មីយ៉ាន់ម៉ាស្នើសុំរុស្សី បង្កើតថាមពលនុយក្លេអ៊ែរ!

មីយ៉ាន់ម៉ា រិះរកជំនួយពីរុស្ស៊ី ដើម្បីជំរុញការបង្កើតថាមពលនុយក្លេអ៊ែរ


នៅមួយរយៈពេលចុងក្រោយនេះ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថា បាននិងកំពុងមានទំនាក់ទំនងកាន់តែស្អិតល្មួតឡើងជាមួយរុស្ស៊ី ដូចជាធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា រួមទាំងវិស័យថាមពលនុយក្លេអ៊ែរផងដែរ ដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានធ្វើឲ្យប្រទេសនៅអាស៊ីមួយនេះកាន់តែឯកោទៅៗពីពិភពលោក។
មីយ៉ាន់ម៉ា រិះរកជំនួយពីរុស្ស៊ី ដើម្បីជំរុញការបង្កើតថាមពលនុយក្លេអ៊ែរ

នាពេលថ្មីៗនេះ ក្នុងអំឡុងពេលធ្វើដំណើរទស្សនៈកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសរុស្ស៊ី មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍មីង អុង ឡាំង (Min Aung Hlaing) បានជួបជាមួយលោកអាលេចហ្សី លីចខាឆេវ (Alexey Likhachev) អគ្គនាយកក្រុមហ៊ុនរូសាតូម (Rosatom) ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់ទីក្រុងម៉ូស្គូ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nikkei Asia។

បើតាមសេចក្តីប្រកាសផ្លូការដោយក្រុមហ៊ុនថាមពលនុយក្លេអ៊ែររូសាតូម (Rosatom) បានថ្លែងថា៖ «កិច្ចប្រជុំជាមួយភាគីមីយ៉ាន់ម៉ា​មានផ្លែផ្កាល្អ ដោយក្រុមហ៊ុននេះ បានសម្រេចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីកិច្ចសហការ​លើការអភិវឌ្ឍ វិស័យថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

គួរជម្រាបថា រដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា លោកថូង ហាន (Thaung Han) ក៏បានជួបជាមួយលោក Likhachev កាលពីខែមិថុនកន្លងទៅដែរ ខណៈពេលដែលលោកបានមកបំពេញ​ដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីវិស័យអគ្គិសនីរបស់ប្រទេសមីយ៉ាន់ម៉ា ។

នៅឆ្នាំ ២០០៧ កន្លងទៅរុស្ស៊ីបានយល់ព្រម​សាងសង់ទីពិសោធន៍រ៉េអាក់ទ័នុយក្លេអ៊ែរខ្នាតតូចមួយនៅមីយ៉ាន់ដែរ ដែលកាលនោះប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតនៅក្រោមរដ្ឋាភិបាលយោធានៅ​ឡើយ។ ទោះជាយ៉ាងណា ការសាងសង់​មិនដែលទៅមុខទេ ដោយសារមានការជំទាស់​ពីសំណាក់​សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។

ចាប់តាំងពីពេលនោះមក ប្រទេសមីយ៉ាន់ម៉ាបានផ្តោតទៅលើការមិនរីកសាយភាយ​នុយក្លេអ៊ែរវិញ ដោយខ្លួនបានចុះហត្ថលេខាមួយ លើសន្ធិសញ្ញាហាមប្រាម​ការអភិវឌ្ឍនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៦ ដែលកាលនោះ ប្រទេសនេះ​ស្ថិតក្រោមរដ្ឋាភិបាល​ជាប់ឆ្នោត​ដែលដឹកនាំដោយគណបក្សម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអុង សាន ស៊ូជី (Aung San Suu Kyi)។

ការធ្វើដំណើរនាពេលថ្មីៗនេះ គឺជាលើកទី២ របស់លោក Min Aung Hlaing នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានកាន់កាប់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

ក្រៅពីជួបលោក Likhachev អគ្គនាយកក្រុមហ៊ុនថាមពលនុយក្លេអ៊ែររូសាតូម (Rosatom) លោក Min Aung Hlaing ក៏បានជួបជាមួយមន្ត្រីមួយចំនួនមកពីទីភ្នាក់ងារ​អវកាសរុស្ស៊ីរ៉ូសខូស្មូម (Roscosmos) ផងដែរ។ ហើយមេដឹកនាំរបបយោធារូបនេះ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា និងសមយុទ្ធផ្សេងៗនាពេលអនាគត​ជាមួយមន្ត្រីការពារជាតិរុស្ស៊ីថែមទៀតផង។

យ៉ាងណាក៏ដោយចុះ ខាងរដ្ឋាភិបាល​រុស្ស៊ីបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកមីន អោងឡាំង​នៅទីក្រុងម៉ូស្គូថ្មីៗនេះ គឺគ្រាន់តែជាដំណើរទស្សនកិច្ចលក្ខណៈឯកជនប៉ុណ្ណោះ មិនមែន​ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋឡើយ។

គួររំលឹកឡើងវិញថា នៅដើមខែមិថុនានេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅទស្សនៈកិច្ចនៅទីក្រុង Bagan នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយ។ ប៉ុន្តែលោក Wang បានចាកចេញពីប្រទេសនេះដោយមិនបាន​ជួបជាមួយ លោកMin Aung Hlaing នោះទេ៕




អត្ថបទបន្ទាប់


លោកពូទីន៖ តាំងពីដំបូងនៃសង្គ្រាម អ៊ុយក្រែនគ្មានបំណងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្សីទេ

ព័ត៌មាន
ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺអីរ៉ង់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅពីថ្ងៃពុធ ទី២០កក្ក…

ចិនព្រមាន «ចាត់វិធានការទាំងបង្ខំចិត្ត» លើអាមេរិក ប្រសិនបើប្រធានសភាអាមេរិកិធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

ព័ត៌មាន
រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមាន នៅថ្ងៃទី ១៩ ខែកក្កដាថា ខ្លួននឹងចាត់វិធានការទាំងបង្ខំចិត្តដើម្បីឆ្លើយតប ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិក ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ