វិស័យកសិកម្ម

ការរឹតត្បិតការនាំចេញអង្កររបស់ឥណ្ឌា អាចនឹងធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើងខ្ពស់


ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករដ៏ធំជាងគេមួយនៅលើពិភពលោកត្រូវបានគេរំពឹងថា នឹងរក្សាការទប់ស្កាត់ការនាំចេញអង្កររបស់ខ្លួនរហូតដល់ឆ្នាំ២០២៤។ ក្នុងករណីឥណ្ឌាសម្រេចចិត្តធ្វើបែបនេះមែន ចង់ ឬមិនចង់វានឹងជំរុញឱ្យតម្លៃអង្ករពិភពលោកនឹងហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយដែលធ្លាប់បានកើតមានឡើងនៅក្នុងឆ្នាំ២០០៨។ គួរបញ្ជាក់ថា តម្លៃអង្ករនៅលើពិភពលោកបច្ចុប្បន្ននេះនៅក្នុងមួយតោនលក់ចេញជាមធ្យមប្រមាណជាង៦៣០ដុល្លារ។
2
ដោយ

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Economic Times ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករច្រើនបំផុតនៅលើពិភពលោកកាលពីឆ្នាំ២០២២ អាចនឹងបន្តដាក់ការរឹតត្បិតលើការនាំចេញបន្តទៀតនៅឆ្នាំ២០២៤ ខាងមុខនេះ ដោយសារការបារម្ភអំពីបញ្ហាស្បៀងនៅក្នុងស្រុក។ ដោយសារផលិតកម្មអង្ករនៅឥណ្ឌា មានតម្លៃថោក គួបផ្សំការស្តុកទុករក្សាបានល្អ បានធ្វើឲ្យឥណ្ឌាក្លាយជាមហាអំណាចស្បៀងមួយនៅលើពិភពលោក ដោយបានក្តោបចំណែកទីផ្សារផ្គត់ផ្គង់អង្កររបស់ពិភពលោករហូតដល់៤០ភាគរយ។ ប៉ុន្តែដោយសារស្ថានភាពមិនអំណោយផលនៃអាកាសធាតុ ពោលគឺបាតុភូតអេលនីណូ បានធ្វើឲ្យឥណ្ឌារឹតត្បិតលើការនាំចេញអង្ករតាំងពីពាក់កណ្តាលឆ្នាំ២០២៣ មក ហើយការរឹតត្បិតនេះត្រូវបានគេរំពឹងថា អាចនឹងបន្តរហូតដល់ឆ្នាំ២០២៤។

ប្រភពដដែលបានអះអាងថា បាតុភូតធម្មជាតិ គឺជាកត្តាមួយ តែហេតុផលចម្បងមួយទៀត ដែលធ្វើឱ្យឥណ្ឌាអាចរឹតត្បិតការនាំចេញអង្ករនៅឆ្នាំ២០២៤ នោះ គឺដោយសារលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ចង់ស្វែងរកលទ្ធភាពវិជ្ជមាននៅក្នុងការបោះឆ្នោតនៅឥណ្ឌាមួយអាណត្តិទៀត។ អ្នកវិភាគបានអះអាងថា ដោយសារតែចំណុចនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា អាចនឹងដាក់បម្រាមលើការនាំចេញអង្ករថែមមួយឆ្នាំទៀត ដើម្បីទប់ស្កាត់អតិផរណាតម្លៃស្បៀងនៅក្នុងប្រទេស ដើម្បីទិញទឹកចិត្តពលរដ្ឋក្រីក្រ។

លោក សូណាល់ វ៉ាម៉ា (Sonal Varma) អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Nomura Holdings Inc បានមានប្រសាសន៍ថា ដរាបណាតម្លៃអង្ករក្នុងស្រុកប្រឈមនឹងសម្ពាធកើនឡើង ការរឹតបន្តឹងទំនងជានឹងនៅដដែល ហើយអាចនឹងតឹងរ៉ឹងជាងមុនក៏អាចថាបាន។

បើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ តម្លៃអង្ករនៅលើទីផ្សារពិភពលោកកាលពីខែសីហា បានហក់ឡើងដល់ចំណុខ្ពស់បំផុតនៅក្នុងរយៈពេល១៥ឆ្នាំ ពោលគឺវាបានឡើងដល់ទៅ២៤ភាគរយ បើធៀបនឹងតម្លៃកាលពីដើមឆ្នាំនេះ។

លោក គ្រីស្នា រ៉ាវ (B.V. Krishna Rao) ប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌាបាននិយាយថា រដ្ឋាភិបាលចង់ធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងស្រុក ហើយការរឹតត្បិតលើការនាំចេញនេះនឹងបន្តធ្វើទាល់​តែការបោះឆ្នោតនៅឆ្នាំក្រោយចប់រួចរាល់។

ជាមួយគ្នានេះលោក ចូសេព្វ ឃ្លោប័រ ( Joseph Glauber) អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ចំណាត់ការ និងការសម្រេចចិត្តរបស់ឥណ្ឌាចំពោះអង្ករ គឺវាជារឿងរសើបណាស់ ដោយសារតែឥណ្ឌាគឺជាទីផ្សារផ្គត់ផ្គង់ធំបំផុតមួយរបស់ពិភពលោក។

តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ កាលពីខែកញ្ញា កន្លងទៅ បានឡើងដល់៦៣៥ដុល្លារក្នុងមួយតោន ដែលតម្លៃនេះកើនឡើងជាង៧ភាគរយធៀបនឹងខែសីហា។ ការរឹតបន្តឹងការនាំចេញអង្ករនេះ បានធ្វើឲ្យមានអតិផរណាតម្លៃស្បៀងនៅប្រទេសជាច្រើន ដោយរួមទាំងហ្វីលីពីន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង ស្ថាប័ននានា មមាញឹកក្នុងការរៀបចំរចនាប្រទីបចូលរួមព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មាន
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នឹងចូលមកដល់នៅថ្ងៃទី២៦ ខែវិច្ឆិកា ខណៈអ្វីៗក៏បានត្រៀមរួចរាល់ ដើម្បីញាំងឱ្យបរិយា…

អាម៉េរិកថា ការរឹបអូសកប៉ាល់ជប៉ុន គឺជាការរំលោភច្បាប់អន្តរជាតិ និងទាមទារឱ្យក្រុមហ៊ួធីដោះលែងបន្ទាន់

ព័ត៌មាន
បន្ទាប់ពីរឹបអូសបានមួយថ្ងៃ ក្រុមហ៊ូធីរបស់យេម៉ែន ដែលមានអ៊ីរ៉ង់នៅពីក្រោយបានចេញផ្សាយវីដេអូមួយបង្ហាញពីកម្លាំងប្រដាប់អាវុធចុះពីឧទ្ធម្ភាគចក្រ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ