ក្រុងព្រះសីហនុលើកទឹកចិត្តឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន

មេកំពង់ផែស្វយ័តក្រុងព្រះសីហនុលើកទឹកចិត្តឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន


អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអះអាងថា កន្លងមកខាងកំពងផែ រួមជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងក្រុមហ៊ុនឡានកុងតឺន័រដឹកជញ្ជូនទំនិញបានជួបពិភាក្សាគ្នា ដើម្បីសម្របសម្រួល ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនកុងតឺន័រដឹកជញ្ជូនទំនិញងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន ប៉ុន្ដែ បញ្ហានេះ នៅតែមិនទាន់អាចសម្របសម្រួលបាននោះឡើយ ដ្បិតក្រុមហ៊ុនដឹកជញ្ជូនអះអាងថា តម្លៃប្រើប្រាស់ផ្លូវល្បឿនលឿននេះ ហាក់នៅតែមានខ្ពស់សម្រាប់ពួកគេ។
មេកំពង់ផែស្វយ័តក្រុងព្រះសីហនុលើកទឹកចិត្តឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន

ទោះយ៉ាងណា ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុជឿជាក់ថា នឹងមានការដោះស្រាយបញ្ហានេះក្នុងពេលឆាប់ ហើយក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវនេះឲ្យបានច្រើន។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងថា បញ្ហាចំណាយខ្ពស់នៅតែជាកត្តារាំងស្ទះសម្រាប់ក្រុមហ៊ុនឡានកុងតឺន័រដឹកជញ្ជូនទំនិញ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើទោះបីជា កន្លងមកខាងកំពង់ផែមានការសម្របសម្រួលជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿននេះ និងក្រុមហ៊ុនដឹកជញ្ជូនយ៉ាងណាក្ដី។ ទោះយ៉ាងណា ឯកឧត្តម សង្ឃឹមថា បញ្ហារាំងស្ទះនេះ នឹងអាចស្វែងរកច្រកចេញបានក្នុងពេលខាងមុខ។

បើតាមឯកឧត្តម លូ គឹមឈន់ បើគិតពីតម្លៃដឹកជញ្ជូនទំនិញតាមឡានកុងតឺន័រ នៅកម្ពុជា គឺមានតម្លៃទាបជាងប្រទេសនៅក្នុងតំបន់ដូចជាថៃ និងវៀតណាមទៅទៀត។ តម្លៃទាប ក៏ដោយសារតែ ក្រុមហ៊ុនឡានកុងតឺន័រដឹកជញ្ជូនទំនិញទាំងនោះ មានការប្រជែងគ្នាលើការកាត់បន្ថយចំណាយ ដូចជាប្រើប្រាស់រថយន្ដចាស់ៗ អ្នកបើកបរមិនសូវមានគុណភាពជាដើម។ ប៉ុន្ដែ កត្តាទាំងនេះ ត្រូវបានឯកឧត្តម លូ គឹមឈន់អះអាងថា គឺមិនសូវជាល្អប៉ុន្មានទេ បើគិតពីគុណភាពសេវាកម្មដឹកជញ្ជូន។ ឯកឧត្តមគូសបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនទំនិញ គួរតែដំឡើងថ្លៃសេវាបន្ដិច ប៉ុន្ដែ ក៏ត្រូវដំឡើងគុណភាពសេវាកម្មដឹកជញ្ជូនរបស់ខ្លួនទៅតាមនោះដែរទើបជាការប្រសើរ។

សូមបញ្ជាក់ថា ចំពោះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធំ ក្រោយបញ្ចុះតម្លៃរួច គឺមានប្រមាណ ១០០ដុល្លារ សម្រាប់ការធ្វើដំណើរទៅមក។ ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនបានអះអាងថា តម្លៃនេះ គឺនៅតែមានខ្ពស់សម្រាប់ពួកគេ និងស្នើឲ្យខាងក្រុមហ៊ុនមានការបន្ថូរបន្ថយថែមទៀត។

ទោះបីថា រថយន្ដដឹកទំនិញមិនសូវមានប្រើប្រាស់ផ្លូវល្បឿនលឿននេះក្ដី ប៉ុន្ដែ រថយន្ដលក្ខណៈគ្រួសារ និងដឹកអ្នកដំណើរមានការប្រើប្រាស់ផ្លូវនេះជាហូរហែ ពិសេសនៅថ្ងៃឈប់សម្រាកបុណ្យទាននានា។ តួយ៉ាង នៅ៤ខែដំបូងក្រោយបើកដំណើរការផ្លូវការ កាលពីខែវិច្ឆិកាឆ្នាំមុនមក ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ និងមានចរាចរណ៍ធ្វើដំណើរសរុបជិត២លានជើង៕




អត្ថបទបន្ទាប់


ផ្សារទំនើបធំមួយតម្លៃជាង ១៤លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅក្នុងខេត្តព្រះសីហនុឆាប់ៗនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា មានក្រុមហ៊ុនចិនមួយគ្រោងបោះទុនវិនិយោគប្រមាណ១៤លានដុល្លារអាមេរិក បង្កើតផ្សារទំនើបធំជា…

សម្តេច ហ៊ុន សែន ដាស់តឿនជាថ្មី ឲ្យក្រុមហ៊ុនអ៊ិនធឺណិតបង្កើនគុណភាពសេវានៅតាមបុរី

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាស់តឿនជាថ្មីដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅកម្ពុជាឲ្យបង្កើនគុណភាពសេវា និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ