សមាជិកអាស៊ាននៅតែបង្ហាញការបែកបាក់គ្នានៅចំពោះមុនបញ្ហាមីយ៉ាន់ម៉ា?

មេទ័ពអាកាសអាស៊ាន៦ប្រទេសរួមទាំងកម្ពុជាចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា ខណៈសមាជិកខ្លះទៀតមិនចូលរួម


មេទ័ពអាកាសមកពីប្រទេសសមាជិកអាស៊ានចំនួន៦ ក្នុងចំណោម១០ប្រទេសបានជួបប្រជុំគ្នានៅរដ្ឋធានីណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ខណៈសមាជិក៤ផ្សេងទៀតមិនទៅចូលរួម។ សន្និសីទប្រចាំឆ្នាំនេះត្រូវបានរៀបចំធ្វើឡើងដោយរបបយោធាមីយ៉ាន់ម៉ា ចំពេលដែលមានការថ្កោលទោសខ្លាំងៗពីអង្គការសិទ្ធិមនុស្សទៅលើពួកយោធា បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសលើក្រុមប្រឆាំងប្រជាធិបតេយ្យ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សមាជិកអាស៊ាននៅតែបង្ហាញការបែកបាក់គ្នានៅចំពោះមុនបញ្ហាមីយ៉ាន់ម៉ា?
ដោយ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា ប្រទេសដែលមកចូលរួមកាលពីថ្ងៃពុធនោះរួមមានថៃ កម្ពុជា វៀតណាម ឡាវ ប៊្រុយណេ និងមីយ៉ាន់ម៉ាខ្លួនឯង។ ដោយឡែក សឹង្ហបុរី និងហ្វីលីពីនបានផ្ញើសារវីដេអូ ខណៈម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជ្រើសរើសមិនចូលរួមតែម្តង។ តាមពិតទៅ កិច្ចប្រជុំប្រមុខទ័ពអាកាសអាស៊ានតែងធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងកម្មវត្ថុពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា ប្រយុទ្ធប្រឆាំងនឹងសកម្មភាពជ្រុលនិយម និងការជួយសង្គ្រោះគ្រាអាសន្ត។
ឆ្នាំនេះមីយ៉ាន់ម៉ាគឺជាម្ចាស់ផ្ទះត្រូវរៀបចំកិច្ចប្រជុំនេះឡើងពីថ្ងៃពុធ ទៅដល់ថ្ងៃសុក្រនេះ។ ទោះជាយ៉ាងណា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយប្រមុខទ័ពអាកាសមីយ៉ាន់ម៉ា លោក Htun Aung ដែលត្រូវបានសហរដ្ឋអាមេរិក និងអង់គេ្លសដាក់ទណ្ឌកម្ម។ លោកក៏ត្រូវបានអង្គការសិទ្ធិមនុស្សថ្កោលទោសចំពោះការវាយប្រហារតាមផ្លូវអាកាសលើក្រុមប្រឆាំងយោធាដែរ។

កាលពីកិច្ចប្រជុំកំពូលអាស៊ានសប្តាហ៍មុន មេដឹកនាំទាំង១០ប្រទេសបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបបយោធាចំពោះការបន្តអំពើហិង្សាក្នុងប្រទេស ទោះបីជាប្លុននេះបានខិតខំជំរុញ និងអំពាវពាវឱ្យបញ្ឈប់យ៉ាងណាក៏ដោយ។ ថ្វីត្បិតមីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែត្រូវបានប្លុកនេះហាមមិនឱ្យចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ និងរដ្ឋមន្ត្រីឡើយ តែកិច្ចប្រជុំកម្រិតខ្ពស់ផ្សេងទៀតនៅតែបន្តដូចមុន។
នៅចំពោះមុខសម្ពាធពីអន្តរជាតិ និងក្នុងប្រទេសផង រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី។ ទីក្រុងម៉ូស្គូបានផ្គត់ផ្គង់ឱ្យមីយ៉ាន់ម៉ានូវយន្តហោះចម្បាំង និងការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះចម្បាំងផង។ កាលពីថ្ងៃពុធ របបយោធាមីយ៉ាន់ក៏បានបញ្ជូនរដ្ឋមន្ត្រីជាច្រើននាក់ទៅកាន់វេទិកាសេដ្ឋកិច្ចភាគខាងកើតនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីបានចុះផ្សាយថា ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេស ដែលតែងតាំងដោយយោធាលោក Than Swe ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ប្រមុខការបរទេសទាំងពីរបានពិភាក្សាគ្នាអំពីការផ្លាស់ប្តូរសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
គួរជម្រាបថា ជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តមិនឈប់ឈរ ហើយយោធានៅតែទម្លាក់គ្រាប់បែកលើភូមិនានាដែលគេជឿថា កំពុងកាន់កាប់ដោយកងកម្លាំងតស៊ូប្រដាប់អាវុធ។ បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាន់ប្រមាណថា មនុស្សជាង១លាន៦សែននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១៕




អត្ថបទបន្ទាប់


តើរថយន្តយីហោណាខ្លះដែលលក់ដាច់ជាងគេនៅក្នុងឆមាសទី១ឆ្នាំ២០២៣?

ព័ត៌មាន
នៅឆមាសទី១ឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេលើពិភពលោកក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ប្រ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធបំផ្លាញដល់សន្ដិសុខសេដ្ឋកិច្ចពិភពលោកនោះទេ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងចំៗដោយឥតលាក់លៀមថា ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ