របបសឹកមីយ៉ាន់ម៉ាបណ្តេញមន្ត្រីការទូតទីម័រខាងកើតចេញពីប្រទេស

ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ក្រោយរបបយោធាបណ្តេញតំណាងអ្នកការទូតកំពូលរបស់ខ្លួនចេញពីប្រទេស


របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ២៧ សីហា បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនបណ្តេញតំណាងប្រេសិតកំពូលរបស់ប្រទេសទីម័រខាងកើតចេញពីប្រទេស ក្រោយមន្ត្រីការទូតនោះ បានជួបជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលរបបសឹកចាត់ទុកជា «អង្គការភេរវកម្ម»។ ទោះយ៉ាងណា ក្រោយការប្រកាសបណ្តេញនេះ រដ្ឋាភិបាលទីម័រខាងកើតបានចេញសារថ្កោលទោសរបបសឹក និងបញ្ជាក់ជំហរថា ខ្លួនឈរជាមួយប្រជាជនមីយ៉ាន់ម៉ា និងជំរុញឱ្យរបបយោធាគោរពសិទ្ធិមនុស្ស ព្រមទាំងស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
របបសឹកមីយ៉ាន់ម៉ាបណ្តេញមន្ត្រីការទូតទីម័រខាងកើតចេញពីប្រទេស
ដោយ

ក្រសួងការបរទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា បានថ្កោលទោសចំពោះ «សកម្មភាពមិនទទួលខុសត្រូវ» របស់ទីម័រខាងកើត និងបញ្ជាឱ្យតំណាងអ្នកទូតរបស់ប្រទេសនេះ ដែលប្រចាំនៅទីក្រុងយ៉ាំងហ្គោន «ចាកចេញពីប្រទេសមីយ៉ាន់ម៉ាមិនលើសថ្ងៃទី១ខែកញ្ញា»។ ក្រសួងការបរទេស បានសរសេរលើនៅគេហទំព័រហ្វេបុកផ្លូវការរបស់ខ្លួនថា ទីម័រខាងកើតកំពុងលើកទឹកចិត្តក្រុមភេរវករ ប្រព្រឹត្តអំពើរំលោភបំពានរបស់ពួកគេបន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រោយពីរងវិធានការក្ដៅពីរបរយោធាមីយ៉ាន់ម៉ាដូច្នេះ ប្រទេសទីម័រខាងកើតបានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបវិញ ដោយថ្កោលទោសការសម្រេចបណ្តេញនេះ និងបញ្ជាក់ជាថ្មីចំពោះសារៈសំខាន់នៃការគាំទ្ររបស់ខ្លួន «ក្នុងការធ្វើឱ្យវិលត្រឡប់មកវិញនៃស្ថិរភាពប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញឱ្យយោធាធានាការគោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយប្រកបដោយភាពស្ថាបនាចំពោះវិបត្តិ»។

កាលពីខែមុន ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាលោក Zin Mar Aung នៅរដ្ឋធានី Dili របស់ទីម័រខាងកើត។ ស្ថិតក្នុងដំណើរឆ្ពោះទៅក្លាយជាសមាជិកទី១១របស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំនេះ ទីម័រខាងកើតសង្ឃឹមថា ខ្លួននឹងអាចជួយឱ្យអាស៊ានបញ្ចុះបញ្ចូលរបបសឹកឱ្យបញ្ចប់ជម្លោះ ខណៈនៅ២ឆ្នាំមកនេះ ប្លុកនេះ បានបរាជ័យ ក្នុងការបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារឆ្នាំ២០២១ ប្រទេសជាច្រើនបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា និងជំនួសមកវិញដោយមន្ត្រីការទូត។ ទោះយ៉ាងណាក៏ដោយ ជារឿយៗយោធាមីយ៉ាន់ម៉ានៅតែបណ្តេញ ឬបដិសេធទទួលជួបអ្នកការទូតប្រទេសណាមួយ ជាពិសេសនៅពេលមន្ត្រីទាំងនោះមានទំនាក់ទំនងជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលភាគច្រើនកំពុងរស់នៅបរទេសក្រោយរដ្ឋប្រហារ។

លោក Linn Thant តំណាងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ដែលមានមូលដ្ឋាននៅទីក្រុង Prague នៃសាធារណរដ្ឋឆែក បានថ្កោលទោសការសម្រេចចិត្តរបស់របបយោធានេះ ហើយបានប្រាប់ AFP ថា វាជារឿងមិនមានហេតុផលសម្រាប់ការបណ្តេញអ្នកការទូតទីម័រខាងកើតនោះទេ។ ជាមួយគ្នា មកទល់នឹងពេលនេះ គេនៅមិនដឹងច្បាស់ថា តើមន្ត្រីការទូតទីម័រខាងកើតនោះនៅកន្លែងណាទេ៕




អត្ថបទបន្ទាប់


អូស្ត្រាលីសម្លឹងចាប់យកឧស្សាហកម្មរថយន្តអគ្គិសនី ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់ខ្លួន

ព័ត៌មាន
ប្រទេសអូស្ត្រាលីនឹងបង្កើតឧស្សាហកម្មក្នុងស្រុក ដើម្បីស្វែងរកលោហធាតុពាក់ព័ន្ធមួយចំនួនសម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ក្នុងបំណងធ្វើពិ…

មេបញ្ជាការកងទ័ពជើងទឹកអាមេរិកថា «ឥរិយាបទរបស់ចិនក្នុងសមុទ្រខាងត្បូង» ត្រូវតែមានការឆ្លើយតប និងត្រួតពិនិត្យ

ព័ត៌មាន
មេបញ្ជាការនៃកងនាវាចរទីប្រាំពីររបស់កងទ័ពជើងទឹកអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យទី២៧សីហាថា «អាកប្បកិរិយាឈ្លានពាន» របស់ចិននៅក្នុងសមុទ្រច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ