សេដ្ឋកិច្ចនៅហ្គាហ្សា

ធនាគារពិភពលោកថា សេដ្ឋកិច្ចនៅហ្គាហ្សា ដាំក្បាលចុះដល់ទៅជាង៨០%ដោយសារការវាយប្រហារពីអ៊ីស្រាអែល


ធនាគារពិភពលោក ឬ World Bank បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា សេដ្ឋកិច្ចរបស់តំបន់ហ្គាហ្សា បានធ្លាក់ចុះខ្លាំងរហូតដល់ទៅជាង៨០% ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ដោយសារតែការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anews។
សេដ្ឋកិច្ចនៅហ្គាហ្សា
ដោយ

តាមរយៈរបាយការណ៍មួយ ធនាគារពិភពលោក ឬ World Bank បានអះអាងថា ការវាយប្រហារលើតំបន់ហ្គាហ្សា (Gaza) ដែលជាទឹកដីរបស់ពលរដ្ឋប៉ាឡេស្ទីន ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតយ៉ាងច្រើន និងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចប៉ាឡេស្ទីន។ ផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់នេះបានធ្លាក់ចុះពីប្រមាណ៦៧០លានដុល្លារ ក្នុងត្រីមាសទី៣ មកនៅត្រឹមប្រមាណ៩០លានដុល្លារ ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣។

ធនាគារពិភពលោកបានអះអាងថា សេដ្ឋកិច្ចប៉ាឡេស្ទីន បានជួបប្រទះវិបត្តិដ៏ធំបំផុតមួយដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចនាពេលថ្មីៗនេះចាប់តាំងពីផ្ទុះជម្លោះប្រដាប់អាវុធមក ខណៈសកម្មភាព​​សេដ្ឋកិច្ចស្ទើរតែទាំងអស់នៅតំបន់ហ្គាហ្សា ត្រូវបានជាប់គាំង។

របាយការណ៍ដដែលបានបន្ថែមថា តាមការរំពឹងទុកជម្លោះប្រដាប់អាវុធនេះ នឹងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងមកលើប្រជាជនទាំងនៅក្នុងប្រទេសអ៊ីស្រាអែល តំបន់ហ្គាហ្សា និងតំបន់វ៉េស​ប៊ែង (West Bank)។ ប្រជាជនប៉ាឡេស្ទីនប្រហែល១លាន៧សែននាក់ ដែលរស់នៅក្នុងតំបន់ហ្គាហ្សា ឬស្មើនឹងប្រមាណ៧៥%នៃចំនួនប្រជាជនសរុបនៅហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីតាំងផ្សេងៗក្នុងតំបន់នេះ ហើយប្រជាជនសរុបចំនួន២លាន៣សែននាក់ កំពុងទទួលរងការខ្វះខាតស្បៀងអាហារ ទឹកស្អាត អគ្គិសនី ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ហើយទំហំនៃការខូចខាត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ គឺពិតជាធំធេងណាស់។

យោងតាមអង្គការសហប្រជាជាតិ ឬ UN ឱ្យដឹងថា សង្គ្រាមអ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា បានរុញច្រានឱ្យប្រជាជន៨៥%ផ្លាស់ប្ដូរទីលំនៅខាងក្នុងតំបន់នេះ ចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល៦០%នៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ។

អ៊ីស្រាអែល ជាប់ចោទពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ សេចក្តីសម្រេចបណ្តោះអាសន្នមួយកាលពីខែមករា បានបញ្ជាឱ្យទីក្រុង តេល អាវីវ (Tel Aviv) បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការនានា ដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារលំនៅដ្ឋាននៅទូទាំងពិភពលោកកំពុងឈានដល់ចំណុចរបត់ ឬយ៉ាងណា?

ព័ត៌មាន
តម្លៃលំនៅដ្ឋានទូទាំងពិភពលោកបានធ្លាក់ចុះក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ប៉ុន្តែពេលនេះតម្លៃលំនៅដ្ឋានបានចាប់ផ្ដើមរើបឡើងវិញខ្លាំងគួរឱ្យក…

ការសិក្សាបង្ហាញថា ពលរដ្ឋអង់គ្លេសអាយុខ្ទង់២០ឆ្នាំអត់ការធ្វើច្រើនជាងមនុស្សអាយុខ្ទង់៤០ឆ្នាំ ដោយសារបញ្ហាជំងឺផ្លូវចិត្ត

ព័ត៌មាន
ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិភាគមួយបានរកឃើញថា មនុស្សដែលមានអាយុខ្ទង់២០ឆ្នាំទំនងជាអត់មានការធ្វើច្រើនជាងមនុស្សដែលមានអាយុខ្ទង់៤០ឆ្នាំដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ