ការព្យាករសេដ្ឋកិច្ច

IMF បង្កើនការព្យាករសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ចំពេលប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីកំពុងប្រឈមនឹងការថយចុះកំណើន


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញពីរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចចុងក្រោយមួយរបស់ខ្លួនអំពីប្រទេសវៀតណាម ដោយបានបង្កើនការព្យាករពី៦% មកដល់ ៧%។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រទេសវៀតណាមគឺជាប្រទេសតែមួយគត់នៅអាស៊ី ធៀបនឹងប្រទេសសេដ្ឋកិច្ចធំៗជាច្រើនទៀតនៅតំបន់អាស៊ី ដែលត្រូវបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ច ដោយ IMF។ តើមានកត្តាអ្វីខ្លះ ជំរុញឲ្យអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ?
IMF បង្កើនការព្យាករសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ចំពេលប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីកំពុងប្រឈមនឹងការថយចុះកំណើន

​​​តាមអ្វីដែលត្រូវបានកត់សម្គាល់ដោយ​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ទស្សនវិស័យកំណើនសេដ្ឋកិច្ច​វៀតណាមហាក់មានភាពប្រសើរឡើងកាន់តែច្រើន នៅចំពេលដែល​កំណើន​នៅប្រទេស​ជាធំៗជាច្រើនទៀត​ក្នុងតំបន់​អាស៊ី​កំពុងមាននិន្នាការថមថយចុះ។ តួយ៉ាង សេដ្ឋកិច្ចប្រទេស​យក្សៗសេដ្ឋកិច្ច​នៅអាស៊ីដូចជា ប្រទេសចិន ត្រូវបាន IMF ទម្លាក់ការព្យាករកំណើន​អស់ ០,៧% សេដ្ឋកិច្ចជប៉ុនត្រូវបន្ទាបការព្យាករអស់ ០,៨% និង ឥណ្ឌាត្រូវបានបន្ថយការព្យាករកំណើន ១,១%។

ហេតុអ្វីក៏សេដ្ឋកិច្ចវៀតណាម​​នឹងមានការស្ទុះកើនឡើងខ្លាំងនៅឆ្នាំនេះ? បើតាម​ការវាយតម្លៃរបស់ IMF សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាង​កម្ពុជាមួយនេះ គឺមានការគោលនយោបាយគាំទ្រល្អ ដូចជា​ការបន្ទាប​អត្រាការប្រាក់ កំណើន​ឥណទាន​រឹងមាំ និងមានការគាំទ្រដោយ​កម្មវិធីស្ដារ និងអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាលជាដើម។ ជាមួយគ្នានេះ វៀតណាមក៏មានទិន្នផល​ក្នុងវិស័យផលិត​រឹងមាំ និងការងើបឡើងវិញនៃសកម្មភាពលក់រាយ និងវិស័យទេសចរណ៍ផងដែរ។ ទាំងអស់នេះ គឺសុទ្ធសឹងជា​កត្តាជួយរុញច្រាន​ឲ្យ​សេដ្ឋកិច្ច​វៀតណាម នឹងបន្ដកំណើនខ្ពស់ដល់ទៅ ៧% នៅឆ្នាំ២០២២។

របាយការណ៍ពី​ក្រសួងពាណិជ្ជកម្មវៀតណាម នៅឆមាសទី១នេះ វៀតណាម​សម្រេចទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ​សរុប​ជាង ​៣៧០ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញ​មាន ១៨៦ពាន់លានដុល្លារ​ កើនឡើង​ជាង​១៧% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ យ៉ាងណាមិញ នៅពេញមួយឆ្នាំ២០២២ វៀតណាម​រំពឹងថា ការនាំចេញ​នឹងកើនដល់​៣៦៨ពាន់លានដុល្លារ កើនជិត​១០% ធៀបនឹងឆ្នាំមុន។

ទោះយ៉ាងណា អតិផរណារបស់វៀតណាម នៅក្នុងរយៈពេល៨ខែ​ឆ្នាំ២០២២នេះ ក៏បានងើបឡើងខ្ពស់ជាងមុនដែរ ប៉ុន្ដែវានៅតែស្ថិត​នៅកម្រិត​ក្រោម ​៤% នៃគោលដៅ​ដែលបានកំណត់​ដោយ​ធនាគារកណ្ដាល​​របស់វៀតណាម​នៅឡើយទេ។

ទោះជាបែបនេះក្ដី IMF បានព្រមានថា អតិផរណា​អាចនឹង​បន្ដកើនឡើងថែមទៀត នៅពេលដែល​សកម្មភាពសេដ្ឋកិច្ច​ត្រឡប់មករក​កម្រិតពេញលេញធម្មតាឡើងវិញ។ ជាមួយគ្នានេះ បញ្ហា​តម្លៃដឹកជញ្ជូន ជីសិកម្ម និង​ចំណីសត្វ​​ឡើងថ្លៃខ្ពស់ ក៏ទំនងជា​នឹងរុញឲ្យតម្លៃ​ទំនិញ និងសេវាកម្ម​នៅវៀតណាម​កើនខ្ពស់ទៅតាមនោះដែរ។

លើសពីនេះទៀត ការកើនឡើងយឺត​នៃសេដ្ឋកិច្ច​របស់ប្រទេសជាដៃគូធំៗរបស់វៀតណាម​ដូចជា អាមេរិក ចិន និងសហភាពអឺរ៉ុប ក៏អាចនឹងកាត់បន្ថយ​តម្រូវការ​សម្រាប់​ការនាំចេញទំនិញ​របស់វៀតណាមផងដែរ។

ទន្ទឹមគ្នានេះ IMF បាន​គូសបញ្ជាក់ថា វៀតណាម ក៏ត្រូវប្រុងប្រយ័ត្ន​អំពីស្ថានភាពនៃការរឹតបន្ដឹង​ផ្នែកហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​សេដ្ឋកិច្ចធំៗក្នុងគោលដៅ​​កាត់បន្ថយអតិផរណា ក៏ដូចជា​​ភាពមិនច្បាស់លាស់​នៅក្នុង​ទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក រួមទាំង​កត្តាផ្សេងៗទៀត។

សូមបញ្ជាក់ថា កាលពីខែសីហា​កន្លងទៅនេះ ធនាគារពិភពលោក​​ក៏បាន​ព្យាករសេដ្ឋកិច្ចវៀតណាមថានឹងកើនដល់​ ៧,៥% នៅឆ្នាំ២០២២ កើនពីកំណើន ​២,៦% កាលពីឆ្នាំ២០២១ ខណៈអតិផរណា​របស់ប្រទេសនេះ នឹងមានជាមធ្យម​ ៣,៨% នៅពេញមួយឆ្នាំ២០២២នេះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនរថយន្ដតូយ៉ូតា បោះទុន៣៦លានដុល្លារបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដនៅកម្ពុជា

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅតំបន់…

CSX ឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ

ព័ត៌មាន
ផ្សារមូលបត្រកម្ពុជា(CSX)បានឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលកំពុងប្រតិបត្តិការរថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ