អង្គការឃ្លាំមើលបញ្ញាសិប្បិនិម្មិត (AI) ដូចនុយក្លេអ៊ែរ

មេ UN គាំទ្រគំនិតបង្កើតឱ្យមានអង្គការអន្តរជាតិឃ្លាំមើល AI ស្រដៀងទីភ្នាក់ងារនុយក្លេអ៊ែរសាកលដែរ


អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី ១២ មិថុនា បានបង្ហាញការគាំទ្រគំនិតផ្ដួចផ្ដើមរបស់ប្រធានក្រុមហ៊ុនបញ្ញាសប្បនិម្មិតមួយចំនួន ដែលស្នើឱ្យបង្កើតអង្គការឃ្លាំមើលបញ្ញាសិប្បនិម្មិតអន្តរជាតិ ដែលស្រដៀងនឹងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែរ។
ប្រធាន UN គាំទ្រឱ្យមានអង្គការឃ្លាំមើលបញ្ញាសិប្បិនិម្មិត (AI) ដូចនុយក្លេអ៊ែរ

ការបង្ហាញពីគំនិតផ្ដួចផ្ដើមនេះ នៅចំពេលដែលនៅចុងក្រោយនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅថា AI កំពុងមានការរីកលូតលាស់យ៉ាងខ្លាំង ខណៈដែលអ្នកជំនាញខ្លះធ្លាប់បានព្រមានថា វាមានឥទ្ធិពលធ្វើឲ្យមានគ្រោះមហន្ដរាយមនុស្សជាតិ មិនចាញ់មេរោគរាតត្បាត ឬសង្គ្រាមនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោក អាន់តូនីអូ ហ្គូតឺរេស បានប្រាប់អ្នកយកព័ត៌មានថា ស្នូរកណ្តឹងកំពុងរោទិ៍ព្រមានឱ្យដឹងអំពីទម្រង់ចុងក្រោយបំផុតនៃបញ្ញាសិប្បនិម្មិត ហើយស្នូរនេះលាន់ឮខ្លាំងបំផុតចេញពីអ្នកអភិវឌ្ឍដែលបានរចនាវាឡើង។ លោកបញ្ជាក់ថា៖ «យើងត្រូវតែយកចិត្តទុកដាក់ចំពោះការព្រមាននេះឱ្យមែនទែន»។

បច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលអាចបង្កើតឃ្លាប្រយោគប្រកបដោយឥទ្ធិពលពីអក្សរនៅលើកញ្ចក់កុំព្យូធើបានទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនចាប់តាំងពីពេលដែលកម្មវិធី ChatGPT ត្រូវបានដាក់ឱ្យមានដំណើរការកាលពីប្រាំមួយខែមុន ហើយបានក្លាយជាកម្មវិធីដែលរីកលូតលាស់លឿនបំផុតគ្មានគូប្រៀប។ AI ក៏បានក្លាយជាចំណុចទាក់ទាញការព្រួយបារម្ភដែរ ចំពោះសមត្ថភាពរបស់វាក្នុងបង្កើតរូបភាពក្លែងក្លាយនិងព័ត៌មានមិនពិតផ្សេងៗទៀតដែរ។

លោក ហ្គូតឺរេស បានប្រកាសអំពីផែនការចាប់ផ្តើមការងារនៅចុងឆ្នាំនេះ ទាក់ទងនឹងការបង្កើតស្ថាប័នប្រឹក្សាកម្រិតខ្ពស់ស្ដីពី AI ដើម្បីត្រួតពិនិត្យជាប្រចាំនូវការរៀបចំកិច្ចការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងផ្តល់អនុសាសន៍អំពីរបៀបដែលការរៀបចំទាំងនោះអាចស្របទិសគ្នាជាមួយសិទ្ធិមនុស្ស នីតិរដ្ឋ និងផលប្រយោជន៍រួម។

ប៉ុន្តែ កាលពីថ្ងៃចន្ទ លោកបានបន្ថែមថា “ខ្ញុំគាំទ្រគំនិតដែលថាយើងអាចមានទីភ្នាក់ងារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត … ដោយយកតាមគំរូទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិដែលមានសព្វថ្ងៃនេះ”។

លោក ហ្គូតឺរេស បានបន្តថា «វាពិតជារឿងគួរឱ្យចាប់អារម្មណ៍ណាស់» តែលោកបានកត់សម្គាល់ថា«មានតែរដ្ឋសមាជិកអង្គការសហប្រជាជាតិប៉ុណ្ណោះដែលអាចបង្កើតអង្គការនេះ មិនមែនអគ្គលេខាធិការដ្ឋានរបស់ UN ទេ»។

សូមរំលេចថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧ ហើយមានភារកិច្ចលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព ការធានា និងសន្តិភាព ទន្ទឹមនឹងឃ្លាំមើលការរំលោភលើសន្ធិសញ្ញាមិនសាបព្រោះនុយក្លេអ៊ែរ (NPT)។ ទីភ្នាក់ងារនេះមានរដ្ឋជាសមាជិកចំនួន១៧៦ប្រទេស។

ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីឆ្លងឆ្លើយ ChatGPT បាននិយាយកាលពីខែមុនថា ទីភ្នាក់ងារដែលគ្រោងបង្កើតឡើងនោះ អាចដាក់ការរឹតត្បិតលើការដំឡើងកម្មវិធី, ត្រួតពិនិត្យអនុលោមភាពតាមបទដ្ឋានសុវត្ថិភាព, ព្រមទាំងតាមដានការប្រើប្រាស់ថាមពលកុំព្យូទ័រផងដែរ។

សូមរំលឹកថា កាលពីចុងខែឧសភាកន្លងទៅ លិខិតចំហមួយត្រូវបានចុះហត្ថលេខាដោយនាយកប្រតិបត្តិ អ្នកស្រាវជ្រាវ និងវិស្វករជាង៣៥០នាក់ដែលធ្វើការនៅក្នុងវិស័យAI។ នៅក្នុងប្រយោគមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលសុវត្ថិភាព AI បានសរសេរថា ដើម្បីកាត់បន្ថយហានិភ័យនៃការផុតពូជមនុស្សដែលបង្កឡើងដោយ AI, វាគួរតែត្រូវបានពិភពលោកចាត់ទុកជាអាទិភាពមួយ ក្នុងចំណោមបញ្ហាសង្គមនិងសន្តិសុខផ្សេងៗទៀត ដូចជាជំងឺរាតត្បាត និងសង្គ្រាមនុយក្លេអ៊ែរជាដើម៕




អត្ថបទបន្ទាប់


ត្បូង និងគ្រឿងអលង្ការរបស់ថៃបាត់បង់រស្មីលើទីផ្សារបរទេស ចំពេលសេដ្ឋកិច្ចពិភពលោកថមថយ

ព័ត៌មាន
វិទ្យាស្ថានត្បូងនិងគ្រឿងអលង្ការថៃ បាននិយាយកាលពីថ្ងៃចន្ទទី១២មិថុនាថា ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់រាជាណាចក្រមួយនេះនៅខែមេសាឆ្នាំ២០២៣ …

ធនាគារកណ្ដាលចិនបញ្ចុះអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១០ខែមកនេះ ឱ្យនៅត្រឹម ១,៩០% ចំពោះកម្ចីរយៈពេលខ្លី

ព័ត៌មាន
ប្រទេសចិនបានចាត់វិធានការមួយនៅថ្ងៃអង្គារ សំដៅស្តារទំនុកចិត្តទីផ្សារ និងជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញនៅក្រោយសម័យជំងឺរាតត្បាតកូវីដ១៩ ដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ