ទីផ្សារ​ការងារ

កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ការងារ​ជាង​២​ម៉ឺន​កន្លែង


ប្រទេស​កម្ពុជា​បាន​និង​កំពុង​ប្រកាស​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ជាង ២​ម៉ឺន​កន្លែង​សម្រាប់​ឆ្នាំ​២០១៨ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ទូរគមនាគមន៍ អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ។
មនុស្ស​ម្នា​ចូលរួម​ក្នុង​ពិធី​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ នាពេល​កន្លង​មក​ថ្មីៗ​នេះ នៅ​រាជ​ធានី​ភ្នំពេញ។
ដោយ

ការ​ប្រកាស​ពី​តម្រូវការ​ការងារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ធំៗ ល្បីៗ ១៥៦​ក្រុមហ៊ុន។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូស​បញ្ជាក់​ថា នេះ​គឺ​ជា​ឱកាស​ការងារ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ដែល​ក្រុមហ៊ុន​ជាង ១៥៦ បាន​និង​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ការងារ​ជាង ២​ម៉ឺន​កន្លែង​ពី​យុវជន​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។

ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ​ឆ្នាំ​នេះ ម្ចាស់​ក្រុមហ៊ុន សហគ្រាស​សំខាន់ៗ​ដែល​បាន​ចូលរួម​សុទ្ធតែ​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​បុគ្គលិក ដែល​ជា​ធនធាន​មាន​សមត្ថភាព​ដើម្បី​មាន​ឱកាស​ធ្វើ​ការងារ​សម្រាប់​ក្រុមហ៊ុន។  

ជាក់ស្តែង ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (Worldbridge Group) របស់​លោក​ឧកញ៉ា សៀ ប្ញទ្ធី ជា​អ្នក​វិនិយោគ និង​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ឈរ​ជើង​យ៉ាង​រឹងមាំ​វិនិយោគ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង ២៥​ឆ្នាំ ដោយ​មាន​ក្រុមហ៊ុន​ជាង ៣០ កំពុង​ប្រតិបត្តិការ​​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ឡូជីស្ទីក ដឹកជញ្ជូន សំណង់ និង​អចលន​ទ្រព្យ ធនាគារ និង ហិរញ្ញវត្ថុ អាហារ និង​ភេសជ្ជៈ និង​សេវាកម្ម ផ្សេងៗ​ទៀត បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុង​ត្រូវការ​បុគ្គលិក​រាប់​រយ​នាក់​សម្រាប់​បំពេញ​ការងារ​ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ផង​ដែរ។

លោក ស៊ុយ សំណាង នាយក​ផ្នែក​ធនធាន​មនុស្ស នៃ​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (Worldbridge Group) បាន​គូស​បញ្ជាក់​ថា ធនធាន​មនុស្ស​គឺ​មាន​សារៈ​សំខាន់​ណាស់ មិន​គ្រាន់​តែ​ជា​បុគ្គលិក​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ដៃគូ​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន​ផង​ដែរ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប គឺ​ត្រូវការ​បុគ្គលិក​រាប់​រយ​នាក់​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ​ដែរ ធនាគារ ព្រីនស៍ ដែល​ទើបតែ​ប្រែ​ក្លាយ​ខ្លួន​មក​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក៏​កំពុង​ត្រូវការ​បុគ្គលិក​រហូត​ដល់ ៦៥០​នាក់ ផង​ដែរ នៅ​ក្នុង​ឆ្នាំ​នេះ។

លោក ទាង ស្រេង នាយក​ប្រតិបត្តិ​ធនធាន​មនុស្ស​នៃ​ធនាគារ ព្រីនស៍ បាន​គូស​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ ធនាគារ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន ៦៥០​នាក់ ក្នុង​នោះ មន្ត្រី​ជំនាញ​ឥណទាន​មាន​ភាគរយ​ច្រើន​ជាង​គេ។

ទាក់ទង​នឹង​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ សម្លៀក​បំពាក់ និង​ស្បែក​ជើង​ឯណោះ​វិញ ក៏​បាន​និង​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ការងារ​ទាំង​ជំនាញ​ទន់ និង​ជំនាញ​រឹង ដែល​ជា​ជំនាញ​បច្ចេកទេស​ផង​ដែរ។

លោក លី តេក ហេង ប្រធាន​ប្រតិបត្តិ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​ក្នុង​មួយ​ឆ្នាំៗ សមាគម​បាន​បណ្តុះ​បណ្តាល​យុវជន​ខ្មែរ​ដែល​មាន​ជំនាញ​ច្បាស់​លាស់​ពី ១​ពាន់ ទៅ ២​ពាន់​នាក់ ខណៈ​បច្ចុប្បន្ន វិស័យ​កាត់ដេរ​នៅ​តែ​ជា​វិស័យ​នាំ​មុខ​មួយ​ផ្នែក​ខាង​ផ្តល់​ការងារ​យ៉ាង​ច្រើន​ប្រមាណ ៧​សែន​នាក់​សម្រាប់​ពលរដ្ឋ​កម្ពុជា៕




អត្ថបទបន្ទាប់


មហា​សេដ្ឋី លី យ៉ុងផាត់ បើក​សម្ពោធ​មជ្ឈមណ្ឌល​អាពាហ៍ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​ប្រណីត​នៅ​តំបន់​សែនសុខ

ព័ត៌មាន
ដូច​ការ​គ្រោងទុក​អ៊ីចឹង ទីបំផុត​ទៅ មជ្ឈមណ្ឌល​អាពាហ៍​ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​និង​លំដាប់​ប្រណីត​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា ឌ…

ប្រទេសទាំង ៥ នៅអាស៊ី ដែលមានប្រជាជនស្ទាត់ជំនាញប្រើប្រាស់ភាសាអង់គ្លេសខ្លាំងជាងគេ

ព័ត៌មាន
ភាសាអង់គ្លេស ត្រូវបានគេស្គាល់ថា ជាភាសាសកលមួយ ដែលត្រូវបានប្រទេសជាច្រើន នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ និយមប្រើប្រាស់ ដើម្បីជាស្ពានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ