អារ៉ាប៊ីសាអូឌីតសម្របសម្រួលចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

អារ៉ាប៊ីសាអូឌីតធ្វើជាអ្នកសម្របសម្រួលចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីគ្មានវត្តមានរុស្ស៊ីចូលរួម


មន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន៤០ រួមទាំងសហរដ្ឋអាមេរិក ចិន និងឥណ្ឌា ដោយមិនមានវត្តមានរុស្ស៊ី បានជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៍ ទី៥ សីហា។ ទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួនសង្ឃឹមថា ជំនួបពិភាក្សានេះនឹងនាំឱ្យមានកិច្ចព្រមព្រៀងលើគោលការណ៍សំខាន់ៗ សម្រាប់ការបញ្ចប់ដោយសន្តិវិធី ចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
តើអារ៉ាប៊ីសាអូឌីតអាចមានទម្ងន់កម្រិតណាក្នុងការចរចារស្វែងរកសន្តិភាពជូនអ៊ុយក្រែន?

ទោះយ៉ាងណា អ្នកវិភាគអន្តរជាតិធំៗ​មើលឃើញថា វត្តមានចូលរួមពី​ប្រទេសធំ​ជាច្រើនបែបនេះ មិនអាចនាំ​ទៅរកដំណោះស្រាយជាដុំកំភួនទេ ដោយសារពួកគេ​មានទស្សនៈ និងគំនិតផ្សេងៗគ្នា​ចំពោះបញ្ហាសង្រ្គាមនៅអ៊ុយក្រែននេះ។

ទន្ទឹមនឹងការរំពឹកទុកបែបនេះក្តី អារ៉ាប៊ីសាអូឌីតបានជោគជ័យ​មួយរួចទៅហើយ គឺបានក្លាយជា​ប្រទេស​ដែលអាចកោះហៅបណ្តាប្រទេស​ទាំង​លោកខាងលិច និងប្រទេសលោកខាងត្បូង ឬប្រទេសក្រីក្រ​មកអង្គុយទល់មុខគ្នា ដើម្បីរកដំណោះស្រាយចំពោះជម្លោះ ដែលកំពុងវាយប្រហារសេដ្ឋកិច្ច​ពិភពលោកនេះ។ អ្នកវិភាគលោកខាងលិខយល់ឃើញថា​ ប្រទេសនាំចេញប្រេងកំពូល​នៅមជ្ឈឹមបូព៌ាមួយនេះ បានរក្សាទំនាក់ទំនង​អព្យាក្រឹតទាំងសងខាងជាមួយរុស្ស៊ី និងអ៊ុយក្រែន​ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុនមក។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy សង្ឃឹមជាមុនថា នឹងយល់ព្រមលើគោលការណ៍​មួយចំនួន​សម្រាប់កិច្ចប្រជុំ​កំពូលនៃ​មេដឹកនាំពិភពលោកនេះ។ ប៉ុន្ដែ លោកក៏លើកទឹកចិត្តឱ្យមាន​ការរៀបចំកិច្ច​ពិភាក្សាទ្វេភាគី​នៅខាងក្រៅកិច្ចប្រជុំ ដែលធ្វើឡើងនៅទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីតនោះដែរ។ ស្របពេលជាមួយគ្នា លោកបានទទួលស្គាល់ថា មានភាពខុសគ្នា និងនិន្នាការនយោបាយខុសគ្នា គឺពិតជាមាន​ក្នុងចំណោមប្រទេសដែលចូលរួមទាំង៤០ ប៉ុន្តែសណ្តាប់ធ្នាប់​អន្តរជាតិ​ដែលផ្អែកលើច្បាប់ត្រូវតែស្តារឡើងវិញ ពោលគឺច្បាប់អន្តរជាតិដែលមានចែង។

ទោះបីជាមិបានចូលរួមកិច្ចប្រជុំក្តី​ វិមានក្រឹមឡាំងថា រុស្ស៊ីនឹងតាមដានមើលកិច្ចប្រជុំនេះ​ដល់ទីបញ្ចប់។ យោងតាមមន្ត្រី​សហភាព​អឺរ៉ុបមួយរូប​បានប្រាប់រ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចពិភាក្សានឹង​មិនមានសេចក្តីថ្លែងការណ៍​រួមបន្ទាប់ពីកិច្ចប្រជុំនោះទេ ប៉ុន្តែថាអារ៉ាប៊ីសាអូឌីត​នឹងបង្ហាញផែនការ​សម្រាប់កិច្ចពិភាក្សាបន្ថែមទៀត ជាមួយនឹងក្រុមការងារដើម្បី​ពិភាក្សាអំពីបញ្ហាដូចជាសន្តិសុខស្បៀង​អាហារពិភពលោក សុវត្ថិភាពនុយក្លេអ៊ែរ និងការដោះលែងអ្នកទោសសង្គ្រាម។ មន្ត្រីរូបនេះសង្កត់ធ្ងន់ថា កិច្ចពិភាក្សានេះ​បង្ហាញពីភាពវិជ្ជមាន ហើយមានការព្រមព្រៀង​រួចហើយ​រវាងភាគីអឺរ៉ុប និងអារ៉ាប៊ីសាអូឌីត​មុនយល់ព្រមចូលរួមកិច្ចប្រជុំនេះថា បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ត្រូវតែយក​ជាគោលការណ៍ស្នូល​សម្រាប់ដំណោះស្រាយសន្តិភាពណាមួយ»។

ទីក្រុង​ប៉េកាំង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា គេកំពុង​បញ្ជូនប្រេសិត​ពិសេស​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ាស៊ី លោក Li Hui ទៅចូលរួមកិច្ចប្រជុំ។ ដោយឡែក ឥណ្ឌាឯណោះវិញក៏មានតំណាង​របស់គេចូលរួមដែរ គឺលោក Shri Ajit Doval ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌដែលបានទៅដល់ទីក្រុង Jeddah ហើយ។ មិនខុសគ្នាប៉ុន្មានឡើយ ចិន និងឥណ្ឌាបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងបដិសេធមិនថ្កោលទោស​ចំពោះរុស្ស៊ីនៅអ៊ុយក្រែនម្តងឡើយ។

មន្ត្រីនិងអ្នកវិភាគលោកខាងលិចបានមានការយល់ឃើញថា ការទូតអារ៉ាប៊ីសាអូឌីត​មានសារៈសំខាន់ក្នុងការធានាវត្តមាន​របស់ចិននៅក្នុងកិច្ចពិភាក្សានេះ។ ដោយហេតុថា នៅក្រោមការគ្រប់គ្រង​ជាក់ស្តែង ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត​កំពុងមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលប៉េកាំង និងកំពុងបង្ហាញ​ពីបំណងចូលរួមកិច្ចព្រមព្រៀងសហប្រតិបត្តិការសៀងហៃ​ដែលដឹកនាំ​ដោយប្រទេសចិន។

ទោះជាយ៉ាងណា អ្នកវិភាគខ្លះមានការយល់ឃើញខុសពីនេះថា «វត្តមានរបស់ចិនក្នុងកិច្ចប្រជុំ​មិនប្រាកដថា ប៉េកាំងនឹងយល់ស្របចំពោះ​ដំណោះស្រាយ​ដែលរកឃើញដោយអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចឡើយ ប៉ុន្ដែ គ្រាន់តែបង្ហាញពីឆន្ទៈចូលរួ​មនិងស្តាប់តែប៉ុណ្ណោះ»៕




អត្ថបទបន្ទាប់


លោក ចូ បៃដិន គ្រោងនឹងដាក់ចេញបទបញ្ជាទប់ស្កាត់ការវិនិយោគនៅប្រទេសចិននៅដើមសប្ដាហ៍នេះ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នៅសប្ដាហ៍នេះ នឹងដាក់ចេញបញ្ជាមួយដែលគេបានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីត្រួតពិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ