មីយ៉ាន់ម៉ា-ចិន-មហាសមុទ្រឥណ្ឌា

តើមីយ៉ាន់ម៉ាមានសារសំខាន់យ៉ាងណាចំពោះប្រទេសចិន បានជាធ្វើឱ្យប្រទេសទាំងពីរខិតចូលគ្នាខ្លាំងនៅពេលនេះ?


ជាងពីរឆ្នាំក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសចិនត្រូវបានគេមើលឃើញកាន់តែច្បាស់ថាជាខ្នងបង្អែកដ៏រឹងមាំនៃរបបយោធា។ តែស្របពេលដែលការគាំទ្ររបស់ទីក្រុងប៉េកាំងកាន់តែស្អិតល្មួតដែរនោះ ចិនត្រូវបានគេមើលឃើញថាកំពុងចាប់យកផលប្រយោជន៍យុទ្ធសាស្ត្រពីប្រទេសមីយ៉ាន់ម៉ាដើម្បីឆ្លងទៅមហាសមុទ្រឥណ្ឌា និងប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
តើមីយ៉ាន់ម៉ាមានសារសំខាន់យ៉ាងណាចំពោះប្រទេសចិន បានជាធ្វើឱ្យប្រទេសទាំងពីរខិតចូលគ្នាខ្លាំងនៅពេលនេះ?

ទំនាក់ទំនងដ៏កក់ក្ដៅរវាងចិននិងមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំប្រទល់គ្នា បានបង្ហាញឱ្យឃើញច្បាស់នៅពេលដែលមេរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំ (Min Aung Hlaing) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីង កាង (Qin Gang) នៅរដ្ឋធានីណៃពីដោ (Naypyitaw) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២ ខែឧសភាកន្លងទៅ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនោះថា «ប្រទេសចិនជឿជាក់ថា សហគមន៍អន្តរជាតិគួរតែគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងដើរតួនាទីស្ថាបនាក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាពនិងការផ្សះផ្សាជាតិ»។ សេចក្ដីថ្លែងការណ៍នោះបន្តថា «ប្រទេសចិនក៏នឹងបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសមីយ៉ាន់ម៉ា» និង«ពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗនៃច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ាផងដែរ»។

យោងតាមសេចក្តីថ្លែងការណ៍នេះ គេអាចនិយាយបានថា ទីក្រុងប៉េកាំងបានប្តេជ្ញាគាំទ្ររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ បើទោះជារបបសឹកកំពុងរងសម្ពាធទណ្ឌកម្មពីលោកខាងលិចយ៉ាងណាក្តី។ ក្នុងដំណើរនោះដែរ រដ្ឋមន្ត្រីការបរទេសចិនក៏បានលើកឡើងពីគម្រោងច្រករបៀងសេដ្ឋកិច្ចដែលឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា និងបង់ក្លាដែសផងដែរ។ វាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង ហើយវានឹងអនុញ្ញាតឱ្យចិនកាត់ឥណ្ឌាដែលស្ទាក់ស្ទើរនាពេលកន្លងមក ចេញពីការចូលរួមក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ។

ច្រករបៀងសេដ្ឋកិច្ចបង់ក្លាដែស-ចិន-មីយ៉ាន់ម៉ា នឹងផ្តល់ដំណោះស្រាយចំពោះអវត្តមានរបស់ឥណ្ឌា។ ចាប់តាំងពីទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស មានភាពតានតឹងដោយសារបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាមក ប្រទេសចិនហាក់ដូចជាកំពុងប្រើប្រាស់ទស្សនកិច្ចរបស់លោក ឈីង ជាជំហានមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព ហើយគោលដៅរបស់ចិនគឺមហាសមុទ្រឥណ្ឌា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្កើនការព្រមានយ៉ាងខ្លាំងអំពីការអភិវឌ្ឍទីតាំងយោធានៅលើកោះ ហ្គ្រេត កូកូ (Great Coco) របស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេជឿថា បានចាប់ផ្តើមនៅចុងខែមីនា។ គួរជម្រាបថា កោះ Great Coco គឺជាកោះតូចមួយដែលមានសារៈសំខាន់ខាងយុទ្ធសាស្ត្រនៅឈូងសមុទ្របេហ្កាល (Bengal) ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងយ៉ាំងហ្គូនរបស់មីយ៉ាន់ម៉ា។ វាមានទីតាំងនៅភាគខាងជើងកោះអាដាមេន (Andaman) និងនីកូបា (Nicobar) ដែលជាមូលដ្ឋានយោធារបស់ប្រទេសឥណ្ឌា។

ដោយឡែក ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលរៀបចំជាប្រព័ន្ធ ក៏ជាបញ្ហាសំខាន់មួយដែរ។ ក្នុងជំនួបកាលពីដើមខែឧសភានោះ លោក ឈីង កាង បានប្រាប់សមភាគីមីយ៉ាន់ម៉ាថា ប្រទេសចិនសង្ឃឹមថា មីយ៉ាន់ម៉ានឹងបង្ក្រាបអំពើបោកប្រាស់តាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែនជាមួយចិន។

តំបន់ភ្នំភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន គឺជាជម្រករបស់ជនជាតិភាគតិចជាច្រើន រួមទាំងជនជាតិដើមចិនផងដែរ ហើយវាក៏ជាកន្លែងរបស់ឧក្រិដ្ឋជន និងពួកឧទ្ទាមប្រឆាំងចិន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់នេះក៏បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត ដែលផ្តោតលើមនុស្សនៅក្នុងប្រទេសចិនដីគោក៕




អត្ថបទបន្ទាប់


ស័ក្តិសមជារោងចក្រឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ច្រើនជាងគេបំផុតនៅកម្ពុជា

ព័ត៌មាន
ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានគ្រឿងផ្សំ និងបច្ចេកវិទ្យាទំនើប ឈានមុខគេនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនក្នុងស្រុកដំ…

ផលិតកម្មរ៉ែនីកែលដែលចាំបាច់សម្រាប់ធ្វើអាគុយរថយន្តអគ្គិសនីកំពុងកើនឡើងខ្លាំងនៅឆ្នាំ២០២៣

ព័ត៌មាន
ការផ្គត់ផ្គង់សារធាតុរ៉ែនីកែលសកលកំពុងឆ្ពោះទៅរកការកើនលើសតម្រូវការកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៣នេះ ដោយសាររោងចក្រចម្រាញ់លោហធាតុរបស់ឥណ្ឌូណេស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ