ប្រទេសឥណ្ឌូនេស៊ី

គម្រោងសាងសង់រដ្ឋធានីថ្មីតម្លៃរាប់សិបពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ី ស្ថិតក្នុងភាពមិនប្រាកដប្រជា


គម្រោងសាងសង់រដ្ឋធានីថ្មីឈ្មោះ នូសានតារា (Nusantara) របស់ឥណ្ឌូនេស៊ី ដែលគ្រោងចំណាយដល់ទៅចន្លោះពី៣០ ទៅ៤០ពាន់លានដុល្លារ ដែលកំពុងលេចចេញជារូបរាងបណ្ដើរៗហើយនោះ ពេលនេះកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈប្រធានាធិបតី ចូកូ វីដូដូ ដែលជាអ្នកចាប់ផ្ដើមគម្រោងនេះក្នុងឆ្នាំ២០១៩ នឹងត្រូវចុះចេញពីអំណាចនៅខែតុលា ឆ្នាំ២០២៤ នេះ ក្រោយកាន់អំណាចបាន២អាណត្តិ។
ប្រទេសឥណ្ឌូនេស៊ី
ដោយ

អគារកញ្ចក់ និងក្រូម៉េដ៏ស្កឹមស្កៃមួយដែលមានរាងជាបក្សីគ្រុឌត្រដាងស្លាបយ៉ាងអំណាចអស្ចារ្យកំពុងតែផុសឡើងយ៉ាងត្រដែតចេញពីក្នុងព្រៃនៃកោះប័រណេអូ (Borneo) ដែលជាកោះធំបំផុតទី៣ ក្នុងពិភពលោកនៃប្រទេសឥណ្ឌូនេស៊ី។

កាលពី២ឆ្នាំមុន ទីតាំងនេះគ្រាន់តែជាចម្ការដ៏ធំល្វឹងល្វើយដែលមានសភាពស្ងាត់ជ្រងំប៉ុណ្ណោះ ប៉ុន្តែត្រឹមតែក្នុងរយៈពេល៧ខែសោះ ស្រាប់តែអគារបក្សីគ្រុឌត្រដាងស្លាបនេះផុសត្រដែតឡើងយ៉ាងរហ័ស ខណៈក្រុមការងារកំពុងសម្រុកសាងសង់អគារនេះឱ្យចប់រួចរាល់ទាន់បុណ្យឯករាជ្យរបស់ប្រទេសនេះនៅខែសីហា ខាងមុខ។ អគារគ្រុឌត្រដាងស្លាបដែលស្ថិតនៅក្នុងគម្រោងសាងសង់រដ្ឋធានីថ្មីដែលមានឈ្មោះថា នូសានតារា (Nusantara) នេះនឹងក្លាយជាវិមានប្រធានាធិបតីរបស់ប្រទេសឥណ្ឌូណេស៊ី។

គម្រោងរដ្ឋធានីថ្មីទាំងមូលដែលរដ្ឋមន្ត្រីឥណ្ឌូនេស៊ី មួយរូបបានបង្ហើបប្រាប់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg ថា គ្រោងចំណាយដល់ទៅចន្លោះពី៣០ទៅ៤០ពាន់លានដុល្លារ និងដែលគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០៤៥ នេះ គឺជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ចូកូវី ដែលបានចាប់ផ្ដើមគម្រោងដ៏មហិច្ឆតានេះក្នុងឆ្នាំ២០១៩ ជាពេលចាប់ផ្ដើមអាណត្តិទី២ នៃការកាន់អំណាចរបស់លោក។

ប៉ុន្តែឈានដល់ការបញ្ចូលបន្ថែមនូវគម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា អនាគតនៃគម្រោងរដ្ឋធានីថ្មីនេះបែរជាស្ថិតក្នុងភាពមិនប្រាកដប្រជា និងហាក់នៅឆ្ងាយពីការសម្រេចបានតាមគោលដៅកំណត់ ទាំងដែលមន្ត្រីរាជការប្រមាណ៣.០០០នាក់ត្រៀមផ្លាស់ទៅកាន់រដ្ឋធានីថ្មីនូសានតារា (Nusantara) នៅចុងឆ្នាំនេះ។ ទាំងនេះ ក៏ដោយសារតែប្រធានាធិបតី ចូកូវី ត្រូវចុះចេញពីអំណាចនៅខែតុលា ឆ្នាំនេះ បន្ទាប់ពីកាន់អំណាចបាន២អាណត្តិ ពោលគឺគម្រោងនេះនឹងរបូតចេញពីដៃរបស់លោក ចូកូវី។

អ្នកបន្តវេនពីលោក ចូកូវី នឹងត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកុម្ភៈ ប៉ុន្តែភាគច្រើនរំពឹងថា ការបោះឆ្នោតនេះនឹងធ្វើឡើងនៅអំឡុងខែមិថុនា។ ខណៈបេក្ខជនប្រធានាធិបតីសំខាន់២រូបក្នុងចំណោមបេក្ខភាពប្រធានាធិបតីទាំង៣រូប បានគាំទ្រផែនការរើរដ្ឋធានីចាស់ទៅកាន់រដ្ឋធានីថ្មី គេនៅតែយល់ថា អ្នកបន្តវេនថ្មីនឹងពិបាកអនុវត្តចក្ខុវិស័យរបស់លោក ចូកូវី ឱ្យសម្រេចខ្លាំងណាស់។

ទន្ទឹមនឹងនេះ សន្ទុះនៃការកៀរគរប្រមូលមូលនិធីដើម្បីសាងសង់រដ្ឋធានីថ្មីនេះក៏បានជាប់គាំង ដោយមានវិនិយោគិនតិចតួចណាស់ដែលមានឆន្ទៈផ្ដល់មូលនិធិ រហូតទាល់តែជ្រើសរើសបានមេដឹកនាំបន្តវេនថ្មី និងថា តើមេដឹកនាំបន្តវេនថ្មីនោះមានជំហរច្បាស់លាស់កម្រិតណាចំពោះគម្រោងរដ្ឋធានីថ្មីនេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្តល់ហិរញ្ញប្បទានត្រឹមតែ២០%ប៉ុណ្ណោះនៃការផ្ដល់ហិរញ្ញប្បទានសរុបសម្រាប់គម្រោងសាងសង់រដ្ឋធានីថ្មីនេះ ហើយ៨០%ទៀតគឺត្រូវការការវិនិយោគពីវិស័យឯកជន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចសកលមានក្នុងរង្វង់ជាង៣% នៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចសកលក្នុងរង្វង់ជាង៣% នៅក្នុងឆ្នាំ២០២៤ នេះ ដោយសារតែសហរដ្ឋ…

តើកត្តាអ្វីជំរុញឱ្យកសិករផ្ទុះការតវ៉ារាលដាលពាសពេញតំបន់អឺរ៉ុប រួមទាំងបារាំង នៅមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប?

ព័ត៌មាន
ប្រជាកសិករបារាំង បាននាំគ្នាបើកត្រាក់ទ័រទៅបិទផ្លូវហាយវ៉េសំខាន់ៗជិតទីក្រុងប៉ារីស និងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ