ជម្លោះតំបន់មជ្ឈិមបូព៌ា

អ្នកជំនាញនិយាយថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបានគំរាមកំហែងដល់សន្តិសុខនៅតំបន់អាស៊ី


ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន បានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកមួយទៀត ខណៈដែលពិភពលោកកំពុងប្រឈមមុខរួចទៅហើយ ចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ី លើអ៊ុយក្រែន ហើយអ្នកជំនាញមើលឃើញថា ជម្លោះនៅប៉ាឡេស្ទីននេះបានគំរាមកំហែងដល់សន្តិសុខនៅតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ជម្លោះតំបន់មជ្ឈិមបូព៌ា
ដោយ

អ្នកជំនាញផ្នែកសន្តិសុខរបស់បស្ចិមលោក និងមជ្ឈិមបូព៌ា យល់ឃើញថា សេណារីយ៉ូដែលអាក្រក់បំផុតជុំវិញការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានេះ នឹងក្លាយជាការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ដែលអាចរាលដាលជាជម្លោះនៅទូទាំងតំបន់ ហើយវាថែមទាំងបានគំរាមកំហែងដល់សន្តិសុខនៅតំបន់អាស៊ីផងដែរ។

ប្រសិនបើជម្លោះនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា បានកើនឡើងក្លាយជាសង្រ្គាមធំរាលដាលទៅដល់តំបន់ផ្សេងទៀត នោះសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ និងឧបទ្វីបកូរ៉េនឹងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ព្រោះសហរដ្ឋអាម៉េរិក លែងមានកម្លាំងយោធាគ្រប់គ្រាន់ ដើម្បីដោះស្រាយជម្លោះធំៗនៅកន្លែងទាំង២នេះក្នុងពេលតែមួយបានឡើយ។

តើយោធាអាម៉េរិក អាចទប់ទល់បានដោយរបៀបណាប្រសិនបើសង្គ្រាមធំពីរ ឬច្រើនជាងនេះពាក់ព័ន្ធនឹងអឺរ៉ុប មជ្ឈិមបូព៌ា ឬអាស៊ីផ្ទុះឡើងក្នុងពេលតែមួយមែននោះ?

ពាក់ព័ន្ធនឹងសំណួរនេះលោក ម៉ាក មីឡេយ៍ (Mark Milley) អតីតប្រធានអគ្គសេនាធិការចម្រុះរបស់មន្ទីរបញ្ចកោណ បាននិយាយនៅពេលលោកបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងខែកក្កដាថា រឿងសំខាន់បំផុត គឺត្រូវប្រាកដថា គ្មាននរណាម្នាក់ចោទជាសំណួរបែបនេះឡើង។

លោក មីឡេយ៍ បាននិយាយថា អាម៉េ​រិកនឹងមានរចនាសម្ព័ន្ធកម្លាំង ដើម្បីអាចដោះស្រាយសង្រ្គាមដ៏ធំមួយក្នុងពេលណាមួយបាន ប៉ុន្តែវាក៏នៅតែអាចទប់ស្កាត់ ឬរារាំងសង្គ្រាមនៅកន្លែងផ្សេងទៀតបានដែរ ប៉ុន្តែយកល្អគឺត្រូវរារាំងកុំឱ្យសង្រ្គាមកើតឡើងនៅកន្លែងផ្សេងទៀត ដើម្បីកុំឱ្យមានការពិបាកក្នុងការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមពីរកើតឡើងក្នុងពេលតែមួយ។

លោក មីឡេយ៍ គិតយ៉ាងច្បាស់ថា អាម៉េ​រិកនឹងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនបើសិនចិនឈ្លានពានតៃវ៉ាន់ ក្នុងពេលមានភាពចលាចលនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ឬបើសិនកូរ៉េខាងជើងបញ្ជូនទ័ពចូលកូរ៉េខាងត្បូង ដោយហេតុផលដូចគ្នា ហើយដើម្បីរារាំងសកម្មភាពបែបនេះ លោក មីឡេយ៍ សង្កត់ធ្ងន់ថា អាម៉េ​រិក និងសម្ព័ន្ធមិត្តត្រូវតែជំរុញការរារាំងប្រទេសទាំង២នេះ គឺចិន និងកូរ៉េខាងជើង​។

ទីប្រឹក្សាក្រសួងការពារជាតិ អាម៉េរិក​ម្នាក់អះអាងថា សង្រ្គាមនៅអឺរ៉ុបនឹងមិនប៉ះពាល់ខ្លាំងដល់សន្តិសុខអាស៊ីទេ ព្រោះកម្លាំងជើងគោកទំនងជាដើរតួនាទីសំខាន់នៅអឺរ៉ុប ចំណែកឯសមរភូមិធំៗនៅអាស៊ីវិញទំនងជានឹងកើតឡើងនៅសមុទ្រ។ ទោះយ៉ាងនេះក្តី ការគ្រប់គ្រងជម្លោះនៅតំបន់ទាំង២ក្នុងពេលដំណាលគ្នានឹងមិនងាយស្រួលសម្រាប់កងទ័ពអាម៉េ​រិកនោះទេ ព្រោះថាពួកគេនឹងត្រូវមានគ្រាប់រំសេវ កាំជ្រួចមីស៊ីល និងយន្តហោះនៅកន្លែងទាំង២នេះ។

ហេតុនេះហើយ កាលពីខែធ្នូឆ្នាំមុនប្រទេសជប៉ុន បានសម្រេចបង្កើនចំណាយជិតទ្វេដងនៅក្នុងវិស័យការពារជាតិ នៅត្រឹមឆ្នាំសារពើពន្ធ២០២៧ ដើម្បីធ្វើឱ្យសម្ព័ន្ធភាពរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ ដំណឹងល្អមួយទៀត គឺថាមេដឹកនាំជប៉ុន អាម៉េ​រិក និងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំកំពូលត្រីភាគីមួយ កាលពីពាក់កណ្តាលខែសីហា ដើម្បីពង្រឹងសហប្រតិបត្តិការសន្តិសុខ។ ក៏ប៉ុន្តែគេមិនសូវជាមានសុទិដ្ឋិនិយមខ្លាំងពេកទេ ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់តែម្ដង​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វាសនាចំណាប់ខ្មាំងមានភាពមិនច្បាស់លាស់ ក្រោយអ៊ីស្រាអែលវាយប្រហារតាមជើងគោកចូលហ្កាហ្សា

ព័ត៌មាន
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបើកសមរភូមិសឹកតាមផ្លូវគោកដំណាក់កាលទីពីររបស់ខ្លួនហើយ ដោយមានរថក្រោះ និងកងទ័ពជាច្រើនរុលចូលទៅក្នុងតំប…

រំហូរទុនវិនិយោគបរទេសថ្មីៗចូលវៀតណាម កើន៥៤%នៅ១០ខែឆ្នាំនេះ

ព័ត៌មាន
អាជ្ញាធរវៀតណាម បានបង្ហាញនូវកំណត់ត្រានៃកំណើនដ៏វិជ្ជមានចំពោះសេដ្ឋកិច្ច ដោយនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ខ្លួនបានទាក់ទាញវិនិយោគទុនបរទេសមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ