ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

តើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអាចធ្វើឲ្យរង្គោះរង្គើការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា៤%នៅឆ្នាំ២០២១នេះដែរឬទេ?


នៅឆ្នាំ២០២១ នេះមួយនេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងស្ទុះងើបឡើងវិញជាមួយកំណើន៤% ក្រោយពីធ្លាក់ចុះប្រមាណជាង៣% កាលពីឆ្នាំ២០២០។ ក៏ប៉ុន្ដែ គ្រាន់តែបើកឆាកឆ្នាំ២០២១នេះភ្លាម ពោលគឺនៅក្នុងខែ២ កម្ពុជាចាប់ផ្ដើមរងនូវឥទ្ធិពលកាន់តែយ៉ាប់យ៉ឺននៃការឆ្លងកូវីដ-១៩ រលកទី៣ ជាក់ស្ដែង ម្សិលមិញនេះ អ្នកឆ្លងថ្មីដែលបានរកឃើញមានដល់ទៅជាង១០០នាក់ ដែលជាករណីឆ្លងច្រើនបំផុតមិនធ្លាប់មាននោះទេតាំងពីមានការផ្ទុះឆ្លងកូវីដ-១៩ លើកដំបូងបង្អស់នៅកម្ពុជា។ សំណួរ សួរថា តើគោលដៅកំណើនសេដ្ឋកិច្ច៤% របស់កម្ពុជានៅឆ្នាំ២០២១ អាចនឹងនៅតែបន្ដសម្រេចបានឬក៏យ៉ាងណា?
បុគ្គលិកសុខាភិបាលកំពុងសកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជាថ្ងៃទី១៣ មីនា ២០២១។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ខេ​ម​បូ​ណូ​មី​ស បាន​សម្ភាសន៍​ជាមួយនឹង​អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នកជំនួញ​ជា​ច្រើន ដោយ​ពួក​គាត់​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ ចំពោះ​ដំណើរកា​រវិ​វត្ត​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ឆ្លង​ចូល​សហគមន៍​នេះ ថា​វា​ពិតជា​ធ្វើ​ឲ្យ​មាន​កត្តា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​កត្តា​ប្រឈម​នោះ​អាច​បង្ក​ផល​ប៉ះពាល់​តិច ឬ​ក៏​ច្រើន អាស្រ័យ​លើ​ថា តើ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​នេះ នឹង​បន្ដ​រាលដាល​ខ្លាំង​បន្ដ​ទៀត ឬ​ក៏​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ឯកឧត្តម ហុង សុខ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ផ្ទុះ​ឡើង​នៃ​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ពិតជា​បាន​ជះ​ឥទ្ធិពល​មិនល្អ​ខ្លះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​តិចតួច​មក​លើ​កិច្ច​ដំណើរការ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ ហើយ​បើសិនជា​វិបត្តិ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ទៀត​នោះ ផែនការ​រ​ចូល​ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ចំនួន ក៏​នឹង​ត្រូវ​មាន​បញ្ហា​ដូច​គ្នា​ដែរ​។

ទោះជា​យ៉ាង​ក្តី ឯកឧត្តម ហុង សុខ​ហួរ អះអាង​ថា ទំហំ​នៃ​ការ​ជួញដូរ ដូច​ជា​មិន​មានការ​ប៉ះពាល់​ខ្លាំង​ទេ ព្រោះ ពេល​ថ្លៃ​មាន​ធ្លាក់​ចុះ ការ​មាន​វិនិយោគិន​ខ្លះ គាត់​បន្ត​ទិញ​ចូល ដោយសារ​តម្លៃ​ភាគហ៊ុន​ធូរ​ថ្លៃ​។ 

ជាមួយ​គ្នា​ដែរ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គៅ​ល​នយោបាយ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា លោក​មាន​ក្ដី​បារម្ភ ចំពោះ ការ​អូស​បន្លាយ​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ប៉ុន្តែ​ចំពោះ​ផលវិបាក​កម្រិត​ណា គឺ​លោក​មិន​ទាន់​អាច​ដឹង​បាន​ទេ ទាល់តែ​គេ​អាច​សន្មត​បាន​ថា  មានការ​បិទ អាជីវកម្ម​ដល់​ពេល​ណា​សិន ទើប​អាច​សន្និដ្ឋាន​បាន​ថា​ផល​ប៉ះពាល់​មាន​កម្រិត​ណា​នោះ​។

ទោះ​យ៉ាងណា បើ​តាម​ការ​យល់​ឃើញ​របស់​អ្នកជំនាញ សេដ្ឋកិច្ច​រូប​នេះ កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២១​នេះ ទំនងជា​អាច​នឹង​ទាប​ជាង​ការ​ព្យាករ​ថា នឹង​មាន​៤% ដោយសារ​តែ​ការ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។

ជុំវិញ​ទៅ​នឹង​កា​រវិ​វត្ត​ចុង​ក្រោយ​នៃ​ការ​ឆ្លង​សហគមន៍​នេះ​ដែរ ឧកញ៉ា គួ​ច ម៉េ​ង​លី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ម៉េ​លី ជេ​គួ​ច អេ​ឌ្យូ​សិន ដែល​ជា​អ្នកជំនួញ​លេចធ្លោ​មួយ​រូប​នៅ​ក្នុង​វិស័យ​អប់រំ បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​សង្កេត​របស់​លោក នៅ​អំឡុង​ពេល​នេះ គឺ​វិស័យ​ឯកជន​មានការ​ប៉ះពាល់​ខ្លាំង រួម​ទាំង វិស័យ​ទេសចរណ៍ និង​វិស័យ​អប់រំ ពិសេស​គឺ​អាជីវកម្ម​ខ្នាត​តូច​។ ទោះ​យ៉ាងណា លោក​ថា​ក្រុមហ៊ុន​ធំ​ៗ​ក៏​រង​ផល​ប៉ះពាល់​ដែរ ប៉ុន្ដែ ពួក​គេ​មាន​ប្រភព​ទុន​រឹង​មាំ និង​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រង​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នេះ ប៉ុន្ដែ សម្រាប់ អាជីវកម្ម​ខ្នាត​តូច ពិសេស​សាលា​ឯកជន អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បិទទ្វារ​កាន់តែ​ច្រើន​ទៀត បើសិនជា​បញ្ហា​ឆ្លង​រីក​រាលដាល​នេះ នៅ​តែ​អូស​បន្លាយ​យូរ​។

អ្នកជំនាញ​នៅ​ផ្នែក​វិស័យ​ដឹក​ជញ្ជូន​ឯណេះ​វិញ ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ដឹក​ជញ្ជូន និង​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លាំង​ដែរ​ចំពោះ​វិស័យ​ដឹក​ជញ្ជូន ដោយសារ​តែ​ការ​បន្ត​អូស​បន្លាយ នៃ​ការ​រីក​រាល​ព្រឹត្តិការណ៍​សហគមន៍​នេះ នៅ​ចំ​ពេល​ដែល​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​កំពុង​តែ​មាន​បញ្ហា​ឡើងថ្លៃ​ខ្ពស់​ស្រាប់​ទៅ​ហើយ​នោះ​។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អ្នកជំនួញ​កសិកម្ម​ឈានមុខ​មួយ​រូប​ផង​ដែរ​នោះ បាន​និយាយ​ថា ចំពោះ​វិស័យ​កសិកម្ម​នា​ពេល​នេះ គឺ​នៅ​មានដំណើរ​ការ​ល្អ​ប្រសើរ បើ​ទោះបីជា​ការ​នាំ​ចេញ​អង្ករ​នៅ​ពី​ខែ​មកនេះ មានការ​ថយ​ចុះ​បន្តិច​ក្ដី តែ​នៅ​ខែ​៣​នេះ​ចាប់ផ្ដើម​មានការ​កើនឡើង​វិញ​ហើយ​។ ទោះ​យ៉ាងណា លោក​ទទួលស្គាល់​ថា បញ្ហា​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​លើក​នេះ គឺ​ពិតជា​មាន​ធ្ងន់ធ្ងរ​ជាង​២​លើក​មុន​ៗ ហើយ​វា​បាន​ប៉ះពាល់​ទាំង​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​។

ជុំវិញ​បញ្ហា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា នៅ​ក្នុង​ដំណាក់កាល គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ ដែល​ធ្វើ​ឲ្យ​កំលាំង​សេដ្ឋកិច្ច​របស់​កាន់តែ​ថមថយ​ទៅ​ៗ​។ តែ​យ៉ាងណាមិញ​ឯកឧត្តម​បណ្ឌិត បាន​ផ្តល់​យោបល់​ថា យន្តការ​បន្ទាន់​នា​ពេល​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រង​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​នេះនោះ​ទេ​។

សូម​បញ្ជាក់​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​នូវ​វិធានការ​ចំនួន​៧​ជុំ​រួច​មក​ហើយ​ក្នុង​ការ​ជួយ​ពលរដ្ឋ​ក្រីក្រ​ងាយ​រង​គ្រោះ កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ក៏​ដូច​ជា​ការ​បន្ធូរ​បន្ថយពន្ធ​មួយ​ចំនួន​សម្រាប់​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩​។

ថ្មី​ៗ​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​បញ្ជាក់​ដែរ កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ ដែល​បាន​ដាក់​ចេញ​សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វី​ដ​តាំងពី​ឆ្នាំ​២០២០​នោះ មក​ទល់​ពេល​នេះ ប្រើប្រាស់​ជិត​អស់ហើយ ហើយ​រដ្ឋ​ក៏​បាន​ត្រៀម​ថវិកា​បន្ថែម​៨០០​លាន​ដុល្លារ​ទៀត​នៅ​ឆ្នាំ​២០២១​នេះ ដើម្បី​បន្ដ​ដោះស្រាយ​កូ​វី​ដ​-១៩ ដែល​កំពុង​បន្ដ​រាតត្បាត​ខ្លាំង​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេស​ថៃបង្ហាត់​ឆ្កែ​ហិត​រក​អ្នកជំងឺកូវីដ-១៩​ដែល​​មិន​ចេញ​រោគ​សញ្ញា​ បាន​ដោយ​ជោគជ័យ

ព័ត៌មាន
ក្រុម​ស្រាវជ្រាវមួយ​នៅ​ឯ​សាកលវិទ្យាល័យ​ ជូឡាឡុងកន បាន​បង្ហាត់​ឆ្កែ​ហិត​ក្លិន​ចំនួន ៦ក្បាល​ប្រកប​ដោយ​ជោគជ័យ ដើម្បី​ឲ្យ​ហិត​រក​អ្នក​ជំងឺ​ក…

ក្រុមហ៊ុន Smart Axiata ផ្តល់ការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតគិតថ្លៃក្នុងការគាំទ្រការប្រឆាំងកូវីដ១៩ នៅកម្ពុជា

ព័ត៌មាន
និរន្តភាព និងការទំនាក់ទំនងដ៍រលូនរបស់អតិថិជនទាំងអស់គឺជាគោលបំណងចំបងរបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ