ខណៈដែលបញ្ហាមីយ៉ាន់ម៉ានិងទីម័រខាងកើតអាចជាប្រធានបទក្តៅមួយ


លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នឹងមានការចូលរួមពីតំណាងមកពី ២២ ប្រទេស និងស្ថាប័នអន្តរជាតិចំនួន ៩ ។
តំណាង២២ប្រទេស និង៩ស្ថាប័នអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
ដោយ

លោកស្រីមិនបាននិយាយដល់បញ្ហាវិវាទការទូតរវាង មីយ៉ាន់ម៉ា និង ទីម័រខាងកើតនោះទេ ប៉ុន្តែគេជឿជាក់ថា វានឹងក្លាយជាប្រធានបទក្តៅមួយ នៅក្នុងកិច្ចប្រជុំកំពូលនេះ ដ្បិតថ្មីៗនេះ របបយោធាមីយ៉ាន់ម៉ាទើបតែបានបណ្ដេញអ្នកការទូត ទីម័រខាងកើតចេញពីប្រទេសរបស់ខ្លួន ក្រោយពួកគេបានជួបជាមួយនឹងក្រុមរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។

លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងហ្សាកាតាថា ប្រទេសចំនួន ២២ រួមមានសមាជិកអាស៊ានចំនួន១០ និងទីម័រ ខាងកើត និងដៃគូសន្ទនាអាស៊ានចំនួន ៩ ក៏ដូចជាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានឹងចូលរួមកិច្ចប្រជុំដែលគ្រោងរៀបចំនៅថ្ងៃទី០៥ ដល់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Antara បានឲ្យដឹងថា ដៃគូអាស៊ាន និងប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងចូលរួមវេទិកានេះ មានកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា ចិន អូស្ត្រាលី កាណាដា រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយតំណាងមកពីស្ថាប័នអន្តរជាតិមួយចំនួនដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសហប្រជាជាតិជាដើម ។
លោកស្រីបានបន្តថា នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនេះ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងដឹកនាំកិច្ចប្រជុំចំនួន ១២ ហើយលោកក៏ត្រូវបានគេរំពឹងថានឹងជួបប្រជុំទ្វេភាគីនៅក្រៅកិច្ចប្រជុំកំពូលជាច្រើនផងដែរ។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏នឹងដឹកនាំកិច្ចប្រជុំកំពូលរវាងអាស៊ាន និងដៃគូសន្ទនាផ្សេងៗ ដែលរួមមាន កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៦, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១១, កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា; និងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៦ ។
លោកស្រី ម៉ាស៊ូឌី បាននិយាយថា ឯកសារទាំងអស់ ដែលត្រូវបានរំពឹងថា នឹងត្រូវបានអនុម័តដោយមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលនាពេលនេះ កំពុងត្រូវបានរៀបចំតាមរយៈការចរចា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់អំពីបញ្ហាការទូតរវាងមីយ៉ាន់ម៉ា និង ប្រទេសទីម័រខាងកើត នៅឡើយ ដោយគ្រាន់តែដឹងថា លោក ហ្សាណាណា ហ្គោស្មាវ (Xanana Gusmao) នាយករដ្ឋមន្រ្តីទីម័រខាងកើតនឹងចូលរួមផងដែរ កិច្ចប្រជុំកំពូលនេះផងដែរ។
កាលពីថ្ងៃទី២៧សីហា កន្លងទៅ របបយោធាមីយ៉ាន់ម៉ាដែលខកខានមិនបានចូលរួមកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ចាប់តាំងពីរដ្ឋប្រហារដោយយោធានៃខែកុម្ភៈ ឆ្នាំ២០២១ មក បានបញ្ជាឱ្យបណ្តេញអ្នកការទូតកំពូលរបស់ទីម័រខាងកើតចេញពីប្រទេសរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលយោធាអះអាងថា មេដឹកនាំទីម័ខាងកើតបានជួបជាមួយនឹងរដ្ឋាភិបាលស្រមោល ដែលជាក្រុមនយោបាយខុសច្បាប់ ។
បញ្ហាដ៏ក្តៅគគុកនេះ គឺកើតមានឡើងក្រោយពេលដែល លោក ចូ រ៉ាម៉ូស ហ័តា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើតបានជួបលោក ជិន ម៉ា អូង (Zin Mar Aung) រដ្ឋមន្រ្តីការបរទេសរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលយោធាចាត់ទុកថា ជាអង្គការភេរវកម្ម ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន ។
ជុំវិញហេតុការណ៍នេះក្រសួងការបរទេសមីយ៉ាន់ម៉ាបានថ្កោលទោសចំពោះ "សកម្មភាពមិនទទួលខុសត្រូវ" របស់ទីម័រខាងកើត ដោយបានបញ្ជាឱ្យភារធារីរបស់ប្រទេសនេះនៅទីក្រុងយ៉ាំងហ្គោន "ចាកចេញមិនលើសពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣"។
ក្រុមអ្នកវិភាគបានអះអាងថា ជម្លោះការទូតរវាងមីយ៉ាន់ម៉ា និង ទីម័រខាងកើតអាចនឹងត្រូវលើកឡើងនៅកិច្ចប្រជុំកំពូលនៅខែក្រោយនេះមិនខាន ខណៈដែល ទីម័រខាងកើតត្រូវគេរំពឹងថា នឹងចូលជាសមាជិកអាស៊ាននៅក្នុងឆ្នាំនេះ ។
នៅដើមខែសីហាកន្លងទៅ លោក ហ្សាណាណា ហ្គោស្មាវ បាននិយាយថា ប្រទេសទីម័រខាងកើតអាចពិចារណាឡើងវិញចំពោះការស្នើសុំចូលជាសមាជិកអាស៊ាន ប្រសិនបើប្លុកនេះបរាជ័យក្នុងការបញ្ចុះបញ្ចូលរបបយោធាមីយ៉ាន់ម៉ាឱ្យបញ្ចប់ជម្លោះ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោកចូ បៃដិន នឹងស្កាត់ធ្វើដំណើទស្សនកិច្ចទៅវៀតណាមនាខែក្រោយ និងគ្រោងជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសនេះ

ព័ត៌មាន
សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទទី២៨សីហាថា ប្រធានាធិបតីលោក Joe Biden នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅខែក្រោយ ដើម្បីជួបជាមួយអគ្គលេខាបក្សក…

កម្ពុជា និងអាមេរិក ចុះកិច្ចព្រមព្រឿងលើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌

ព័ត៌មាន
ស្ថានទូតអាមេរិក នៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ