សេដ្ឋកិច្ចស្រីលង្កា-បំណុល

បំណុលប៉ោងឡើងខ្លាំង និងទុនបម្រុងថយចុះ កំពុងធ្វើឲ្យសេដ្ឋកិច្ចស្រីលង្កាជួបវិបត្តិកាន់តែខ្លាំង


វិបត្តិកូវីដ-១៩ បាននិងកំពុងវាយសង្គ្រប់មកលើស្ថានភាពសេដ្ឋកិច្ច និង សង្គមទូទាំងពិភពលោក ដោយក្នុងនោះយើងក្រឡេកទៅមើលប្រទេសស្រីលង្កា ដែលជាប្រទេសមួយនៅតំបន់អាស៊ីខាងត្បូងកំពុងប្រឈមនឹងវិបត្តិកាន់តែខ្លាំង ពិសេសគឺស្ថានភាពសេដ្ឋកិច្ចប្រទេសនេះកាន់តែមានភាពយ៉ាប់យ៉ឺនមែនទែនហើយ ដ្បិតថាបំណុលកំពុងមានការកើនឡើង និងទុនបម្រុងអន្តរជាតិកាន់តែមានការរួមតូចទៅៗ ដែលវាកំពុងធ្វើឲ្យប្រទេសស្រីលង្កាកាន់តែលំបាកក្នុងការងើបឡើងចេញពីវិបត្តិកូវីដ-១៩។ នេះបើតាមការផ្សព្វផ្សាយពី Channel News Asia។
រូបថតបង្ហាញពីពលរដ្ឋស្រីលង្កាម្នាក់ជាមួយនឹងស្បៀងអាហារបន្តិចបន្តួចរបស់គាត់ដែលគេផ្តល់អោយអំឡុងពេលវិបត្តិកូវីដ១៩ (រូបភាព៖ ស៊ិនហួ)
ដោយ

ដោយសារ​តែ​ទុនបម្រុង​អន្តរជាតិ​កាន់តែ​មាន​តិច​ទៅ​ៗ ប្រទេស​ស្រី​លង្កា​បាន​សម្រេចចិត្ត កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ជា​ច្រើន​រួម​ទាំង​ទំនិញ​ផលិតផល​គីមី​សម្រាប់​កសិកម្ម រថយន្ដ និង​សូ​ម្បី​តែ​ម្សៅ​រមៀត​ដែល​ជា​គ្រឿងទេស​ដ៏​ពេញ​និយម​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​នេះ ក៏​ត្រូវ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ដែរ​។ បញ្ហា​ទុនបម្រុង​អន្តរជាតិ​ថយ​ចុះ​នេះ វា​គឺជា​កត្តា​រារាំង​មួយ​ដល់​សមត្ថភាព​ក្នុង​ការ​សងបំណុល​ដ៏​ច្រើន​សម្បើម​របស់​ប្រទេស​ស្រី​លង្ការ​ផង​ដែរ​។

រដ្ឋាភិបាល​ស្រី​លង្កា​បាន​សម្រេច​ផ្អាក​នាំ​ចូល និង រឹតត្បិត​លើ​ផលិតផល​នាំ​ចូល​ពី​បរទេស​មួយ​ចំនួន ដើម្បី​ព្យាយាម​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ឱនភាព​ព​ណិ​ជ្ជ​កម្ម​រីក​កាន់តែ​ធំ ដែល​ជា​ផ្នែក​មួយ​រុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រី​លង្ការ​កប់​កាន់តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។

សូម​ជម្រាប​ត្រង់​កន្លែង​នេះ​បន្តិច កាលពី​ខែមេសា​រដ្ឋាភិបាល​ស្រី​លង្កា​បាន​សម្រេច ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​គីមី​សម្រាប់​ធ្វើ​កសិកម្ម ដើម្បី​បង្វែរ​កសិករ​ឲ្យ​ធ្វើ​កសិកម្មសរីរាង្គ​វិញ ហើយ​ការ​ផ្អា​ការ​នាំ​ចូល​ផលិតផល​ទាំងនេះ ឃើញ​ថា​ប្រទេស​ស្រី​លង្កា​អាច​ស​ន្យំ​ថវិកា​បាន​ប្រមាណ ៤០០​លាន​ដុល្លារ ពី​ការ​នាំ​ចូល​ក្នុង​មួយ​ឆ្នាំ​។

បញ្ហា​កង្វះខាត​ការ​ផ្គត់ផ្គង់ បាន​ធ្វើ​ឲ្យ​ទំនិញ​លើ​ទីផ្សារ​មានការ​ឡើងថ្លៃ​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់ រាប់​ចាប់តាំងពី​ទំនិញ​ហូប​ចុក សម្ភារៈ​សំណង់ និង ប្រេងឥន្ធនៈ​ជាដើម បញ្ហា​ទាំងនេះ​ហើយ វា​បាន​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​ការ​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​ស្រី​លង្កា​ដើម្បី​ឲ្យ​រដ្ឋ​ជួយ​ដោះស្រាយ​នៅ​គ្រា​ដែល​វិបត្តិ​នេះ​កំពុង​បន្ដ​អូស​បន្លាយ​។

មែនទែន​ទៅ ប្រទេស​ស្រី​លង្កា​មួយ​នេះ បាន​ជួប​បញ្ហា​តាំងពី​មុន​មាន​ជំងឺ​កូ​វី​ដ​-១៩​ចូលលុក​លុយ​រាលដាល​ឆ្លង​ប្រទេស​របស់​ខ្លួន​ទៅ​ទៀត ដោយ​វិស័យ​ទេសចរណ៍​មានការ​ធ្លាក់​ចុះ​ទាប ខណៈ​ដែល​ឧស្សាហកម្ម​នេះ គឺជា​ប្រភព​ធនធាន​សំខាន់​មួយ ហើយ​វិស័យ​ទេសចរណ៍​ជា​ទូទៅ​បាន​ផ្ដល់​ការងារ​ប្រមាណ​ជាង​៣​លាន​នាក់​សម្រាប់​ពលរដ្ឋ​ស្រី​លង្កា និង មានការ​ចូលរួម​ចំណែក​ប្រហែល ៥% នៃ ផលិតផល​ក្នុងស្រុក​សរុប​។

បច្ចុប្បន្ន​នេះ ទុនបម្រុង​អន្តរជាតិ​របស់​ប្រទេស​ស្រី​លង្កា​បាន​ធ្លាក់​ចុះ​មក​នៅ​កាន់តែ​តិច​មែនទែន​ហើយ ដែល​វា​អាច​ធានា​ការ​ចំណាយ​គ្រប់គ្រាន់​សម្រាប់​ការ​នាំ​ចូល​បាន​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ នៅ​គ្រា​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ស្រី​លង្ការ ក៏​ត្រូវ​ទូទាត់​សងបំណុល​យ៉ាងច្រើន​សម្បើម​របស់​ខ្លួន ដែល​បាន​ជំពាក់​បរទេស​ផង​ដែរ ហើយ​បញ្ហា​នេះ​កំពុង​ដាក់​សម្ពាធ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​កាន់តែ​ខ្លាំង​។ រដ្ឋមន្ត្រីក្រសួង​ប្រេងឥន្ធនៈ​ស្រី​លង្កា លោក អូ​ដា​យ៉ា ហ្គា​ម​ម៉ា​ផី​ឡា (Udaya Gammapilla) បាន​និយាយ​ថ្មី​ៗ​ថា រដ្ឋាភិបាល​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ចំណាយ​លើ​ការ​នាំ​ចូល​ប្រេង​នោះ​ទេ​។

ដោយឡែក​របាយការណ៍​ពី​ធនាគារកណ្ដាល​ស្រី​លង្ការ​បង្ហាញ​ថា ស្រី​លង្កា​ត្រូវការ​សងបំណុល​ជំពាក់​បរទេស​សរុប​ប្រមាណ ៣​ពាន់​៧​រយ​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ ដោយ​មក​ទល់​ពេល​នេះ ទើបតែ​សង​បាន​ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ក្រៅពី​នោះ ក៏​មាន​បំណុល​ក្នុងស្រុក​បន្ថែម​ផង​ដែរ​។ រូបិយ​បណ្ណ​របស់​ប្រទេស​ស្រី​លង្កា​ក៏​កំពុង​ចុះ​អន់​ខ្សោយ​ជាង​បណ្ដា​រូបិយ​បណ្ណ​របស់​ប្រទេស​ធំ​ៗ​ជា​ច្រើន​ទៀត​ដែរ ដែល​វា​កំពុង​ធ្វើ​ឲ្យ​ការ​សងបំណុល​កាន់តែ​ត្រូវ​ចំណាយ​ខ្ពស់​នៅ​ក្នុង​លក្ខខណ្ឌ​ក្នុងស្រុក​។

ស្ថាប័ន​ចាត់​ចំណាត់ថ្នាក់ និង វិភាគ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​អា​មេ​រិ​ក Fitch Ratings បាន​ឲ្យ​ដឹង​ថា កាតព្វកិច្ច​សងបំណុល​បរទេស​របស់​ស្រី​លង្កា​នឹង​កើន​ដល់​ទៅ​ជិត ៣០​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត​។

ជាមួយ​គ្នា​នេះ ប្រទេស​ស្រី​លង្ការ ក៏​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​នូវ​ភាព​អនុគ្រោះ​ពន្ធ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ផង​ដែរ ដោយសារ​តែ​មានការ​រិះគន់​លើ​ច្បាប់​ភេរវកម្ម ដែល​ក្រុម​អ្នក​រិះគន់​មើលឃើញ​ថា​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិករកស៊ីនៅហុងកុង នឹងត្រូវរដ្ឋាភិបាលអាមេរិកព្រមានពីហានិភ័យប្រតិបត្តិការ

ព័ត៌មាន
សហរដ្ឋអាមរិកនឹងចេញមុខព្រមានក្រុមហ៊ុនអាមេរិកទាំងឡាយណាដែលមានប្រតិបត្តិការអាជីវកម្មនៅហុងកុង អំពីហានិភ័យដែលខ្លួនអាចប្រឈមមុខក្នុងដំណើរការអ…

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិក មានលំហូរសាច់ប្រាក់វិជ្ជមានឡើងវិញជាលើកដំបូង ក្រោយជួបទុក្ខកូវីដ-១៩ជិត២ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដ៏ធំឈ្មោះថា American Airlines បានអះអាងថា វាជាលើកដំបូងបំផុតចាប់តាំងពីកើតមានវិបត្តិកូវីដ-១៩មក ដែលខ្លួនបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ