ស្ថានភាពវិស័យទេសចរណ៍

អ្នកជំនាញថា កម្ពុជាមិនទាន់ទទួលបានការកក់ពីភ្ញៀវទេសចរចិននៅឡើយទេ


អ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ននៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយចំនួនភ្ញៀវទេសចរជនជាតិចិន ចូលមកកម្ពុជាបច្ចុប្បន្ន គឺហាក់នៅមានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញកត់សម្គាល់ឃើញថា បើទោះបីរដូវវិស្សមកាលទេសចរណ៍ Golden Week របស់ជនជាតិចិនបានជិតចូលមកដល់ក្តី ប៉ុន្តែកម្ពុជានៅមិនទាន់ទទួលបានការកក់កញ្ចប់ទេសចរណ៍ពីភ្ញៀវចិននៅឡើយទេ។
អ្នកជំនាញថា ភ្ញៀវទេសចរចិនចូលមកកម្ពុជាបច្ចុប្បន្ន នៅមានភាពស្ងប់ស្ងាត់នៅឡើយ!
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះស្ថានភាពភ្ញៀវទេសចរជនជាតិចិន ដែលចូលមកកម្សាន្តនៅកម្ពុជា ហាក់មានសភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញរូបនេះជឿជាក់ថា នៅក្នុងឱកាសរដូវវិស្សមកាល Golden Week របស់ជនជាតិចិននៅអំឡុងខែតុលា នឹងមានភ្ញៀវទេសចរចិន ចេញដើរកម្សាន្តនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើន។

យ៉ាងណាមិញសម្រាប់កម្ពុជាក៏ទទួលបានការសាកសួរពីសំណាក់ភ្ញៀវទេសចរចិនខ្លះៗផងដែរ អំពីកញ្ចប់ដំណើរកម្សាន្តមកកម្ពុជា ក៏ប៉ុន្តែដោយសារតែកញ្ចប់ទេសចរណ៍ រួមទាំងតម្លៃសំបុត្រយន្តហោះរបស់កម្ពុជា មានតម្លៃខ្ពស់បើធៀបនឹងប្រទេសផ្សេងៗទៀត បានធ្វើឱ្យភ្ញៀវទេសចរចិនទាំងនោះ នៅមានទាន់សម្រេចចិត្តជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ចេញដើរកម្សាន្តនៅក្នុងរដូវវវិស្សមកាល Golden Week របស់ពួកគេនោះទេ។ នេះបើតាមការបញ្ចាក់របស់លោកជំទាវ ឆាយ ស៊ីវលីន ដែលបានបន្តថា បច្ចុប្បន្នកម្ពុជានៅមិនទាន់ទទួលបានការកក់ Tour ទេសចរណ៍ជាលក្ខណៈក្រុមធំៗពីភ្ញៀវទេសចរជនជាតិចិននៅឡើយទេ ពោលគឺមានតែការកក់ជាលក្ខណៈភ្ញៀវរាយៗតែប៉ុណ្ណោះ។

ជុំវិញទេសចរចិននេះដែរ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ គឺមិនទាន់ឃើញមានសម្ទុះកើនឡើងច្រើននៅឡើយទេ ជាក់ស្តែងនៅរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេចរជនជាតិចិន ប្រមាណជាង៣៦ម៉ឺននាក់ កើនឡើងជាង៦០០% បើធៀបទៅនឹងឆ្នាំ២០២២ ក៏ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩ មានការថយចុះប្រមាណ៧៨%។

តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះរំពឹងថា ភ្ញៀវទេសចរចិនចូលមកកម្ពុជានៅចុងឆ្នាំនេះ នឹងមានការកើនឡើង ដោយសារតែនៅពាក់កណ្តាលខែតុលានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបើកឱ្យដំណើរការ ហើយតាមរយៈការបើកព្រលានយន្តហោះថ្មីនេះ វានឹងទាក់ទាញភ្ញៀវទេសចរចិន បានមួយកម្រិតថែមទៀតផងដែរ។ បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ជាពិសេសតាមរយៈការខិតខំផ្សព្វផ្សាយអំពីសក្តានុពលនៃគោលដៅទេសចរណ៍កម្ពុជា ដែលជាគោលដៅ ដែលមានសុវត្ថិភាព និងភាពកក់ក្តៅ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ៣,៥លាននាក់ កើនឡើង២៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ និងមានការថយចុះជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ៤លាន៥សែននាក់ ទៅ៥លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ ក្នុងនោះរំពឹងទទួលបានភ្ញៀវទេសចរចិន ប្រមាណ៦០ម៉ឺននាក់ផងដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វី វិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់ងើបរួចពីសន្លប់?

ព័ត៌មាន
អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលបញ្ហារីករាតត្បាតកូវីដ-១៩ និងឥទ្ធិពលនៃស្ថានភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក កំពុងជះឥទ្ធិពលមិនល្អជាច្រ…

មន្រ្តីរំពឹងផែនការ“បង្កើនប្រាំ” នឹងដោះរបាំងរាំងស្ទះដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ

ព័ត៌មាន
គំនិតបង្កើនប្រាំ គឺជាផែនការសំខាន់ៗរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានដាក់ចេញ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្សាន្តនៅកម្ពុជា គ្រាដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ