«សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ»

រាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ»


«សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ» ត្រូវបានសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
រាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ»

បើតាម ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា គោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ដែលរាជរដ្ឋាភិបាលទើបសម្រេចអនុម័តទាំងស្រុងនេះ គឺដើម្បីកំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ-នាំចូល, ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា នៅពេលដែលកម្ពុជាមានច្បាប់ស្ដីពីវិធានដើមកំណើតទំនិញនេះ គឺជារឿងដែលល្អមែនទែន ដើម្បីអាចរក្សាប្រភពដើមទំនិញបានច្បាស់លាស់ ពោលគឺដូចជាផលិតផលកសិកម្ម ដែលកម្ពុជាបានខិតខំដើម្បីអាចចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញជាដើម។ ខណៈកន្លងមកមានការចោទប្រកាន់ថា មានការនាំទំនិញពីប្រទេសផ្សេង ដោយចម្លងតាមកម្ពុជា ដើម្បីនាំទៅកាន់បណ្តាប្រទេសដែលបានផ្តល់ការអនុគ្រោះពន្ធឱ្យកម្ពុជា។ ដូច្នេះដើម្បីជៀសវាងការចោទប្រកាន់នេះ កម្ពុជាត្រូវមានច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ ដើម្បីការពារផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ក៏ដូចការអនុគ្រោះពន្ធផ្សេងៗ ពីការធ្វើពាណិជ្ជកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីរក្សាគុណតម្លៃទំនិញដែលផលិតនៅកម្ពុជា ក៏ដូចជាផលិតផលដែលមានវត្ថុធាតុដើមនៅកម្ពុជាផងដែរ។

បើតាម​ការបញ្ជាក់ពី ឯកឧត្តម ផៃ ស៊ីផាន អត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ គឺកំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។ ទន្ទឹមនេះ នឹងផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញនេះ។ ព្រមទាំងជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕




អត្ថបទបន្ទាប់


គម្រោងជីកព្រែកភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់សម្រាប់នាវាចរណ៍ និងប្រព័ន្ធភស្ដុរភារកម្ម ត្រូវបានរាជរដ្ឋាភិបាលអនុម័ត

ព័ត៌មាន
របាយការណ៍ស្ដីពី«កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»ទទួលបានក…

កម្ពុជាបានត្រៀមថវិកាជាង១០០លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

ព័ត៌មាន
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ