រុស្សីបញ្ជូនទ័ពចូលតំបន់ផ្តាច់ខ្លួនពីរនៅអ៊ុយក្រែន

រុស្សីបញ្ជូនទ័ពចូលតំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែន ក្រោយទទួលស្គាល់ជារដ្ឋឯករាជ្យ


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ចំនួនពីរ ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ការបញ្ជូនទ័ពនេះត្រូវបានរុស្សីអះអាងថាធ្វើឡើង ក្រោមក្របខណ្ឌនៃបេសកកម្មរក្សាសន្តិភាព ក្រោយនៅប៉ុន្មានថ្ងៃចុងក្រោយមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងរវាងក្រុមឧទ្ទាមនិង ទាហានអ៊ុយក្រែន។ នៅចំពោះមុខបញ្ហានេះ សហរដ្ឋអាមេរិកកំពុងវាយតម្លៃថាតើបទបញ្ជារបស់លោក ពូទីន គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។
ផែនទីតំណាង

លោក ពូទីន នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាឱ្យ​កងទ័ព​រុស្ស៊ី​ចូលទៅក្នុង​តំបន់​កាន់កាប់ដោយក្រុមឧទ្ទាម​ដែលធាតុពិត​មានការគាំទ្រ​ពីម៉ូស្គូ ដោយអះអាងថា វាជាបេសកកម្មរក្សាសន្តិភាព ពោលគឺ​នៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានចុះហត្ថលេខាលើច្បាប់មួយ ទទួលស្គាល់ឯករាជ្យភាព​របស់តំបន់ផ្តាច់ខ្លួន​ទាំងពីររបស់អ៊ុយក្រែនគឺ តំបន់ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅឈ្មោះជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ»។ ការប្រកាសទទួលស្គាល់​តំបន់ដែលក្រុមឧទ្ទាមកាន់កាប់ នៅភាគខាងកើត​អ៊ុយក្រែនជារដ្ឋឯករាជ្យ បានសេចក្តីថា រុស្ស៊ីនឹងមិនទទួល​ស្គាល់​តំបន់ទាំងនោះ ថាជាទឹកដីអ៊ុយក្រែន​ទៀត​ឡើយ។

ដូចទៅនឹងអ្វី​ដែលលោកខាងលិចបានព្រមាន​ជារឿយៗយ៉ាងដូច្នេះមែនទស្សនិកជន ប្រការនេះវាជាការត្រួសត្រាយផ្លូវឲ្យរុស្ស៊ី បញ្ជូនកងទ័ព​ដោយបើកចំហចូល​ទៅកាន់តំបន់ ហើយប្រើប្រាស់​លេសថា ជាការចូលមក​ការពារ​តំបន់ទាំងនោះ ពីការវាយប្រហារ​ដោយកងទ័ពអ៊ុយក្រែន។

យ៉ាងណាក៏ដោយ ការប្រកាសរបស់លោក ពូទីន បានទាក់ទាញ​ការថ្កោល​ទោស​ជាអន្តរជាតិ និងការដាក់ទណ្ឌកម្ម​ភ្លាមៗ​របស់សហរដ្ឋអាមេរិក ដូចជាការបញ្ឈប់​សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ទាំង​ពីរ​ខាងលើ និងហាមឃាត់ការនាំចូលទំនិញ​ទាំងអស់ពីតំបន់ទាំងនោះផងដែរ។ សេតវិមាន​បានបន្ថែមថា ខ្លួននឹងប្រកាស​វិធានការ​បន្ថែមទៀតនៅថ្ងៃអង្គារនេះ។

ដោយឡែក អង់គ្លេស បារាំង និងអាឡឺម៉ង់​ក៏បានសន្យាថា នឹងដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹងការទទួលស្គាល់របស់រុស្ស៊ីចំពោះតំបន់ផ្តាច់ខ្លួនទាំងពីរផងដែរ។​

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានបើកកិច្ចប្រជុំបន្ទាន់​មួយ​នៅភ្លាមៗក្រោយការទទួល​ស្គាល់​តំបន់​ផ្តាច់​ខ្លួន​ទាំងពីរ ដោយរុស្សី។ ​លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការទទួលស្គាល់​របស់ទីក្រុង​មូស្គូលើតំបន់​ភាគខាងកើត​អ៊ុយក្រែន​ជារដ្ឋឯករាជ្យ គឺជាផ្នែកមួយ​នៃការប៉ុនប៉ង​របស់ខ្លួន​ដើម្បីបង្កើត​លេស​សម្រាប់​ការឈ្លានពានបន្ថែមទៀត​លើអ៊ុយក្រែនតែប៉ុណ្ណោះ។

ជាការឆ្លើយបតប ឯកអគ្គរដ្ឋទូតរុស្ស៊ី Vasily Nebenzia បានព្រមាន​មហាអំណាច​លោកខាងលិច ត្រូវគិតឲ្យ​បានពីរដងសិនមុននឹងនិយាយអ្វីមួយ ហើយទទូចកុំធ្វើឱ្យស្ថានភាព​កាន់តែអាក្រក់ទៅៗ។ ដោយឡែក អាមេរិក អង់គ្លេស និងបារាំង​បានស្នើឲ្យមានកិច្ច​ប្រជុំក្រុមប្រឹក្សាសន្តិសុខម្តងទៀត នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

នៅចំពោះមុខស្ថានការណ៍ដ៏តានតឹង ស្ថានទូតចិនប្រចាំនៅអ៊ុយក្រែននៅថ្ងៃអង្គារ បានព្រមានទៅកាន់​ជនជាតិចិន​ឲ្យប្រុងប្រយ័ត្ន​ពីការធ្វើដំណើរទៅតំបន់​ដែលអស្ថិរភាព តែចិនមិនបានប្រាប់ឲ្យ​ជនជាតិខ្លួនចាកចេញពីអ៊ុយក្រែន​ដូចដែលប្រទេសលោកខាងលិច​មួយចំនួន​បានធ្វើនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិកចំនួន ២ រងទណ្ឌកម្មពីទីក្រុងប៉េកាំង ក្រោយលក់អាវុធទៅឱ្យតៃវ៉ាន់

ព័ត៌មាន
រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន២ ដែលបានផ្គត់ផ្គង់លក់អាវុធទៅឱ្យត…

វៀតណាមរំពឹងខ្ពស់លើការនាំចេញទូរសព្ទ និង គ្រឿងបន្លាស់នៅឆ្នាំ២០២២

ព័ត៌មាន
ការនាំចេញទូរស័ព្ទប្រចាំឆ្នាំក្នុងប្រទេសវៀតណាមមានចំនួនទឹកប្រាក់សរុបជាង ៥០ ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេរំពឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ