លោកពូទីន បញ្ជាឱ្យធ្វើសមយុទ្ធនុយក្លេអ៊ែរ

លោកពូទីន បញ្ជាឱ្យធ្វើសមយុទ្ធនុយក្លេអ៊ែរ ស្របពេលអាមេរិកព្រមានម្តងហើយម្តងទៀតថារុស្ស៊ីត្រៀមវាយអ៊ុយក្រែន


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅចុងសប្តាហ៍មុននេះបានបញ្ជា និងដឹកនាំដោយផ្ទាល់ ការធ្វើសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អមជាមួយការបាញ់សាកល្បងមីស៊ីល ខណៈដែលសហរដ្ឋអាមេរិកនៅតែព្រមានដដែលជាដដែលថា រុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាងមីស៊ីលរបស់រុស្សី

ប្រភព​ពី​វិមាន​ក្រឹម​ឡាំង​ឲ្យ​ដឹង​ថា រុ​ស្ស៊ី​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង និង​មី​ស៊ី​ល​ប្រដេញ​ប្រកបដោយ​ជោគជ័យ អំឡុង​ការ​ធ្វើ​សមយុទ្ធ​យោធា របស់​កងកម្លាំង​នុយក្លេអ៊ែរ​រុ​ស្ស៊ី​។ លោក ពូ​ទី​ន​បាន​ដឹកនាំ និង​បញ្ជា​ដោយ​ផ្ទាល់​ការ​ធ្វើតេស្ត​មី​ស៊ី​ល​ទាំងនេះ ហើយ​ប្រធានាធិបតី​បេឡា​រុស លោក អា​ឡិច​ហ្សា​ន់​ដ័​រ លូ​កាស​ឈិ​ន​កូ (Alexander Lukashenko) ក៏​បាន​ចូលរួម​ជាមួយ​លោក ពូ​ទី​ន​ផង​ដែរ ក្នុង​ការ​ត្រួតពិនិត្យ​ការ​ធ្វើ​សមយុទ្ធ យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​សៅរ៍​នេះ​។ គួរ​កត់​សម្គាល់ថា បេឡា​រុស​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន​របប​ដឹកនាំ​ប្រទេស​មួយ​នេះ ហាក់​មាន​ទំនោរ​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ម៉ូ​ស្កូ ជាក់ស្តែង​ប្រទេស​ទាំង​ពីរ​ទើបបាន​បញ្ចប់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រួម​គ្នា​មួយ រយៈពេល​១០​ថ្ងៃ នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ដោយ​មិន​ខ្វល់​ពី​ភាព​តានតឹង​សោះឡើយ​។

សូម​ជម្រាប​ថា ការ​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ចូ បៃ​ឌិន បាន​ចេញ​មក​ព្រមាន​ម្តងទៀត​ថា ប្រធានាធិបតី​រុ​ស្ស៊ី បាន​សម្រេចចិត្ត​រួច​ហើយ ក្នុង​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ឌិន បាន​បញ្ជាក់​ច្បាស់​ៗ​បែប​នេះ​ដោយ​បន្ត​ថា ក្រុង​មូ​ស្គូ បាន​បន្ត​ផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​យក​លេស​វាយប្រហារ​លើ​ក្រុង​កៀវ​។ ការ​លើក​ឡើង​របស់​លោក​បៃ​ឌិន​បែប​នេះ​ទៀត​សោត ធ្វើ​ឡើង​ស្រប​ពេល​មន្ត្រី​អាម៉េរិក​បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ ជុំវិញ​រុ​ស្ស៊ី​បង្កើន​កម្លាំង​ទ័ព​ដល់ ១៩​ម៉ឺន​នាក់ នៅ​តំបន់​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​។

វិបត្តិ​អ៊ុយ​ក្រែ​ន​កាន់តែ​ក្តៅ​គគុក​ឡើង​ៗ​ទោះ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​ប្រើប្រាស់​ធម៌​ក្តៅ​ផង និង​ធម៌​ត្រជាក់​ផង​ក្តី​។ ប្រការ​នេះ​ធ្វើ​ឲ្យ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទី​ន ជួប​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ ពី​វិមាន​ក្រឹម​ឡាំង​នោះ​ទេ ខណៈ​ដែល​ការ​ស្នើ​សុំ​ជួប​ជាមួយ​សម​ភាគី​រុ​ស្សី​លើក​មុន​ៗ ត្រូវ​បាន​បដិសេធ​។

ជុំវិញ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​នេះ​ដែរ ភាគី​ចិន​ឯណោះ​វិញ ដែល​ជា​លើក​ទី​មួយ​ហើយ រដ្ឋមន្ត្រី​ការ​បរទេស​ក្រុង​ប៉េ​កាំ​ង​បាន​ចេញ​មុខ​និយាយ​ដោយ​ផ្ទាល់​ពី​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន ដោយ​កាលពី​ថ្ងៃ​សោ​រ៍ស​ប្ដា​ហ៍​មុន​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​មិន​គួរ​ក្លាយជា​ទីលាន​ប្រកួតប្រជែង​របស់​មហាអំណាច​ធំ​ៗ​នោះ​ទេ​។ លោក​ទទូច​ឲ្យ ភាគី​ទាំងអស់​គួរតែ​អង្គុយ​ចុះ ដើម្បី​ពិភាក្សា​ស៊ីជម្រៅ ហើយ​បង្កើត​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​មួយ ឆ្ពោះទៅ​រក​ច្រកចេញ​។ ប្រមុខ​ការទូត​ក្រុង​ប៉េ​កាំ​ង​រូប​នេះ បន្ត​ថា អធិបតេយ្យភាព ឯករាជ្យ​ភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​ណាមួយ គួរតែ​ត្រូវ​បាន​គោរព និង​ការពារ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន HGB AUTO ចុះ MoU ជាមួយក្រុមហ៊ុន LM Car ដើម្បីពង្រីកទីផ្សារក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន HGB AUTO និងក្រុមហ៊ុន LM Car នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយគ្នា។ គោលបំណង ន…

ហេតុអ្វីការបញ្ចុះតម្លៃពន្ធលើប្រេងសាំងមិនទាន់ជាជម្រើសល្អសម្រាប់កម្ពុជា?

ព័ត៌មាន
បច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ៍នីមួយៗ នៅកម្ពុជា បានបន្តកើនឡើងដល់ជាង៥ពាន់រៀល ក្នុង១លីត្រ សម្រាប់សាំងស៊ុបពែរ, និងតម្លៃ៤ពាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ