ទីផ្សារជ្រូករស់

តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ បើទោះបីមានការរឹតត្បិតលើការនាំចូលខុសច្បាប់


ជ្រូករស់នៅតាមតំបន់មួយចំនួនត្រូវបានឈ្មួញទិញក្នុងតម្លៃក្រោម៧ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយទាប ដែលអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ និងអាចឈានដល់ការផ្អាកការចិញ្ចឹម ឬឈានដល់ការឈប់ចិញ្ចឹមនាពេលណាមួយ។ ការធ្លាក់ចុះតម្លៃជ្រូករស់សាជាថ្មីនៅកម្ពុជានេះ ត្រូវបានថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាវាយតម្លៃថា បញ្ហានេះអាចបណ្តាលមកពីកត្តាសេដ្ឋកិច្ច គួបផ្សំ រដូវនេះជារដូវប្រមូលផលត្រី និងការសេសសល់សាច់បង្កកច្រើននៅក្នុងឃ្លាំងជាដើម។
ទីផ្សារជ្រូករស់
ដោយ

តម្លៃជ្រូករស់នៅកម្ពុជា បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ បើទោះរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹង និងបង្ក្រាបការនាំចូលសត្វ និងសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជាក៏ដោយ។

បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃសាច់ជ្រូករស់នៅតាមតំបន់មួយចំនួនបានធ្លាក់ចុះពី៧ពាន់រៀលក្នុង១គីឡូក្រាម មកនៅជាង៦ពាន់រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ថ្លៃជ្រូករស់នេះ ត្រូវបានធ្លាក់ដឹកនាំរូបនេះវាយតម្លៃថា អាចបណ្ដាលមកពីកត្តាសេដ្ឋកិច្ច ការមកដល់នៃរដូវត្រី គួបផ្សំការបញ្ចេញសាច់បង្កកមានតម្លៃទាប ដែលនៅសេសសល់ទៅក្នុងទីផ្សារ ដែលធ្វើឱ្យទីផ្សារសាច់ជ្រូករស់កាន់តែមានស្ថានភាពតូចចង្អៀត។

យ៉ាងណាមិញអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលបញ្ជាឱ្យពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបការនាំចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពរួចមក ការនាំចូលសាច់បង្កកខុសច្បាប់មានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺស្ទើរតែគ្មានការនាំចូល។

ជាមួយគ្នានេះ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) កំពុងខិតខំចុះត្រួតទីតាំងស្តុក និងចែកចាយសាច់បង្កកជាបន្តបន្ទាប់ ស្របពេលគយបង្កើនការរឹតបន្តឹងការនាំចូលនៅតាមច្រករបៀងផ្សេងៗ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បង្ក្រាប និងរឹបអូសសាច់បង្កកចម្រុះខូចគុណភាព ផ្ទុកសារធាតុហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនយកទៅកម្ទេចចោល។

ចំនួននេះមានការកើនឡើងប្រមាណ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតម្រូវការទីផ្សារសាច់នៅកម្ពុជា មានការកើនឡើង។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្តេជ្ញាថា ខ្លួននឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យដូចភ្លៀងរលឹមនៅតាមបណ្តាឃ្លាំងស្តុក និងចែកចាយសាច់បង្កកនានា សំដៅទប់ស្កាត់ការនាំចូលផលិតផលសាច់ និងស៊ុតគ្មានការអនុញ្ញាត ឬគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

គួររំលឹកថា នៅក្នុងជំនួបរវាងរាជរដ្ឋាភិបាលជាមួយផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំពោះការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពរបស់ប្រជាជន។

អ្នកជំនាញរំពឹងថា តាម រយៈវិធានការនេះ វានឹងជួយធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះចំនួនអ្នកចិញ្ចឹម អាចរស់ឡើងវិញលឿនជាងមុន៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាលុបចោលគម្រោងថាមពលដើរដោយធ្យូងថ្ម ដោយងាកទៅសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG

ព័ត៌មាន
កម្ពុជាបានបោះបង់ចោលគម្រោងសាងសង់រោងចក្រថាមពលអគ្គិសនី៧០០មេហ្គាវ៉ាត់ (MW)ដើរដោយធ្យូងថ្មតម្លៃ១ពាន់៥រយលានដុល្លារ នៅតំបន់នឆ្នេរភាគនិរតីនៃប្រទ…

ហេតុអ្វីភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជាមានការកើនឡើង តែអ្នករកស៊ីក្នុងវិស័យនេះនៅតែត្អូញត្អែរខ្សត់ភ្ញៀវ?

ព័ត៌មាន
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៤លាន៤សែននាក់ នៅ១០ខែឆ្នាំនេះ កើនឡើងប្រមាណ១៨០% បើធៀបនឹងរយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ