គ្មានការជិះយន្តហោះដោយឥតគិតថ្លៃនោះទេ

មន្ត្រីអាកាសចរស៊ីវិល៖ គ្មានការផ្តល់ឱ្យអ្នកដំណើរជិះយន្តហោះដោយឥតគិតថ្លៃ ក្នុងអំឡុងពេលដំណើរការសាកល្បងព្រលានយន្តហោះសៀមរាបថ្មីនោះទេ


មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងបើកទទួលជើងជើងហោះហើរសាកល្បងមួយចំនួន ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនមែនដើម្បីរកប្រាក់ចំណេញរយៈពេល១០ថ្ងៃ មុនដាក់ឲ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលខែតុលា។ ប៉ុន្តែការបើកទទួលជើងហោះសាកល្បងនេះមិនមែនផ្តល់ឱ្យអ្នកដំណើរជិះយន្តហោះដោយឥតគិតថ្លៃនោះទេ។
មន្ត្រីអាកាសចរស៊ីវិល៖ គ្មានការផ្តល់ឱ្យអ្នកដំណើរជិះយន្តហោះដោយឥតគិតថ្លៃ ក្នុងអំឡុងពេលដំណើរការសាកល្បងព្រលានយន្តហោះសៀមរាបថ្មីនោះទេ

ការចេញមកអះអាងបែបនេះរបស់មន្ត្រីអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្រោយមានសារព័ត៌មានមួយចំនួនចុះផ្សាយថា នៅក្នុងអំឡុងបើកដំណើរការសាងល្បង១០ថ្ងៃខាងមុន អ្នកដំណើរអាចជិះយន្តហោះដោយឥតគិតថ្លៃ ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គ្មានការផ្តល់ឲ្យអ្នកដំណើរអាចជិះយន្តដោយឥតគិតថ្លៃក្នុងអំឡុងពេលបើកដំណើរការសាងល្បងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចន្លោះពីថ្ងៃទី៥-១៥ ខែតុលា ខាងមុខនោះទេ។ ការអះអាងបែបនេះធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្នុងពេលបើកដំណើរការសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីរយៈពេល១០ថ្ងៃខាងមុខ នឹងមានការផ្តល់ការធ្វើដំណើរតាមយន្តហោះដោយឥតថ្លៃ។ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ នៅក្នុងអំឡុងពេលបើកដំណើរការសាកល្បងនេះ ព្រលានយន្តហោះនេះនឹងអនុញ្ញាតឱ្យយន្តហោះប្រភេទឆាតទ័រ និងការហោះទាំងឡា ដែលមិនស្វែងរកប្រាក់ចំណេញ ដូចជាការចុះចតសម្រាប់យន្តហោះ VIP, ប្រភេទយន្តហោះសម្រាប់បណ្តុះបណ្តាលដល់អ្នកបើកយន្តហោះថ្មី និងការហោះហើរសាកល្បងបច្ចេកទេសតែប៉ុណ្ណោះ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣តទៅ។ ក្រោយព្រលានយន្តហោះថ្មីនេះដាក់ឲ្យដំណើរការ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនេះសាងសង់ក្រោមទម្រង់វិនិយោគ«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ» ហើយជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើផ្ទៃដី៧០០ហិកតា និងមានដីបម្រុងទុក១ពាន់ហិកតាសម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/តំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា«ទីក្រុងអាកាសយានដ្ឋាន/Airport City» នាពេលខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Angkor International Airport Investment (AIAI) មានតម្លៃវិនិយោគប្រមាណ១ពាន់១រយលានដុល្លារ ខណៈការវាយតម្លៃដំបូងគ្រោងចំណាយប្រមាណ៨៨០លានដុល្លារអាមេរិកប៉ុណ្ណោះ។

សម្រាប់ការដាក់ឲ្យដំណើរការការសាងសង់ដំណាក់កាលទី១នេះ ព្រលានយន្តហោះនេះ មានសមត្ថភាពអាចឲ្យយន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី ដូចជា A-340-300, A-350-900 និង B777 និង B747 ចុះចតបាន។ ព្រលានយន្តហោះនេះមានចំណតយន្តហោះចំនួន៣៨យន្តហោះ ដែលអាចទទួលអ្នកដំណើរបានពី៧លាននាក់ទៅជាង១០លាននាក់ និងអាចទទួលជើងហោះហើរពីជិត៦ម៉ឺនជើងទៅជាង៨ម៉ឺនជើង និងទំនិញពី១ម៉ឺនតោនក្នុង១ឆ្នាំទៅ៣ម៉ឺនតោនក្នុង១ឆ្នាំពីឆ្នាំ២០២៣ដល់ឆ្នាំ២០៤០៕




អត្ថបទបន្ទាប់


ទិញផ្ទះប្រភេទណាក៏បាន នៅគ្រប់គម្រោងនៃបុរី មេគង្គ លែន នឹងទទួលបានកញ្ចប់ដំណើរកម្សាន្តទៅកាន់កោះសង្សារ ចំនួន២យប់ ៣ថ្ងៃ

ព័ត៌មាន
ការផ្តល់ជូនពិសេសបានមកដល់ទៀតហើយ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី មេគង្គ លែន គ្រប់គម្រោង និងគ្រប់ប្រភេទផ្ទះទាំងអស់ នឹងទទួលបានកញ្ចប់ដំណើរកម្…

ឯកឧត្តម ជា ចាន់តូ៖ ប្រព័ន្ធធនាគារនៅកម្ពុជានៅតែរឹងមាំ ទោះមានការរឹតត្បិតហិរញ្ញវត្ថុសកល

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែរក្សាបានភាពធន់ និងរឹងមាំ បើទោះលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ