ក្រុមហ៊ុនរថយន្ដតូយ៉ូតា បោះទុន៣៦លានដុល្លារ

ក្រុមហ៊ុនរថយន្ដតូយ៉ូតា បោះទុន៣៦លានដុល្លារបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដនៅកម្ពុជា


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប ភ្នំពេញ ដែលមានទុនវិនិយោគជាង៣៦លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋជាង១០០កន្លែង។ ថ្នាក់ដឹកក្រុមហ៊ុនរថយន្ដតូយ៉ូតានៅកម្ពុជាអះអាងថា កត្តាដែលជំរុញឲ្យក្រុមហ៊ុននេះ សម្រេចបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ដោយសារក្រុមហ៊ុនមើលឃើញការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមាននិន្នាការកើនឡើងកាន់តែច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុនរថយន្ដតូយ៉ូតា បោះទុន៣៦លានដុល្លារ

នៅមួយរយៈចុងក្រោយនេះ​ក្រុមហ៊ុននាំចូលរថយន្តថ្មីៗ ពីក្រៅប្រទេសមកលក់នៅកម្ពុជា​​មួយចំនួនបានងាកមកបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តដោយផ្ទាល់នៅកម្ពុជាកាន់តែច្រើន ដែលជាសញ្ញាណបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃឧស្សាហកម្មយានយន្ត ជាពិសេសលើតម្រូវការរថយន្តថ្មីតែម្តង។ ជាក់ស្តែងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co.,LTd បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅ​តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។ រោងចក្រ ដែលមានទំហំ​វិនិយោគជិត ៣៧លានដុល្លារអាមេរិកនេះ អាចផ្តល់ការងារប្រមាណ១៥០កន្លែង។

លោក កែវ វឌ្ឍនៈ នាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនតូយ៉ូតា ខេមបូឌាបានគូស​បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន​កំពុងរៀបចំនីតិវិធី និងឯកសារនានាពាក់ព័ន្ធ​ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានេះ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានទេថា រោងចក្រនេះនឹងចាប់ផ្តើមសាងសង់ និងបញ្ចប់នៅពេលណានិងអាចមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តបានប៉ុន្មានក្នុង១ឆ្នាំនោះទេ។ តែយ៉ាងណាលោករំពឹងថា រោងចក្រនេះនឹងអាចដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

លោក កែវ វឌ្ឍនៈ បានគូសបញ្ជាក់ថា កត្តាដែលជំរុញឲ្យក្រុមហ៊ុនសម្រេចបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅកម្ពុជា ក្រោយក្រុមហ៊ុនមើលឃើញពីសន្ទុះគាំទ្ររថយន្តម៉ាកតូយ៉ូតារបស់ប្រជាពលរដ្ឋមានការកើនឡើង គូបផ្សំការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ។ បើតាមការគូសបញ្ជាក់របស់លោក កែវ វឌ្ឍនៈ នៅឆ្នាំ២០២២ នេះទីផ្សាររថយន្តម៉ាកតូយ៉ូតាមានការរីកចម្រើនខ្លាំងបើធៀបនឹងឆ្នាំមុនៗ ដោយក្នុង១ខែក្រុមហ៊ុននេះអាចលក់រថយន្តបានចន្លោះពី៦០០ទៅ៨០០គ្រឿង។

សូមបញ្ជាក់ថា គម្រោង​រោងចក្រផ្គុំ និងដំឡើងរថយន្ដតូយ៉ូតានេះ មិនមែនជារោងចក្រផ្គុំ និងដំឡើងរថយន្ដលើកដំបូងនៅកម្ពុជានោះទេ កន្លងមក ក៏មានរោងចក្រ​ដំឡើងរថយន្ដ​ម៉ាកផ្សេងៗជាច្រើនទៀត​ ក៏បាន​បង្កើតឡើងផងដែរ។ ជាក់ស្ដែង កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia ទើបដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកFord នៅខេត្តពោធិសាត់ ដែលមានសមត្ថភាពដំឡើងរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ក្រៅពីក្រុមហ៊ុន Ford ក៏មាន​ក្រុមហ៊ុន GTV MOTOR CO., LTD. ក៏បាន​បោះទុន​ជាង​១៥លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្តថ្មីមួយនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយថ្មីៗនេះ ក្រុមហ៊ុន​ K (CAMBODIA) CO., LTD ក៏បានបោះទុន​ជាង​៧លានដុល្លារ​ បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអ៊ីស៊ូហ្ស៊ុ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងដែរ៕




អត្ថបទបន្ទាប់


អាមេរិកចេញមុខគាំទ្រស្រីលង្ការៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រីចេនេត យេលេន (Janet Yellen) បាននិយាយនៅក្នុងលិខិតមួយ ដែលត្រូវបានឃើញដោយទីភ្នាក់ងារសារព័ត៌…

IMF បង្កើនការព្យាករសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ចំពេលប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីកំពុងប្រឈមនឹងការថយចុះកំណើន

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញពីរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចចុងក្រោយមួយរបស់ខ្លួនអំពីប្រទេសវៀតណាម ដោយបានបង្កើនការព្យាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ