អ្នកចិញ្ចឹមសត្វ

តម្លៃជ្រូករស់នៅកម្ពុជា បានរើបឡើងវិញ ក្រោយបិទការនាំចូលបំណែកសាច់បង្កកជាង១ខែមកនេះ


គិតមកទល់ពេលនេះ មានរយៈពេលជាង១ខែហើយ ដែលអាជ្ញាធរបានអនុវត្តវិធានការផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីប្រទេសផ្សេងៗមកកាន់ទីផ្សារកម្ពុជា។ ក្រោយផ្អាកការនាំចូលជាង១ខែកន្លងមកនេះ ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កេតឃើញថា តម្លៃជ្រូករស់នៅកម្ពុជា ហាក់រើបឡើលបន្តិចហើយ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកអស់រយៈពេលជាច្រើនខែកន្លងមក។
អ្នកចិញ្ចឹមសត្វ
ដោយ

ការរើបឡើងវិញនៃតម្លៃជ្រូករស់នេះ វាជាសញ្ញាល្អមួយសម្រាប់វិស័យចិញ្ចឹមនៅសត្វនៅកម្ពុជា ដ្បិតថា កន្លងមកមានប្រជាកសិករចិញ្ចឹមខ្នាតតូចជាច្រើនបានបោះបង់ការចិញ្ចឹម និងកាត់បន្ថយបរិមាណ។

លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា តម្លៃជ្រូករស់ដែលបានធ្លាក់ថ្លៃយ៉ាងគំហុកកាលពីពេលកន្លងទៅ បានរើបឡើងវិញហើយ បន្ទាប់ពីអាជ្ញាធរបិទការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងបណ្តោះអាសន្នក្នុងរយៈពេលជាង១ខែកន្លងមកនេះ។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ជ្រូករស់បច្ចុប្បន្នអាចលក់ចេញក្នុងតម្លៃជាង៩ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនបានធ្លាក់ចុះមកនៅក្រោម៨ពាន់រៀលក្នុងមួយគីឡូក្រាម។ តាមរយៈលទ្ធផលនេះ ប្រធានក្រុមប្រឹក្សាភិបាលរួបនេះវាយតម្លៃជារួមថា ការអនុវត្តវិធានការបិទការនាំចូលបំណែកសាច់បង្កករបស់អាជ្ញាធរពាក់ព័ន្ធមានប្រសិទ្ធភាពល្អ បើទោះបីមានឈ្មួញឆ្លៀតឱកាសមួយចំនួនតូចនៅតែបន្តលួចនាំចូលតាមច្រករបៀបតូចៗក៏ដោយ។

​បើតាមអ្នកជំនាញរូបនេះ ទោះបីតម្លៃជ្រូករស់បច្ចុប្បន្នមានការកើនឡើងមកវិញជាបណ្តើរៗក៏ពិតមែន ប៉ុន្តែលោកនៅមិនទាន់សង្កេតឃើញមានកសិដ្ឋាន ឬកសិករចិញ្ចឹមជ្រូក បង្កើនការចិញ្ចឹមរបស់ពួកគេឡើងវិញនៅឡើយនោះទេ ដោយសារពួកគេមួយចំនួននៅតែមានភាពភ័យខ្លាចក្នុងការខាតបង់នៅឡើយ ដ្បិតថាការផ្អាកការនាំចូលបំណែកសាច់បង្កកជាបណ្តោះអាសន្ននេះមានរយៈពេលខ្លីប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក ស្នើឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបន្តជួយគិតគូរលើបញ្ហាចលនាការនាំចូលសាច់បង្កកមកកាន់ទីផ្សារកម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោក ស្នើឱ្យភាគីពាក់ព័ន្ធគិតគូរធ្វើយ៉ាងណារក្សាតម្លារភាពរវាងអ្នកចិញ្ចឹម អ្នកនាំចូល និងអ្នកទទួលទាន ពោលគឺរក្សាតម្លៃយ៉ាងណាឱ្យភាគីទាំងអស់អាចទទួលយកបាន។

​សូមបញ្ជាក់ថា ប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកដែលត្រូវហាមឃាត់ការនាំចូលជាបណ្ដោះ​អាសន្ន រួមមាន អណ្ដាត ថ្លើមគោ ក្របី ជ្រូកមាន់បង្កក និងគ្រឿងក្នុងបង្កកមួយចំនួនទៀតរបស់សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម។ ការសម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននេះមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្ដែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឬទ្ធី រំពឹងដូងស្រស់កម្ពុជា មានទីផ្សារកាន់តែល្អ ក្រោយចិនអនុញ្ញាតឱ្យនាំចូល

ព័ត៌មាន
អគ្គរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការនូវចម្ការដូង និងទីតាំងវេចខ្ចប់មួយចំនួន ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជា ទ…

ស្ថាប័នជំនាញអន្តរជាតិមួយព្យាករថា តម្លៃស្បៀងអាហារពិភពលោកអាចនឹងធ្លាក់ចុះនៅចុងឆ្នាំនេះ

ព័ត៌មាន
តម្លៃស្បៀងអាហារពិភពលោកដែលបានកញ្ជ្រោលឡើងជាបន្តបន្ទាប់ដោយសារតែបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បាតុភូតអាកាសធាតុអែលនីណូ សង្រ្គាមអ៊ីស្រាអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ