មីយ៉ាន់ម៉ាត្រូវបានដាក់បញ្ចូលបញ្ជីខ្មៅហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្ម


ក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុ ដែលជាស្ថាប័នអ្នកឃ្លាំមើលអន្តរជាតិមួយនោះ បានសម្រេចដាក់ប្រទេសមីយ៉ាន់ម៉ានៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ចំពោះការផ្ដល់ហិរញ្ញវត្ថុដល់ភេរវកម្ម និងឧក្រិដ្ឋកម្ម រួមជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង។ នេះគឺជាការបង្ហាញពីការបាត់បង់ទំនុកចិត្តមួយទៀត ចំពោះរបបយោធាមីយ៉ាន់ម៉ា សម្រាប់អ្នកវិនិយោគពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei Asia ។
មីយ៉ាន់ម៉ាត្រូវបានដាក់បញ្ចូលបញ្ជីខ្មៅហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្ម

ក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៩ដោយក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ដែលដំបូងឡើយមានបំណងប្រឆាំងនឹងការលាងលុយកខ្វក់ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមការងារនេះ បានពង្រីកសិទ្ធិអំណាចរបស់ខ្លួន ដើម្បីប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុដល់អំពើភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យផងដែរ។

ក្រុមការងារពិសេស FATF នេះបានផ្តល់ណែនាំឱ្យរដ្ឋជាសមាជិកដាក់ប្រទេសមីយ៉ាន់ម៉ានៅក្នុងបញ្ជីខ្មៅជាបន្ទាន់ និងស្ថិតនៅក្រោមការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងផងដែរ។ មន្ត្រីដែលដឹងពីការសម្រេចចិត្តរបស់ក្រុមការងារពិសេស FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេសបារាំងបានបញ្ជាក់នៅក្នុងសារព័ត៌មាន Nikkei Asia ថា មូលហេតុដែលនាំឱ្យមានការស្រេចចិត្តបែបនេះ គឺដោយសារតែពួកគេព្រួយបារម្ភអំពីអាជីវកម្មកាស៊ីណូ និងការជួញដូរឆ្លងដែនខុសច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។ មូលហេតុទាំងនេះមានសភាពកាន់តែអាក្រក់ទៅៗចាប់តាំងពីរបបយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតគឺលោកស្រី អ៊ុង សានស៊ូជី នៅខែកុម្ភៈ ឆ្នាំ២០២១។ ការកើនឡើងនៃសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនរួមមាន ការនាំចេញថ្នាំក្លែងក្លាយ និងការលេងល្បែងអនឡាញផងដែរ។

ក្រុមការងារ FATF បានអំពាវនាវឱ្យប្រទេសនានាបង្កើនការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអាជីវកម្ម និងប្រតិបត្តិការទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ាឱ្យបានដិតដល់ជាងមុន។

ការដាក់ក្នុងបញ្ជីខ្មៅនេះ គឺជាការបង្ហាញពីរបៀបដែលយោធាមីយ៉ាន់ម៉ាធ្វើឱ្យប្រទេសនេះដើរថយក្រោយ ព្រោះប្រទេសនេះធ្លាប់បានជាប់ក្នុងបញ្ជីខ្មៅអស់ពេលជាច្រើនឆ្នាំរហូតដល់ប្រទេសនេះត្រូវបានផ្លាស់ប្តូរទៅជាប់ក្នុងបញ្ជីពណ៌ប្រផេះនៅខែកុម្ភៈ ឆ្នាំ២០១៦ ហើយបន្ទាប់មកត្រូវបានដកចេញទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០១៦ ជាពេលដែលរដ្ឋាភិបាលពាក់កណ្តាលយោធារបស់ប្រធានាធិបតីលោក ថេន សេន បានប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ដែលគេបានទទួលស្គាល់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្មឧក្រិដ្ឋកម្ម។

ប៉ុន្តែឥឡូវនេះមីយ៉ាន់ម៉ាបានវិលទៅរកអតីតកាលវិញហើយដូចគ្នានឹងប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ផងដែរ ហើយធនាគារមួយចំនួននឹងដាក់លក្ខខណ្ឌតម្រូវឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតសម្រាប់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រទេសដែលហែកហួរដោយវិបត្តិនយោបាយមួយនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានធនាគារកណ្ដាលរបស់ចិនទំនងជានឹងចុះចេញពីតំណែងនៅចំពេលមានការរុះរើគណៈរដ្ឋមន្ត្រី

ព័ត៌មាន
ប្រធានធនាគារកណ្តាលប្រទេសចិន លោក យី ហ្កាង (Yi Gang) ទំនងជានឹងចុះចេញពីតំណែងបន្ទាប់ពីលោកត្រូវបានទម្លាក់ចេញពីស្ថាប័នកំពូលនៃបក្សកុម្មុយនិស្ត…

តើលោកស៊ី ជីនពីង រុះរើក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗណាខ្លះ ដើម្បីបន្ដទៅកាន់អំណាចសម្រាប់អាណត្តិទី៣?

ព័ត៌មាន
ក្រោយធ្វើឡើងអស់ពេលជិតមួយសប្តាហ៍ មហាសន្និបាតលើកទី២០នៃគណបក្សកុម្មុយនិស្តចិនដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី១៦តុលាត្រូវបិទបញ្ចប់ហើយកាលពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ