ប្រទេសរុស្ស៊ីបានទិញយន្តហោះដ្រូនស៊ីវិលពីប្រទេសចិន

ប្រទេសរុស្ស៊ីបានទិញយន្តហោះដ្រូនស៊ីវិលពីប្រទេសចិនសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន


ការស៊ើបអង្កេតរបស់សារព័ត៌មានជប៉ុននីកេអេស៊ា (Nikkei Asia) បានរកឃើញថា ប្រទេសរុស្ស៊ីបាននាំចូលយន្តហោះគ្មានមនុស្សបើកពីក្រុមហ៊ុនចិនអស់រយៈពេលជាច្រើនខែមកហើយដើម្បីប្រើប្រាស់ក្នុងការឈ្លានពានអ៊ុយក្រែន ទោះជារដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធថាយន្តហោះដ្រូននេះមិនមែនកំពុងប្រើនៅក្នុងសង្គ្រាមនេះក៏ដោយ។
ប្រទេសរុស្ស៊ីបានទិញយន្តហោះដ្រូនស៊ីវិលពីប្រទេសចិនសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន

ក្នុងចន្លោះពេលចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនរុស្ស៊ីមួយចំនួនបាននាំចូលយន្តហោះដ្រូនរបស់ចិនយ៉ាងហោចណាស់ចំនួន ៣៧ គ្រឿង ដែលមានតម្លៃប្រហែលជាង ១០ ម៉ឺនដុល្លារ។ ទំនិញទាំងនេះបានចុះបញ្ជីក្នុងកំណត់ត្រាពន្ធគយថា«សម្រាប់ប្រើក្នុងប្រតិបត្តិការយោធាពិសេស» ជាអ្វីដែលរដ្ឋាភិបាលរុស្ស៊ីបានហៅសំដៅសង្គ្រាមនៅអ៊ុយក្រែន។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ ខែមុនមក ទីក្រុងប៉េកាំងតែងតែបដិសេធថា ខ្លួនមិនដែលផ្តល់អាវុធដល់ទីក្រុងម៉ូស្គូសម្រាប់ប្រើក្នុងការលុកលុយនេះម្ដងណាឡើយ។ ហើយខណៈដែលរបាយការណ៍ពីមុនបានបង្ហាញថា រុស្ស៊ីបានបង្កើនការនាំចូលយន្តហោះដ្រូនរបស់ចិន បន្ទាប់ពីសង្គ្រាមនេះបានចាប់ផ្តើមនោះ ក៏ទីក្រុងប៉េកាំងបានបដិសេធដែរថា ខ្លួនមិនបាននាំចេញយន្តហោះប្រភេទនេះទៅកាន់សមរភូមិនៅអ៊ុយក្រែននោះទេ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីខែមេសាថា ប្រទេសចិនបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាដើម្បីពង្រឹងការគ្រប់គ្រង, ទប់ស្កាត់យន្តហោះដ្រូនគ្រប់ប្រភេទនៅសមរភូមិក្នុងតំបន់ជម្លោះ, និងរួមគ្នាលើកកម្ពស់សន្តិភាពអន្តរជាតិ និងស្ថិរភាពក្នុងតំបន់។

ប៉ុន្តែរបាយការណ៍របស់សារព័ត៌មាននីកេបង្ហាញថា រយៈពេលជាច្រើនខែមកនេះ ក្រុមហ៊ុនរបស់រុស្ស៊ីមួយចំនួនបានលួចបំពេញឯកសារគយដោយស្ងាត់ៗ សម្រាប់ការនាំចូលយន្តហោះដ្រូន រួមទាំងម៉ាស៊ីនយន្តហោះដ្រូនផលិតដោយក្រុមហ៊ុនដ៏ធំបំផុតរបស់ចិន គឺក្រុមហ៊ុន ឌីចេអា (DJI) ដែលជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ។ យន្តហោះទាំងនេះត្រូវបានដាក់សញ្ញាសម្គាល់ថាសម្រាប់ប្រើនៅក្នុងសង្គ្រាម។ ទោះយ៉ាងណា គេមិនច្បាស់ទេថាតើក្រុមហ៊ុន ឬក៏រដ្ឋាភិបាលចិនបានដឹងពីការចុះបញ្ជីពន្ធគយរបស់រុស្ស៊ី ទាក់ទងនឹងយន្តហោះដ្រូននេះឬអត់។

សារព័ត៌មាននីកេទទួលបានកំណត់ត្រាគយរុស្ស៊ីពីប្រភពជាច្រើន រួមទាំងក្រុមហ៊ុនឥណ្ឌា អ៊ីកស៊ីម ត្រេដ ដេតា (Exim Trade Data) និងក្រុមហ៊ុន អ៊ិកស្ព័ត ជីនៀស (Export Genius) ហើយបានធ្វើការវិភាគលើការនាំចេញមួយចំនួនពីប្រទេសចិនទៅប្រទេសរុស្ស៊ី។

សារព័ត៌មាន Nikkei បានរកឃើញដែរថា ក្រុមហ៊ុនរុស្ស៊ីបានចំណាយទៅឱ្យសមភាគីចិនជាង ១ លានដុល្លារ សម្រាប់ឧបករណ៍ចំនួន ២២ គ្រឿង ដែលតាមចាប់និងរារាំងយន្តហោះដ្រូន។ ក្រុមហ៊ុនរុស្ស៊ីក៏បានចំណាយប្រាក់ជិត ៤ ម៉ឺនដុល្លារទៀត សម្រាប់កុំព្យូទ័រយួរដៃដែលធន់ខ្លាំងចំនួន ១០ គ្រឿង ហើយឧបករណ៍ទាំងអស់នេះត្រូវបានចុះបញ្ជីក្នុងកំណត់ត្រាគយថាសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាម។

កំណត់ត្រាគយបង្ហាញថា ក្នុងចន្លោះពេលពីខែមករា ដល់ខែមីនា យន្តហោះដ្រូនចំនួន ៣៤គ្រឿង ផលិតដោយក្រុមហ៊ុន DJI ក្នុងតម្លៃជាង ៧ ម៉ឺន ៥ ពាន់ដុល្លារ ត្រូវបានដឹកជញ្ជូនទៅរុស្ស៊ី។ យន្តហោះនីមួយៗមានទម្ងន់ពី ២៥០ ក្រាម ទៅ ៧ គីឡូក្រាម ពេលហើបផុតពីដី។

បើតាមទិន្នន័យពន្ធគយផ្លូវការរបស់ប្រទេសចិនបានឱ្យដឹងថា ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ ប្រទេសចិនបាននាំចេញយន្តហោះដ្រូនយ៉ាងតិច ៣ ម៉ឺន គ្រឿងទៅប្រទេសរុស្ស៊ីក្នុងតម្លៃជាង ៣២ លានដុល្លារ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកជំនាញថៃព្រមានថា ភាពចលាចលខាងនយោបាយអាចបំផ្លាញការស្តារវិស័យទេសចរណ៍ឡើងវិញ

ព័ត៌មាន
ក្រុមប្រឹក្សាទេសចរណ៍ថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលថ្មីគួរតែត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដើម្បីការពារការតវ៉ាដែលបង្កឡើងដោយជម្លោះនយ…

តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះបន្តិចទៀតនៅខែមិថុនា ជាការធ្លាក់ចុះ២ខែជាប់ៗគ្នា

ព័ត៌មាន
ការស្ទង់មតិឯកជនមួយបានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែមិថុនាកន្លងទៅនេះ បើធៀបនឹងខែឧសភា។ វាជាការបង្ហាញពីការធ្លាក់ចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ