វិស័យសេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត៖ ៤០ឆ្នាំនៃការរីកចម្រើនសេដ្ឋកិច្ច-សង្គមកម្ពុជា គឺកើតចេញពីការរក្សាបានលំនឹងគោលនយោបាយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ភាពរីកចម្រើននៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នារយៈពេលប្រមាណ៤០ឆ្នាំមកនេះ គឺកើតចេញពីការេក្សាបាននូវលំនឹងនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែបន្តអនុវត្តទៅតាមគោលនយោបាយចាស់។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រមុខរាជរដ្ឋាភិបាលអះអាងថា មានប្រទេសមួយចំនួនបានបរាជ័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដោយសារតែគ្មានលំនឹងលើការអនុវត្តន៍គោលនយោបាយរបស់ខ្លួន ហើយថ្នាក់ដឹកនាំកម្ពុជាជឿថា ការអនុវត្តគោលនយោបាយចាស់នេះ នឹងក្លាយជាជំហានជួយកម្ពុជា សម្រេចបានគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ថ្លែងនាឱកាសអញ្ជើញជាអធិបតី«ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបន្តអនុវត្តតាមគោលនយោបាយចាស់ ពោលគឺគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៦។

ការលើកឡើងរបស់សម្ដេចធិបតីបែបនេះ ធ្វើឡើងក្រោយមានការលើកឡើងជាច្រើនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ សម្តេចធិបតីអះអាងថា ទោះបីរាជរដ្ឋាភិបាលអាណត្តិថ្មីបានអុវត្តគោលនយោបាយចាស់ក៏ពិតមែន តែការជ្រើសរើសអាទិភាព និងវិធីសាស្រ្តក្នុងការធ្វើ ដើម្បីសម្រេចគោលដៅប្រកបដោយភាពនវានុវត្តន៍ និងភាពច្នៃប្រឌិត ទើបជាចំណុចសំខាន់។

សម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា ភាពរីកចម្រើននៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នារយៈពេលប្រមាណ៤០ឆ្នាំមកនេះ គឺកើតចេញការរក្សាបាននូវលំនឹងនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

​បើតាមសម្ដេច ហ៊ុន ម៉ាណែត បើទោះជាគោលនយោបាយរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកលើការពង្រីកនូវសមិទ្ធផលវិជ្ជមាន ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនភ្លេចនូវវិធានគន្លឹះ៥ ដែលផ្ដោតសំខាន់លើការកាត់បន្ថយចំណុចអវិជ្ជមាននោះដែរ ដូចជាការកែទម្រង់រដ្ឋបាលសាធារណៈ, ពង្រឹងកែសម្រួលវិធីសាស្រ្ត និងបន្តនូវការកំណែទម្រង់លើវិស័យសុខាភិបាល វិស័យអប់រំ, ការដាក់ចេញ ពិនិត្យ វាយតម្លៃ និងយន្តការផ្សេងៗ ដើម្បីកាត់បន្ថយភាពអវិជ្ជមាន ក្នុងការពង្រឹងគោលនយោបាយ ក្នុងការផ្ដល់សុវត្ថិភាព សន្តិសុខភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិធានការដើម្បីកាត់បន្ថយនូវភាពអវិជ្ជមាន ក្នុងប្រព័ន្ធយុត្តិធម៌ និងបង្កើនប្រព័ន្ធយុត្តិធម៌សង្គម ជាដើម។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន៖ ការពង្រឹងនិងការកែទម្រង់ស្ថាប័ន ដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ព័ត៌មាន
ភ្នំពេញ៖​ ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកុម្ភៈឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទ…

តើមានកត្តាអ្វីខ្លះបានជារដ្ឋាភិបាលកម្ពុជា យល់ព្រមធ្វើអាជីវកម្មក្នុងតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅបាតសមុទ្រជាមួយថៃ?

ព័ត៌មាន
តំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅតំបន់បាតសមុទ្ររវាងកម្ពុជា-ថៃ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ លើកយកមកពិភាក្សាគ្នានាពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ