វិស័យកសិកម្ម

តើការខ្វះទឹកធ្វើស្រែប្រាំងឆ្នាំនេះអាចប៉ះពាល់ដល់ការនាំចេញអង្ករ និងសន្តិសុខស្បៀងដែរ ឬទេ?


ការណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទីពីរ ដោយសារតែបារម្ភពីការខ្វះខាតទឹកបានក្លាយជារឿងចាប់អារម្មណ៍ពីអ្នកជំនាញ និងសាធារណជនយ៉ាងខ្លាំង។ ការណ៍នេះ ត្រូវបានអ្នកជំនាញកសិកម្មយល់ថា អាចដោយសារតែការធ្វើស្រែប្រាំងមានការកើនឡើង និងលើសពីសមត្ថភាពអាងស្តុកទឹកដែលមានស្រាប់ ស្របពេលដែលតម្លៃស្រូវកើនខ្ពស់។
វិស័យកសិកម្ម
ដោយ

ទោះយ៉ាងណា អ្នកជំនាញកសិកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មយល់ឃើញថា បញ្ហាខ្វះទឹកធ្វើស្រែប្រាំងនេះ នឹងមិនបង្កឲ្យមានផលប៉ះពាល់ដល់សមត្ថភាពនាំចេញ និងសន្ដិសុខស្បៀងនោះឡើយ។

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានយល់ឃើញថា ការខ្វះខាតទឹកសម្រាប់បង្កបង្កើនផលស្រូវនៅរដូវប្រាំងនេះ ពុំអាចប៉ះពាល់ដល់ សន្តិសុខស្បៀងនោះទេ។ ពុំអាចប៉ះពាល់ក៏ដោយសារតែបច្ចុប្បន្នកសិករផលិតស្រូវបានច្រើនខែ តាមរយៈប្រព័ន្ធទឹកដែលមានស្រាប់។ ទន្ទឹមគ្នានេះ លោកកត់សម្គាល់ថា ការខ្វះទឹកធ្វើស្រូវប្រាំងឆ្នាំនេះ គឺអាចខ្វះតែសម្រាប់អ្នកធ្វើស្រែប្រាំងលើសពីសមត្ថភាពនៃអាងស្តុកទឹកនៅកន្លែងណាមួយប៉ុណ្ណោះ ហើយបញ្ហានេះក៏ពុំអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ស្រូវនោះដែរ។

ជុំវិញការខ្វះខាតទឹកធ្វើស្រែប្រាំងឆ្នាំនេះ អ្នកជំនាញកសិកម្ម លោក ច័ន្ទ​ សុផល បានលើកឡើងថា ដំណោះស្រាយរយៈពេលវែង គឺត្រូវពិនិត្យរកតំបន់ថ្មីៗបន្ថែមទៀតដើម្បីបង្កើតអាងទឹកនិងតំបន់ស្ទាក់ទឹកភ្លៀងសម្រាប់ស្តុកទុកប្រើប្រាស់។ ក្រៅពីនោះ ក៏ត្រូវបង្កើតប្រព័ន្ធប្រឡាយទឹកបន្ថែមទៀត ដើម្បីអូសទឹកពីទន្លេ ដែលមានស្រាប់សម្រាប់យកទៅប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការរំពឹងទុកថា ការបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំនេះនឹងមិនមានផលប៉ះពាល់ដល់សន្តិសុខស្បៀងនោះឡើយ ហើយទិន្នផលស្រូវក៏នឹងមិនមានការថយចុះនោះដែរ។ អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា តំបន់ដែលខ្វះខាតទឹកភាគច្រើន គឺជាតំបន់ដែលតែងតែប្រឈមនឹងការខ្វះខាតទឹកដូចរាល់ឆ្នាំ និងពុំបានចាត់បញ្ចូលក្នុងផែនការប្រចាំឆ្នាំកន្លងមកនោះទេ។

យោងទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមខែមករា ឆ្នាំ២០២៤ ផ្ទៃដីដាំដុះស្រែប្រាំងក្នុងឆ្នាំនេះ មានចំនួនជាង៧១ម៉ឺនហិកតា ខណៈនៅក្នុងផែនការមានត្រឹមតែជាង ៤១ម៉ឺនហិកតាប៉ុណ្ណោះ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨អង្សាសេ និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១ អង្សាសេ និងបានស្នើដល់អាជ្ញាធរដែនដី ព្រមទាំងសាធារណជន ចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឌូបៃ ប្រកាសបើកការដ្ឋានសាងអគារកប់ពពកថ្មីតម្លៃរាប់ពាន់លានដុល្លារ ដែលខ្ពស់បំផុតទី២ ក្នុងពិភពលោក

ព័ត៌មាន
ក្រុងឌូបៃ មានកេរ្ដិ៍ឈ្មោះកាន់តែល្បីល្បាញពាសពេញពិភពលោកដោយសារតែវត្តមាននៃអគារកប់ពពក បឺច ខាលីហ្វា (Burj Khalifa) តម្លៃ ១,៥ពាន់លានដុល្លារអ…

ស្ថាប័នអន្តរជាតិ AMRO ព្យាករថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ នឹងសម្រេចបានកំណើន ៤,៥% ខណៈកម្ពុជា សម្រេចបាន ៦,២% នៅឆ្នាំ២០២៤

ព័ត៌មាន
ជាមួយនឹងតម្រូវការក្នុងស្រុករឹងមាំ ស្របពេលអតិផរណាស្ថិតក្នុងកម្រិតមធ្យមគួបផ្សំបរិយាកាសពាណិជ្ជកម្មបន្តប្រសើរឡើងជាលំដាប់ នឹងជួយឱ្យតំបន់អាស៊ាន+…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ