ប្រទេសថៃ

ថៃអនុម័តជាផ្លូវការយកតម្លៃសេវាជិត៩ដុល្លារ បន្ថែមពីភ្ញៀវទេសចរបរទេស ចាប់អនុវត្តពីខែមិថុនាតទៅ


នៅទីបំផុត រដ្ឋាភិបាលថៃបានអនុម័តជាផ្លូវការ យកថ្លៃសេវាបន្ថែមជិត ៩ដុល្លារ ពីភ្ញៀវទេសចរបរទេស ដែលនឹងចូលមកដើរកម្សាន្តនៅប្រទេសថៃ ដោយការអនុវត្តនឹងគិតចាប់ពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣នេះតទៅ។ ការអនុម័តនេះធ្វើឡើង ស្របពេលដែលបច្ចុប្បន្ន តម្រូវការនៃការធ្វើដំណើរនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ បានងើបប្រសើរឡើងវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
ទីបំផុត ថៃអនុម័តយកតម្លៃសេវាជិត៩ដុល្លារ ពីភ្ញៀវទេសចរបរទេសហើយ!

ភ្ញៀវបរទេសម្នាក់ៗដែលចូលមកដើរកម្សាន្តនៅប្រទេសថៃតាមផ្លូវអាកាសនឹងត្រូវគិតប្រាក់៣០០បាតបន្ថែម ឬស្មើនឹងជិត៩ដុល្លារ ចំណែកអ្នកដែលមកតាមផ្លូវគោក និងផ្លូវទឹកនឹងត្រូវបង់ប្រាក់បន្ថែម ១៥០បាត ឬស្មើនឹងជាង៤ដុល្លារ។ ប៉ុន្តែការបង់ថ្លៃសេវាបន្ថែមនេះត្រូវបានលើកលែងចំពោះអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ ឬចុះចតក្នុងប្រទេសថៃ មុននឹងត្រូវផ្តូរជើងយន្តហោះទៅគោលដៅបន្ត។ ដោយឡែក ទារកដែលមានអាយុក្រោម២ឆ្នាំ ក៏មិនតម្រូវឱ្យបង់ប្រាក់សេវាបន្ថែមដែរ។

ទោះយ៉ាងណា ការគិតប្រាក់បន្ថែមសម្រាប់ទេសចរបរទេសនេះ នឹងមិនប៉ះពាល់ដល់ជនបរទេសដែលកាន់កាប់បណ្ណការងារក្នុងប្រទេសថៃ ឬអ្នកធ្វើដំណើរដែលមានលិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការនោះទេ។

លោក ភីផាត រ៉ាឆាគីតប្រាកាន់(Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃ បានប្រកាសថា គណៈរដ្ឋមន្ត្រីបានចុះហត្ថលេខាអនុម័តការយកប្រាក់សេវាបន្ថែម នេះកាលពីថ្ងៃអង្គារទី១៤ខែកុម្ភៈ។ គេប៉ាន់ប្រមាណថា ការប្រមូលប្រាក់ពីថ្លៃសេវានេះ នឹងមានចំនួនជាង ១០០លានដុល្លារនៅឆ្នាំ២០២៣នេះ។

យ៉ាងណាមិញ កញ្ចប់ថវិកាដែលប្រមូលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ជាការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរ នៅមន្ទីរពេទ្យរដ្ឋ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ រដ្ឋាភិបាលក្រុងបាងកកបានចំណាយប្រាក់អស់ចន្លោះពី៩លានទៅជិត១២លានដុល្លារគិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩ សម្រាប់ផ្គត់ផ្គង់ដល់មន្ទីរពេទ្យរដ្ឋ លើគ្រោះថ្នាក់របស់ភ្ញៀវ ដែលមកលេងប្រទេសខ្លួន។ ថ្លៃសេវានេះក៏នឹងត្រូវបានប្រើប្រាស់ ជួយដល់ការបញ្ជូនអ្នកដំណើរបរទេសទៅប្រទេសរបស់គេវិញ ក្នុងករណីដែលគេបានស្លាប់នៅក្នុងប្រទេសថៃផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០២២ ប្រទេសថៃបានទម្លាក់ចោលលក្ខខណ្ឌតម្រូវការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ដ ដែលមានតម្លៃធានាយ៉ាងហោចណាស់ស្មើនឹង១ម៉ឺនដុល្លារ ដោយសារតែស្ថានការណ៍កូវីដ១៩បានប្រសើឡើងវិញ។ រដ្ឋាភិបាលទីក្រុងបាងកក មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ២៥ លាននាក់នៅឆ្នាំ២០២៣នេះ ដែលចំនួននេះមានត្រឹមតែជាងពាក់កណ្តាលនៃចំនួនសរុបនៃភ្ញៀវដែលធ្លាប់ចូលមកកាលពីឆ្នាំ២០១៩ ប៉ុន្តែច្រើនជាងពីរដងនៃចំនួនភ្ញៀវទេសចរកាលពីឆ្នាំ២០២២ ដែលមានតែត្រឹម ១១លាននាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការយកថ្លៃបន្ថែមពីអ្នកដំណើរនេះ គឺដាច់ដោយឡែកពីពន្ធដែលត្រូវបានរួមបញ្ចូលស្រាប់ក្នុងតម្លៃសំបុត្រយន្តហោះ ដែលគេធ្លាប់ធ្វើអស់ជាច្រើនទសវត្សរ៍មកហើយ។

សូមជម្រាបថា ផែនការថ្មីនេះទទួលបានការឆ្លើយតបចម្រុះពីសំណាក់អ្នកនៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ។ ជាក់ស្ដែង មតិមួយចំនួនបារម្ភថា ការចំណាយបន្ថែមនេះ នឹងបង្វែរចំណាប់អារម្មណ៍ភ្ញៀវទេសចរចេញពីប្រទេសថៃ។ ដោយឡែក មតិផ្សេងទៀតមើលឃើញថាវាជាឱកាសល្អមួយ ដើម្បីផ្តល់មូលនិធិដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងវិស័យទេសចរណ៍។ ចាប់តាំងពីមានជំងឺរាតត្បាតមក អាជ្ញាធរទេសចរណ៍នៃប្រទេសថៃបានផ្លាស់ប្តូរពីការដែលគ្រាន់តែបង្កើនចំនួនភ្ញៀវទេសចរ ទៅជាការទាក់ទាញភ្ញៀវទេសចរណា ដែលស្នាក់នៅរយៈពេលយូរ និងមានចំណាយខ្ពស់វិញ៕




អត្ថបទបន្ទាប់


កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំនេះ

ព័ត៌មាន
គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ ដែលបានពន្យារពេលសាសង់ជាច្រើនលើកច្រើនសារនោះ បច្ចុប្បន្នបាននិងកំពុងស្ថិតក្នុងដំណាក់កាលជ្រើស…

អង្គការណាតូចេញសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសម្តែងការមិនពេញចិត្តនឹងចិននិងរុស្ស៊ី

ព័ត៌មាន
អង្គការសម្ព័ន្ធយោធាណាតូ ពិចារណាលើលទ្ធភាពដែលគេអាចចេញសេចក្តីថ្លែងការណ៍រួមមួយ ជាមួយនឹងប្រទេសក្រៅសមាជិករបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលខាងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ